កណ្ដាល៖ អ្នកដាំបន្លែក្នុងស្រុកស្អាង ខេត្តកណ្តាលភាគច្រើនបានប្រើប្រាស់ថ្នាំពុលគីមីច្រើនលើសលប់ និងមិនត្រឹមត្រូវបច្ចេកទេសឡើយ លើដំណាំបន្លែប្រភេទស្លឹក។ ពួកគេបានបាញ់ថ្នាំពុលគីមី ២ទៅ៣ដងក្នុងមួយសប្តាហ៍ទៅលើដំណាំបន្លែរបស់ខ្លួនដើម្បីការពារ និងសម្លាប់ពពួកសត្វល្អិតចង្រៃ។ ក្រៅពីនេះ ក៏ប្រើសម្រាប់រក្សា ពន្លឿនដំណាំ និងបង្កើនទន្និផលដំណាំផងដែរ។
ក្នុងចំណោមផ្ទៃដីអនុផលសរុប ៣,១៧៤ហិកតា នៅស្រុកស្អាង ខេត្តកណ្តាល មានផ្ទៃដីជិត៣,០០០ហិកតា ដែលកសិករបានប្រើប្រាស់ថ្នាំពុលគីមីលើសលប់ និងមិនត្រូវតាមបច្ចេកទេស ។ ក្នុងនោះមានផ្ទៃដីជាង២៥០០ហិកតា ជាចម្ការបន្លែស្លឹក, ជិត២០០ហិកតា ជាចម្ការបន្លែប្រ ភេទផ្លែ និង៦០ហិកតា ជាចម្ការបន្លែប្រភេទមើម។ ក្រៅពីមានចម្ការបន្លែដែលប្រើប្រាសថ្នាំពុលច្រើនទាំងនេះ នៅស្រុកស្អាងក៏មានចម្ការបន្លែសុវត្ថិភាព២០ហិកតា និងមានចម្ការពោត សណ្តែកដី អំពៅ ផងដែរ។ លោក អ៊ុក សុគុណ ប្រធានការិយាល័យកសិកម្មស្រុកស្អាង ខេត្តកណ្តាលបានប្រាប់សារព័ត៌មានThmeyThmey នៅថ្ងៃទី២១មីនា ឆ្នាំ២០១៩។
លោក អ៊ុក សុគុណ បានបន្ថែមដូច្នេះថា៖«ចម្ការបន្លែក្នុងស្រុកស្អាងមានចំនួនប៉ុន្មាន អ្នកដាំស្ទើរ១០០ភាគរយ ប្រើប្រាស់ថ្នាំពុលគីមី។ អ្នកដាំទាំងនោះភាគច្រើនប្រើប្រាស់ថ្នាំពុលគីមីច្រើន ដោយគ្មានបច្ចេកទេសត្រឹមត្រូវ។ ពួកគេបាញ់ថ្នាំពុលសម្លាប់សត្វល្អិត២ទៅ៣ដងក្នុងមួយសប្តាហ៍ និងលាយថ្នាំពុលច្រើនមុខបញ្ជូលគ្នាសម្រាប់បាញ់លើបន្លែ»។
បើតាមការបញ្ជាក់របស់ប្រធានការិយាល័យកសិកម្មស្រុកស្អាងរូបនេះ កន្លងមកអាជ្ញាធរ និង មន្ត្រីមកពីមន្ទីរកសិកម្មថ្នាក់ស្រុក-ខេត្ត និងក្រសួង ក៏បានចុះមកបង្រៀនប្រជាកសិករដាំបន្លែឱ្យចេះប្រើប្រាស់ថ្នាំពុលគីមី ក្នុងកម្រិតណាមួយ ដើម្បីឱ្យបន្លែមានសុវត្ថិភាពដល់អ្នកផលិត និងអ្នកទទួលទាន និងបានបង្រៀនកសិករ ឱ្យធ្វើនិងចេះប្រើប្រាស់ថ្នាំពុលធម្មជាតិ ដើម្បីរក្សាពពួកសត្វល្អិតមានប្រយោជន៍នៅក្នុងដី និងដើម្បីជំនួសការថ្នាំពុលគីមីទៅលើដំណាំបន្លែទាំងនោះ។ លោកបានបន្តថា ក្រៅពីការបង្រៀនកសិករ ក៏មានមន្ត្រីជំនាញថ្នាំពុលគិមីកសិកម្ម ចុះបង្រៀនច្បាប់ និងរបៀបប្រើប្រាស់ដល់អ្នកលក់ថ្នាំពុលគីមីនៅតាមមូលដ្ឋានផងដែរ។
ប៉ុន្តែ តាមការអះអាងរបស់លោក សុគុណ បើទោះបីជាយើងខិតខំរកដៃគូ និងអង្គការជាច្រើនដែលធ្វើការលើដាំបន្លែសុវត្ថិភាព និងសរីរាង្គ ក្នុងវិស័យកសិកម្មច្រើនក៏ដោយ ក៏ប្រជាកសិករនៅតំបន់នេះ មិនសូវចាំអារម្មណ៍ និងខ្វល់ទៅលើការអនុវត្តន៍ក្នុងការដាំដុះបែបធម្មជាតិទេ។
«ពួកគេយល់ថា ការប្រើប្រាស់ថ្នាំពុលធម្មជាតិត្រូវការដើមទុនច្រើន ចំណាយពេលយូរក្នុងការទទួលបានទន្និផល និងបានបរិមាណតិច។ ដោយឡែកការប្រើប្រាស់ថ្នាំពុលគីមីវិញ គឺអាច ពន្លឿន រក្សាដំណាំបានល្អ និងបង្កើនទិន្នផលបានច្រើនផងដែរ»។ លោក អ៊ុក សុគុណ ថ្លែងទាំងមិនសប្បាយចិត្ត។
លោក អ៊ុក សុគុណ បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗ បន្លែ៤០ទៅ៥០តោន បានចេញពីចម្ការក្នុងស្រុកស្អាង ឆ្ពោះទៅទីផ្សារធំៗ ដូចជានៅផ្សារដើមគរ និងផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ។ ក្នុងមួយឆ្នាំៗបន្លែប្រភេទស្លឹកដាំំលើផ្ទៃដីមួយហិកតា អាចទទួលបានទិន្នផលជាង៧តោន ។
លោកស្រី លន់ ម៉ៅ ជាកសិករដាំបន្លែមួយរូបនៅភូមិប្រាយលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បានប្រើថ្នាំពុលគីមីសម្រាប់សម្លាប់សត្វល្អិតចង្រៃ សម្លាប់ដង្កូវ សម្លាប់ស្មៅ និងថ្នាំការពារបន្លែជាប្រចាំនៅចម្ការរបស់ខ្លួន។ បច្ចុប្បន្នកសិករវ័យ៧៥ឆ្នាំរូបនេះ កំពុងដាំបន្លែប្រភេទស្ពៃតឿ នៅលើផ្ទៃដីទទឹងជិត១៤ម៉ែត្រ និងបណ្តាយជាង១០០ម៉ែត្រ។
លោកស្រី លន់ ម៉ៅ ជាកសិករដាំបន្លែមួយរូបនៅភូមិប្រាយលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល
កសិករចំណាស់រូបនេះដែលបានចាប់ផ្តើមដាំបន្លែតាំងពីអាយុ២៦ឆ្នាំមកហើយនោះ អាចដាំបន្លែបាន៥ ទៅ៧ដងក្នុងមួយឆ្នាំៗ។ គាត់ដាំខាត់ណាឈើ ស្ពៃតឿ ស្ពៃខ្មៅ ស្ពៃក្តោប និងប្រភេទស្ពៃមួយចំនួនទៀត តាមរដូវកាល ហើយក៏បានប្រើប្រាស់ថ្នាំពុលគីមី ក៏បានប្រើទៅតាមហ្នឹងផងដែរ។
អ្នកស្រីបានពន្យល់ថា ការប្រើប្រាស់ថ្នាំពុលគីមី គឺប្រើទៅតាមប្រភេទបន្លែនីមួយៗ និងនៅតាមរដូវនីមួយផងដែរ។ «បន្លែខាត់ណាឈើ ជាប្រភេទបន្លែត្រូវការថ្នាំខ្លាំង ដើម្បីឱ្យវាលូតលាស់បានល្អ ហើយបើដាំប៉ះចំរដូវមានសត្វល្អិតចង្រៃច្រើនទៀត គឺអាចប្រើប្រាស់ថ្នាំពុលគីមីលាយចូលគ្នា២ ទៅ៣មុខ សម្រាប់បាញ់លើបន្លែនេះ និងបាញ់ថ្នាំលើបន្លែ២ដង ក្នុងមួយសប្តាហ៍ ដើម្បីសម្លាប់សត្វល្អិតចង្រៃ ការពារបន្លែឱ្យល្អសម្រាប់រក្សា និងបង្កើនទិន្នផលបន្លែក្នុងចម្ការ។ ដោយឡែកបន្លែមិនសូវពិបាកថែវិញ ដូចជាស្ពៃខ្មៅ និងស្ពៃដែលមានរសជាតិល្វីង ដែលសត្វល្អិតមិនសូវមករំខាននោះ យ៉ាងហោចណាស់ក៏ប្រើថ្នាំគីមី៣ទៅ៥ដងផងដែរ រហូតដល់ថ្ងៃប្រមូលផល»។ នេះបើតាមការអះអាងអ្នកស្រី លន់ ម៉ៅ បានប្រាប់សារព័ត៌មានThmeyThmey។
ដំណាំបន្លែនៅក្នុងឃុំស្រុកតែមួយ របស់លោក ចយ ទូច ក៏មានប្រើប្រាស់ថ្នាំពុលគីមីយ៉ាងច្រើនផងដែរ។ បើតាមកសិករដែលមានបទពិសោធន៍ដាំបន្លែជាង១០ឆ្នាំរូបនេះ បច្ចេកទេសនៃការដាំបន្លែរបស់លោក គឺបានប្រើប្រាស់ថ្នាំពុលគីមីប្រភេទថ្នាំសម្លាប់ដង្កូវ សមា្លប់សត្វល្អិត និងថ្នាំជំនួយជាដើម ដើម្បីឱ្យបន្លែល្អ។
កសិករ ចយ ទូច អ្នកដាំបន្លែនៅក្នុងស្អាង ខេត្តកណ្តាល
លោក ចយ ទូច បាននិយាយដូច្នេះ៖« បើថ្នាំពុលមួយប្រភេទប្រើទៅអត់មានប្រសិទ្ធក្នុងការសម្លាប់សត្វល្អិត និងដង្កូវទេ គឺខ្ញុំបានប្រើថ្នាំពុលជាមួយគ្នា ដែលនាំចូលពីវៀតណាមខ្លះ និងថៃ ដោយលាយច្រលប់ចូលគ្នា៣មុខ សម្រាប់បាញ់លើបន្លែ។ ថ្នាំពុលដែលខ្ញុំលាយចូលគ្នា មានថ្នាំសម្លាប់សត្វល្អិត ដង្កូវ(ទុយោទង) និងថ្នាំជំនួយ។ ការលាយនេះអាស្រ័យទៅលើយើងចង់បាញ់ថ្នាំខ្លាំង ឬខ្សោយលើបន្លែ ដើម្បីសម្លាប់សត្វដង្កូវនិងសត្វបំផ្លាញផ្សេងៗ»។
កសិករវ័យ៥២ឆ្នាំរូបនេះ បានអះអាងថា រដូវដែលប្រើប្រាស់ថ្នាំពុលគីមីខ្លាំងជាងគេ គឺរដូវប្រាំង ដែលអាចធ្វើឱ្យការប្រើប្រាស់ថ្នាំកើនឡើងទ្វេដង បើធៀបទៅរដូវវស្សា។ លោកបានបន្ថែមថា «២-៣ថ្ងៃខ្ញុំបាញ់ថ្នាំពុលម្តង ឬមួយសប្តាហ៍បាញ់ថ្នាំពុល៣ទៅ៤ដង ខ្ញុំបាញ់ឡើងធុញ» ។
តាមលោក ចយ ទូច ថ្នាំពុលដែលយកមកប្រើលើដំណាំរបស់លោក គឺគ្មានដាក់អក្សរជាភាសាខ្មែរសម្រាប់ប្រជាកសិករអាន និងធ្វើតាមរបៀបប្រើប្រាស់ ដែលបានបិទនៅសំបកដប និងកញ្ចប់ថ្នាំពុលទាំងនោះទេ។ វាមានសុទ្ធតែភាសាបរទេស ហើយភាគគឺជាភាសាវៀតណាមតែម្តង។ សម្រាប់រូប ចយ ទូច ផ្ទាល់ ថ្នាំពុលគីមីដែលបានប្រើប្រាស់កន្លងមក គឺមានច្រើនប្រភេទណាស់ លោកមិនដឹងជាថ្នាំពុលកម្រិតស្អីទេ ឱ្យតែអ្នកលក់ណែនាំថាល្អ និងខ្លាំងក្នុងសម្លាប់សត្វល្អិតចង្រៃ និងការពារបន្លែនោះ គឺទិញយកប្រើលើដំណាំរបស់លោកហើយ។
ការប្រើប្រាស់ថ្នាំពុលគីមីច្រើនមុខក្នុងពេលតែមួយ មិនត្រឹមត្រូវតាមបច្ចេកទេស គ្មានស្ដង់ដារ និងបាញ់ថ្នាំច្រើនដងក្នុងមួយសប្តាហ៍បែបនេះ អ្នកដែលប្រឈមគ្រោះថ្នាក់លឿនបំផុតមុខគេ គឺអ្នកបាញ់ថ្នាំក្នុងចម្ការតែម្តង ដោយសារអ្នកទាំងនោះបានប៉ះ ហិតផ្ទាល់នូវសារធាតុពុល ពិសេសក្នុងអំឡុងកំពុងបាញ់ថ្នាំតែម្តង។ នេះជាការលើកឡើងរបស់លោក ប៉ុក បញ្ញា សាស្ត្រាចារ្យផ្នែកកសិកម្មនៅសាកលវិទ្យាល័យខេត្តបាត់ដំបង អ្នកស្រាវជ្រាវថ្នាំពុលគីមីកសិកម្ម។ លោកបានបន្តថា ក្នុងអំឡុងពេលកំពុងបាញ់ថ្នាំពុល សារធាតុថ្នាំទាំងនឹងជ្រាបចូលក្នុងខ្លួនតាមរយៈរួនញើស និងស្បែកមនុស្ស ដែលធ្វើឱ្យខ្យល់គរ វិលមុខ ចុងពោះ រាគរូស និងក្អួត ភ្លាមៗ និងអាចបង្កជំងឺធ្ងន់ធ្ងរមួយចំនួនក្នុងរយៈវែង ផងដែរ។
អ្នកស្រាវជ្រាវថ្នាំពុលគីមីកសិកម្មរូបនេះ បាននិយាយថា មូលហេតុដែលធ្វើឱ្យកសិករមួយចំនួនបានប្រើប្រាស់ថ្នាំពុលគីមី២ទៅ៣ដងក្នុងមួយសប្តាហ៍។ នៅពេលដែលកសិករបាញ់ទៅលើបន្លែ គឺគ្មានប្រសិទ្ធភាពក្នុងការសម្លាប់សត្វល្អិតទាំងនោះបានទាំងស្រុង ដែលអាចមកពីចំនួនសត្វច្រើនពេក នាំឱ្យការបាញ់លើកទី១អត់ឃើញមានសត្វល្អិតងាប់ ក៏បានបន្តបាញ់២ទៅ៣បន្ថែមទៀត។ ម្យ៉ាងវិញទៀត អាចបណ្តាលមកពីកសិករមិនយល់ពីបញ្ហាដែលប្រឈមលើបន្លែទាំងនោះ ហើយយកព័ត៌មានមិនច្បាស់ទៅឱ្យអ្នកបច្ចេទេស ឬអ្នកលក់ នាំឱ្យអ្នកលក់ក៏បានផ្តល់នូវថ្នាំពុលមិនត្រូវនូវបញ្ហាដែលកំពុងជួបនេះ។
លោក ប៉ុក បញ្ញា បាននិយាយដូច្នេះ៖«ការបាញ់់ថ្នាំច្រើនដង និងគ្មានបច្ចេកទេសត្រឹមត្រូវនេះ ក្រៅពីប៉ះពាល់ទៅលើសុវត្ថិភាពសុខភាពផ្ទាល់ គឺប៉ះពាល់លើផ្នែកសេដ្ឋកិច្ចតែម្តង ដែលទាក់ទងទៅនឹងតម្លៃផលិតកម្ម។ នៅពេលយើងប្រើប្រាស់ថ្នាំគ្មានប្រសិទ្ធភាព ដែលបានថ្នាំច្រើនដងក្នុងមួយសប្តាហ៍ចឹង វាបានធ្វើឱ្យការចំណាយរបស់យើងកាន់តែកាន់ច្រើន។ ប៉ុន្តែធាតុពិត សត្វល្អិតចង្រៃទាំងអស់នោះមិនបានងាប់ទេ។ បញ្ហាសេដ្ឋកិច្ចមួយទៀត គឺការចំណាយទៅលើការព្យាបាល និងថ្នាំពេទ្យសម្រាប់សុខភាពដែលបានរងគ្រោះដោយសារថ្នាំពុលគីមី។
ប៉ុក បញ្ញា សាស្រ្តាចារ្យផ្នែកកសិកម្មនៅសាកលវិទ្យាល័យខេត្តបាត់ដំបង អ្នកស្រាវជ្រាវថ្នាំពុលគីមីកសិកម្ម
ហើយបញ្ហាផ្សេងទៀតនោះ វាអាចបំពុលកាន់តែខ្លាំងទៀតទៅលើផលិតផលដែលកសិករ ដោយមានជាតិពុលកាន់តែច្រើន និងធ្វើឱ្យអ្នកហូបក៏ជួបបញ្ហាសុខភាពផងដែរ»។
លោកបានបញ្ជាក់ថា ការប្រើប្រាស់ថ្នាំពុលបែបនេះ ក៏បានបំផ្លាញសត្វល្អិតមានប្រយោជន៍ក្នុងដី ដែលធ្វើឱ្យដីបាត់បង់គុណភាពក្នុងរយៈពេលនៅពេលខាងមុខ ដោយសារតែកាកសំណល់ ឬសារធាតុថ្នាំពុលគីមីនេះច្រើន និងកើតឡើងមានបញ្ហាច្រើនផ្សេងទៀត នៅក្នុងរយៈពេលវែង។
បើតាមបច្ចេកទេសក្នុងវិស័យកសិកម្មវិញ ដើម្បីគេចពីការប្រើប្រាស់ថ្នាំពុលគីមី កសិករត្រូវសិក្សាលើដំណាំរបស់ខ្លួនថាមានកត្តាចង្រៃអ្វីខ្លះ ដូចជាមានជំងឺ និងសត្វល្អិតជាដើម ដូច្នេះកសិករត្រូវដឹងថាពពួកសត្វចង្រៃ ជាប្រភេទសត្វអ្វី បន្ទាប់មកទៀតត្រូវ ពីចំនួនបរិមាណនៃសត្វទាំងនោះនៅក្នុងចម្ការ។ ប្រសិនសត្វចង្រៃនោះមានចំនួនតិចតួច គេអាចចាត់វិធានដើរបេះឬចាប់ដោយដៃផ្ទាល់ដោយមិនបាច់ប្រើថ្នាំពុលទេ។ ប៉ុន្តែបើសត្វទាំងនោះមានចំនួនច្រើនដោយកសិករមិនអាចគ្រប់គ្រងបាន នោះកសិករអាចគិតទៅលើការបាញ់ថ្នាំ។ លោក ប៊ុក បញ្ញា បានបន្តថា ការបាញ់ថ្នាំនេះ គឺគិតទៅការប្រើប្រាស់ថ្នាំធម្មជាតិ ដែលធ្វើឡើងពីម្ទេស ស្តៅ និងរុក្ខជាតិ ផ្សេងៗទៀតដែលមានសារជាតិល្វីង ជូរ និងហិល ជាដើម។ ដោយឡែក ការប្រើប្រាស់ថ្នាំពុលគីមីនោះ គឺជាជម្រើសចុងក្រោយសម្រាប់ប្រជាកសិករប្រើលើដំណាំរបស់ខ្លួន ហើយការប្រើថ្នាំពុលគីមីនេះ គឺត្រូវដឹងច្បាស់ពីបញ្ហាដែលបន្លែកំពុងជួបប្រទះទៅទៀត។
ជាមួយគ្នានេះ អ្នកស្រាវជ្រាវថ្នាំពុលគីមីរូបនេះ បានបញ្ជាក់ថាកសិករដែលប្រើប្រាស់ថ្នាំពុលគីមីលើដំណាំលើខ្លួន ត្រូវចំណាយពេលយ៉ាងហោចណាស់ក៏២សប្តាហ៍ដែរ ក្នុងការបាញ់ថ្នាំពុលម្តង ដើម្បីអាចធានាបានថាបន្លែទាំងនោះមានសុវត្ថិភាពដល់អ្នកបរិភោគ មិនមែនបាញ់២ឬ៣ដងក្នុងមួយសប្តាហ៍ដូច្នេះទេ៕