ជាតិ
សេដ្ឋកិច្ច
អ្នក​ដាំ​បន្លែ​ជាច្រើន​ក្នុងស្រុក​ស្អាង ប្រើ​ថ្នាំពុល​គីមី​ខ្លាំង និង​មិនត្រូវ​បច្ចេកទេស​
24, Mar 2019 , 10:43 am        
រូបភាព
កណ្ដាល​៖ អ្នក​ដាំ​បន្លែ​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល​ភាគច្រើន​បាន​ប្រើប្រាស់​ថ្នាំពុល​គីមី​ច្រើន​លើសលប់ និង​មិន​ត្រឹមត្រូវ​បច្ចេកទេស​ឡើយ លើ​ដំណាំ​បន្លែ​ប្រភេទ​ស្លឹក​។ ពួកគេ​បាន​បាញ់ថ្នាំ​ពុល​គីមី ២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​ទៅលើ​ដំណាំ​បន្លែ​របស់ខ្លួន​ដើម្បី​ការពារ និង​សម្លាប់​ពពួកសត្វ​ល្អិត​ចង្រៃ​។ ក្រៅពីនេះ ក៏​ប្រើ​សម្រាប់​រក្សា ព​ន្លឿ​ន​ដំណាំ និង​បង្កើន​ទ​ន្និ​ផលដំណាំ​ផងដែរ​។

 
​ក្នុងចំណោម​ផ្ទៃដី​អនុផល​សរុប ៣,១៧៤​ហិកតា នៅ​ស្រុក​ស្អាង ខេត្តកណ្តាល មាន​ផ្ទៃដី​ជិត​៣,០០០​ហិកតា ដែល​កសិករ​បាន​ប្រើប្រាស់​ថ្នាំពុល​គីមី​លើសលប់ និង​មិនត្រូវ​តាម​បច្ចេកទេស ។  ក្នុងនោះ​មាន​ផ្ទៃដី​ជាង​២៥០០​ហិកតា ជា​ចម្ការ​បន្លែ​ស្លឹក​, ជិត​២០០​ហិកតា ជា​ចម្ការ​បន្លែ​ប្រ ភេទ​ផ្លែ និង​៦០​ហិកតា ជា​ចម្ការ​បន្លែ​ប្រភេទ​មើម​។ ក្រៅពី​មាន​ចម្ការ​បន្លែ​ដែល​ប្រើប្រាស​ថ្នាំពុល​ច្រើន​ទាំងនេះ នៅ​ស្រុក​ស្អាង​ក៏មាន​ចម្ការ​បន្លែ​សុវត្ថិភាព​២០​ហិកតា និង​មាន​ចម្ការពោត សណ្តែកដី អំពៅ ផងដែរ​។ លោក អ៊ុក សុ​គុណ   ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​ស្អាង ខេត្តកណ្តាល​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey នៅ​ថ្ងៃទី​២១​មីនា ឆ្នាំ​២០១៩​។ 


 
​លោក អ៊ុក សុ​គុណ បាន​បន្ថែម​ដូច្នេះ​ថា​៖«​ចម្ការ​បន្លែ​ក្នុងស្រុក​ស្អាង​មាន​ចំនួន​ប៉ុន្មាន អ្នក​ដាំ​ស្ទើរ​១០០​ភាគរយ ប្រើប្រាស់​ថ្នាំពុល​គីមី​។ អ្នក​ដាំ​ទាំងនោះ​ភាគច្រើន​ប្រើប្រាស់​ថ្នាំពុល​គីមី​ច្រើន ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​។ ពួកគេ​បាញ់​ថ្នាំពុល​សម្លាប់​សត្វល្អិត​២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍ និង​លាយ​ថ្នាំពុល​ច្រើន​មុខ​ប​ញ្ជូ​ល​គ្នា​សម្រាប់​បាញ់​លើ​បន្លែ​»​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ស្អាង​រូបនេះ កន្លងមក​អាជ្ញាធរ និង មន្ត្រី​មកពី​មន្ទីរ​កសិកម្ម​ថ្នាក់ស្រុក​-​ខេត្ត និង​ក្រសួង ក៏បាន​ចុះមក​បង្រៀន​ប្រជាកសិករ​ដាំ​បន្លែ​ឱ្យ​ចេះ​ប្រើប្រាស់​ថ្នាំពុល​គីមី ក្នុង​កម្រិត​ណាមួយ ដើម្បីឱ្យ​បន្លែ​មាន​សុវត្ថិភាព​ដល់​អ្នក​ផលិត និង​អ្នក​ទទួលទាន និង​បាន​បង្រៀន​កសិករ ឱ្យធ្វើ​និង​ចេះ​ប្រើប្រាស់​ថ្នាំពុល​ធម្មជាតិ ដើម្បី​រក្សា​ពពួកសត្វ​ល្អិត​មាន​ប្រយោជន៍​នៅក្នុង​ដី និង​ដើម្បី​ជំនួស​ការ​ថ្នាំពុល​គីមី​ទៅលើ​ដំណាំ​បន្លែ​ទាំងនោះ​។ លោក​បាន​បន្តថា ក្រៅពី​ការបង្រៀន​កសិករ ក៏មាន​មន្ត្រី​ជំនាញ​ថ្នាំពុល​គិ​មី​កសិកម្ម ចុះ​បង្រៀនច្បាប់ និង​របៀប​ប្រើប្រាស់​ដល់​អ្នកលក់​ថ្នាំពុល​គីមី​នៅតាម​មូលដ្ឋាន​ផងដែរ​។​
 
​ប៉ុន្តែ តាម​ការអះអាង​របស់​លោក សុ​គុណ បើទោះបីជា​យើង​ខិតខំ​រក​ដៃគូ និង​អង្គការ​ជាច្រើន​ដែល​ធ្វើការ​លើ​ដាំ​បន្លែ​សុវត្ថិភាព និង​សរីរាង្គ ក្នុង​វិស័យ​កសិកម្ម​ច្រើន​ក៏ដោយ ក៏​ប្រជាកសិករ​នៅ​តំបន់​នេះ មិនសូវ​ចាំ​អារម្មណ៍ និង​ខ្វល់​ទៅលើ​ការអនុវត្តន៍​ក្នុង​ការដាំដុះ​បែប​ធម្មជាតិ​ទេ​។​
 
«​ពួកគេ​យល់ថា ការប្រើប្រាស់​ថ្នាំពុល​ធម្មជាតិ​ត្រូវការ​ដើមទុន​ច្រើន ចំណាយពេល​យូរ​ក្នុងការ​ទទួលបាន​ទ​ន្និ​ផល និង​បាន​បរិមាណ​តិច​។ ដោយឡែក​ការប្រើប្រាស់​ថ្នាំពុល​គីមី​វិញ គឺអាច   ព​ន្លឿ​ន រក្សា​ដំណាំ​បានល្អ និង​បង្កើន​ទិន្នផល​បាន​ច្រើន​ផងដែរ​»​។ លោក អ៊ុក សុ​គុណ ថ្លែង​ទាំង​មិន​សប្បាយចិត្ត​។​
 
​លោក អ៊ុក សុ​គុណ បាន​បញ្ជាក់ថា ក្នុង​មួយថ្ងៃៗ បន្លែ​៤០​ទៅ​៥០​តោន បាន​ចេញពី​ចម្ការ​ក្នុងស្រុក​ស្អាង ឆ្ពោះទៅ​ទីផ្សារ​ធំៗ ដូចជា​នៅ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​មួយឆ្នាំៗ​បន្លែ​ប្រភេទ​ស្លឹក​ដាំំ​លើ​ផ្ទៃដី​មួយ​ហិកតា អាច​ទទួលបាន​ទិន្នផល​ជាង​៧​តោន ។ 
 
​លោកស្រី លន់ ម៉ៅ ជា​កសិករ​ដាំ​បន្លែ​មួយរូប​នៅ​ភូមិ​ប្រាយ​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល បាន​ប្រើ​ថ្នាំពុល​គីមី​សម្រាប់​សម្លាប់​សត្វល្អិត​ចង្រៃ សម្លាប់​ដង្កូវ សម្លាប់​ស្មៅ និង​ថ្នាំ​ការពារ​បន្លែ​ជាប្រចាំ​នៅ​ចម្ការ​របស់ខ្លួន​។  បច្ចុប្បន្ន​កសិករ​វ័យ​៧៥​ឆ្នាំ​រូបនេះ កំពុង​ដាំ​បន្លែ​ប្រភេទ​ស្ពៃ​តឿ នៅលើ​ផ្ទៃដី​ទទឹង​ជិត​១៤​ម៉ែត្រ និង​បណ្តា​យ​ជាង​១០០​ម៉ែត្រ​។​


លោកស្រី លន់ ម៉ៅ ជាកសិករដាំបន្លែមួយរូបនៅភូមិប្រាយលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល
 
​កសិករ​ចំណាស់​រូបនេះ​ដែល​បានចាប់ផ្តើម​ដាំ​បន្លែ​តាំងពី​អាយុ​២៦​ឆ្នាំ​មកហើយ​នោះ អាច​ដាំ​បន្លែ​បាន​៥ ទៅ​៧​ដង​ក្នុង​មួយឆ្នាំៗ​។ គាត់​ដាំ​ខាត់ណា​ឈើ ស្ពៃ​តឿ ស្ពៃ​ខ្មៅ ស្ពៃក្តោប និង​ប្រភេទ​ស្ពៃ​មួយចំនួនទៀត តាម​រដូវ​កាល ហើយ​ក៏បាន​ប្រើប្រាស់​ថ្នាំពុល​គីមី ក៏បាន​ប្រើ​ទៅតាម​ហ្នឹង​ផងដែរ​។ 
 
​អ្នកស្រី​បាន​ពន្យល់ថា ការប្រើប្រាស់​ថ្នាំពុល​គីមី គឺ​ប្រើ​ទៅតាម​ប្រភេទ​បន្លែ​នីមួយៗ និង​នៅតាម​រដូវ​នីមួយ​ផងដែរ​។ «​បន្លែ​ខាត់ណា​ឈើ ជា​ប្រភេទ​បន្លែ​ត្រូវការ​ថ្នាំខ្លាំង ដើម្បីឱ្យ​វា​លូតលាស់​បានល្អ ហើយ​បើ​ដាំ​ប៉ះចំ​រដូវ​មាន​សត្វល្អិត​ចង្រៃ​ច្រើន​ទៀត គឺអាច​ប្រើប្រាស់​ថ្នាំពុល​គីមី​លាយ​ចូលគ្នា​២ ទៅ​៣​មុខ សម្រាប់​បាញ់​លើ​បន្លែ​នេះ  និង​បាញ់ថ្នាំ​លើ​បន្លែ​២​ដង ក្នុង​មួយ​សប្តាហ៍ ដើម្បី​សម្លាប់​សត្វល្អិត​ចង្រៃ ការពារ​បន្លែ​ឱ្យ​ល្អ​សម្រាប់​រក្សា និង​បង្កើន​ទិន្នផល​បន្លែ​ក្នុង​ចម្ការ​។ ដោយឡែក​បន្លែ​មិនសូវ​ពិបាក​ថែ​វិញ ដូចជា​ស្ពៃ​ខ្មៅ និង​ស្ពៃ​ដែលមាន​រសជាតិ​ល្វីង ដែល​សត្វល្អិត​មិនសូវ​មក​រំខាន​នោះ យ៉ាងហោចណាស់​ក៏​ប្រើ​ថ្នាំ​គីមី​៣​ទៅ​៥​ដង​ផងដែរ រហូតដល់​ថ្ងៃ​ប្រមូល​ផល​»​។ នេះ​បើតាម​ការអះអាង​អ្នកស្រី លន់ ម៉ៅ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey​។ 
 
​ដំណាំ​បន្លែ​នៅក្នុង​ឃុំ​ស្រុក​តែមួយ របស់លោក ច​យ ទូច ក៏មាន​ប្រើប្រាស់​ថ្នាំពុល​គីមី​យ៉ាងច្រើន​ផងដែរ​។ បើតាម​កសិករ​ដែលមាន​បទពិសោធន៍​ដាំ​បន្លែ​ជាង​១០​ឆ្នាំ​រូបនេះ បច្ចេកទេស​នៃ​ការដាំ​បន្លែ​របស់លោក គឺ​បាន​ប្រើប្រាស់​ថ្នាំពុល​គីមី​ប្រភេទ​ថ្នាំ​សម្លាប់​ដង្កូវ ស​មា្ល​ប់​សត្វល្អិត និង​ថ្នាំ​ជំនួយ​ជាដើម ដើម្បីឱ្យ​បន្លែ​ល្អ​។​


កសិករ ចយ ទូច អ្នកដាំបន្លែនៅក្នុងស្អាង ខេត្តកណ្តាល
 
​លោក ច​យ ទូច បាន​និយាយ​ដូច្នេះ​៖« បើ​ថ្នាំពុល​មួយ​ប្រភេទ​ប្រើ​ទៅ​អត់​មាន​ប្រសិទ្ធ​ក្នុងការ​សម្លាប់​សត្វល្អិត និង​ដង្កូវ​ទេ គឺ​ខ្ញុំ​បាន​ប្រើ​ថ្នាំពុល​ជាមួយគ្នា ដែល​នាំចូល​ពី​វៀតណាម​ខ្លះ និង​ថៃ ដោយ​លាយ​ច្រ​លប់​ចូលគ្នា​៣​មុខ សម្រាប់​បាញ់​លើ​បន្លែ​។ ថ្នាំពុល​ដែល​ខ្ញុំ​លាយ​ចូលគ្នា មាន​ថ្នាំ​សម្លាប់​សត្វល្អិត ដង្កូវ​(​ទុយោ​ទង​) និង​ថ្នាំ​ជំនួយ​។ ការ​លាយ​នេះ​អាស្រ័យទៅលើ​យើង​ចង់​បាញ់​ថ្នាំខ្លាំង ឬ​ខ្សោយ​លើ​បន្លែ ដើម្បី​សម្លាប់សត្វ​ដង្កូវ​និង​សត្វ​បំផ្លាញ​ផ្សេងៗ​»​។ 
 
​កសិករ​វ័យ​៥២​ឆ្នាំ​រូបនេះ បាន​អះអាងថា រដូវ​ដែល​ប្រើប្រាស់​ថ្នាំពុល​គីមី​ខ្លាំងជាងគេ គឺ​រដូវប្រាំង ដែល​អាចធ្វើឱ្យ​ការប្រើប្រាស់​ថ្នាំ​កើនឡើង​ទ្វេដង បើ​ធៀប​ទៅ​រដូវវស្សា​។ លោក​បាន​បន្ថែមថា «២-៣​ថ្ងៃ​ខ្ញុំ​បាញ់ថ្នាំ​ពុល​ម្តង ឬមួយ​សប្តាហ៍​បាញ់​ថ្នាំពុល​៣​ទៅ​៤​ដង ខ្ញុំ​បាញ់​ឡើង​ធុញ​» ។​
 
​តាម​លោក ច​យ ទូច ថ្នាំពុល​ដែល​យកមកប្រើ​លើ​ដំណាំ​របស់លោក គឺ​គ្មាន​ដាក់​អក្សរ​ជា​ភាសា​ខ្មែរ​សម្រាប់​ប្រជាកសិករ​អាន និង​ធ្វើ​តាមរបៀប​ប្រើប្រាស់ ដែល​បាន​បិទ​នៅ​សំបក​ដប និង​កញ្ចប់​ថ្នាំពុល​ទាំង​នោះទេ​។ វា​មាន​សុទ្ធតែ​ភាសាបរទេស ហើយ​ភាគ​គឺជា​ភាសា​វៀតណាម​តែម្តង​។ សម្រាប់​រូប ច​យ ទូច ផ្ទាល់ ថ្នាំពុល​គីមី​ដែល​បាន​ប្រើប្រាស់​កន្លងមក គឺមាន​ច្រើន​ប្រភេទ​ណាស់ លោក​មិនដឹង​ជា​ថ្នាំពុល​កម្រិត​ស្អី​ទេ ឱ្យតែ​អ្នកលក់​ណែនាំ​ថា​ល្អ និង​ខ្លាំង​ក្នុង​សម្លាប់​សត្វល្អិត​ចង្រៃ និង​ការពារ​បន្លែ​នោះ គឺ​ទិញយក​ប្រើ​លើ​ដំណាំ​របស់លោក​ហើយ​។​


 
​ការប្រើប្រាស់​ថ្នាំពុល​គីមី​ច្រើន​មុខ​ក្នុងពេល​តែមួយ មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស គ្មាន​ស្ដង់ដារ និង​បាញ់ថ្នាំ​ច្រើនដង​ក្នុង​មួយ​សប្តាហ៍​បែបនេះ អ្នក​ដែល​ប្រឈម​គ្រោះថ្នាក់​លឿន​បំផុត​មុខ​គេ គឺ​អ្នក​បាញ់ថ្នាំ​ក្នុង​ចម្ការ​តែម្តង ដោយសារ​អ្នក​ទាំង​នោះបាន​ប៉ះ ហិត​ផ្ទាល់​នូវ​សារធាតុពុល ពិសេស​ក្នុងអំឡុង​កំពុង​បាញ់ថ្នាំ​តែម្តង​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ុក បញ្ញា សាស្ត្រាចារ្យ​ផ្នែក​កសិកម្ម​នៅ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង អ្នកស្រាវជ្រាវ​ថ្នាំពុល​គីមីកសិកម្ម​។ លោក​បាន​បន្តថា ក្នុងអំឡុងពេល​កំពុង​បាញ់​ថ្នាំពុល សារធាតុ​ថ្នាំ​ទាំង​នឹង​ជ្រាបចូល​ក្នុង​ខ្លួន​តាមរយៈ​រួន​ញើស និង​ស្បែក​មនុស្ស ដែល​ធ្វើឱ្យ​ខ្យល់គរ វិលមុខ ចុង​ពោះ រាគរូស និង​ក្អួត ភ្លាមៗ និង​អាច​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​មួយចំនួន​ក្នុង​រយៈ​វែង ផងដែរ​។​
 
​អ្នកស្រាវជ្រាវ​ថ្នាំពុល​គីមីកសិកម្ម​រូបនេះ បាន​និយាយថា មូល​ហេតុដែល​ធ្វើឱ្យ​កសិករ​មួយចំនួន​បាន​ប្រើប្រាស់​ថ្នាំពុល​គីមី​២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​។ នៅពេលដែល​កសិករ​បា​ញ់​ទៅលើ​បន្លែ គឺ​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​សត្វល្អិត​ទាំង​នោះបាន​ទាំងស្រុង ដែល​អាចមកពី​ចំនួន​សត្វ​ច្រើនពេក នាំឱ្យ​ការបាញ់​លើក​ទី​១​អត់​ឃើញ​មាន​សត្វល្អិតងាប់​ ក៏បាន​បន្ត​បាញ់​២​ទៅ​៣​បន្ថែមទៀត​។ ម្យ៉ាងវិញទៀត អាច​បណ្តាលមកពី​កសិករ​មិន​យល់​ពី​បញ្ហា​ដែល​ប្រឈម​លើ​បន្លែ​ទាំងនោះ ហើយ​យក​ព័ត៌មាន​មិន​ច្បាស់​ទៅឱ្យ​អ្នក​ប​ច្ចេ​ទេស ឬ​អ្នកលក់  នាំឱ្យ​អ្នកលក់​ក៏បានផ្តល់​នូវ​ថ្នាំពុល​មិនត្រូវ​នូវ​បញ្ហា​ដែល​កំពុង​ជួប​នេះ​។​
 
​លោក ប៉ុក បញ្ញា បាន​និយាយ​ដូច្នេះ​៖«​ការបាញ់់​ថ្នាំ​ច្រើនដង និង​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​នេះ ក្រៅពី​ប៉ះពាល់​ទៅលើ​សុវត្ថិភាព​សុខភាព​ផ្ទាល់ គឺ​ប៉ះពាល់​លើ​ផ្នែក​សេដ្ឋកិច្ច​តែម្តង ដែល​ទាក់ទង​ទៅនឹង​តម្លៃ​ផលិតកម្ម​។ នៅពេល​យើង​ប្រើប្រាស់​ថ្នាំ​គ្មាន​ប្រសិទ្ធភាព ដែល​បាន​ថ្នាំ​ច្រើនដង​ក្នុង​មួយ​សប្តាហ៍​ចឹ​ង វា​បានធ្វើឱ្យ​ការចំណាយ​របស់​យើង​កាន់តែ​កាន់​ច្រើន​។ ប៉ុន្តែ​ធាតុពិត សត្វល្អិត​ចង្រៃ​ទាំងអស់នោះ​មិនបាន​ងាប់​ទេ​។ បញ្ហា​សេដ្ឋកិច្ច​មួយទៀត គឺ​ការចំណាយ​ទៅលើ​ការព្យាបាល និង​ថ្នាំពេទ្យ​សម្រាប់​សុខភាព​ដែល​បាន​រងគ្រោះ​ដោយសារ​ថ្នាំពុល​គីមី​។ 


ប៉ុក បញ្ញា សាស្រ្តាចារ្យផ្នែកកសិកម្មនៅសាកលវិទ្យាល័យខេត្តបាត់ដំបង អ្នកស្រាវជ្រាវថ្នាំពុលគីមីកសិកម្ម

ហើយ​បញ្ហា​ផ្សេងទៀត​នោះ វា​អាច​បំពុល​កាន់តែខ្លាំង​ទៀត​ទៅលើ​ផលិតផល​ដែល​កសិករ​ ដោយមាន​ជាតិពុល​កាន់តែច្រើន និង​ធ្វើឱ្យ​អ្នក​ហូប​ក៏​ជួប​បញ្ហា​សុខភាព​ផងដែរ​»​។​
 
​លោក​បាន​បញ្ជាក់ថា  ការប្រើប្រាស់​ថ្នាំពុល​បែបនេះ ក៏បាន​បំផ្លាញ​សត្វល្អិត​មាន​ប្រយោជន៍​ក្នុង​ដី ដែល​ធ្វើឱ្យ​ដី​បាត់បង់​គុណភាព​ក្នុង​រយៈពេល​នៅពេល​ខាងមុខ ដោយសារតែ​កាកសំណល់ ឬ​សារធាតុ​ថ្នាំពុល​គីមី​នេះ​ច្រើន និង​កើតឡើង​មាន​បញ្ហា​ច្រើន​ផ្សេងទៀត នៅក្នុង​រយៈពេល​វែង​។ 
 
​បើតាម​បច្ចេកទេស​ក្នុង​វិស័យ​កសិកម្ម​វិញ ដើម្បី​គេច​ពី​ការប្រើប្រាស់​ថ្នាំពុល​គីមី កសិករ​ត្រូវ​សិក្សា​លើ​ដំណាំ​របស់ខ្លួន​ថា​មាន​កត្តាចង្រៃ​អ្វីខ្លះ ដូចជា​មាន​ជំងឺ និង​សត្វល្អិត​ជាដើម ដូច្នេះ​កសិករ​ត្រូវ​ដឹងថា​ពពួកសត្វ​ចង្រៃ ជា​ប្រភេទ​សត្វ​អ្វី បន្ទាប់មកទៀត​ត្រូវ ពី​ចំនួន​បរិ​មាណនៃ​សត្វ​ទាំងនោះ​នៅក្នុង​ចម្ការ​។ ប្រសិន​សត្វ​ចង្រៃ​នោះ​មាន​ចំនួន​តិចតួច គេ​អាច​ចាត់​វិធាន​ដើរ​បេះ​ឬ​ចាប់​ដោយ​ដៃ​ផ្ទាល់​ដោយ​មិនបាច់​ប្រើ​ថ្នាំពុល​ទេ​។ ប៉ុន្តែ​បើ​សត្វ​ទាំងនោះ​មាន​ចំនួន​ច្រើន​ដោយ​កសិករ​មិនអាច​គ្រប់គ្រង​បាន នោះ​កសិករ​អាច​គិត​ទៅលើ​ការបាញ់​ថ្នាំ​។ លោក ប៊ុ​ក បញ្ញា បាន​បន្តថា ការបាញ់​ថ្នាំ​នេះ គឺ​គិត​ទៅ​ការប្រើប្រាស់​ថ្នាំ​ធម្មជាតិ ដែល​ធ្វើឡើង​ពី​ម្ទេស ស្តៅ និង​រុក្ខជាតិ ផ្សេងៗ​ទៀត​ដែលមាន​សារជាតិ​ល្វីង ជូរ និង​ហិល ជាដើម​។ ដោយឡែក ការប្រើប្រាស់​ថ្នាំពុល​គីមី​នោះ គឺជា​ជម្រើស​ចុងក្រោយ​សម្រាប់​ប្រជាកសិករ​ប្រើ​លើ​ដំណាំ​របស់ខ្លួន ហើយ​ការប្រើ​ថ្នាំពុល​គីមី​នេះ គឺ​ត្រូវ​ដឹង​ច្បាស់​ពី​បញ្ហា​ដែល​បន្លែ​កំពុង​ជួបប្រទះ​ទៅទៀត​។ 
 
​ជាមួយគ្នានេះ អ្នកស្រាវជ្រាវ​ថ្នាំពុល​គីមី​រូបនេះ បាន​បញ្ជាក់ថា​កសិករ​ដែល​ប្រើប្រាស់​ថ្នាំពុល​គីមី​លើ​ដំណាំ​លើ​ខ្លួន ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​ក៏​២​សប្តាហ៍​ដែរ ក្នុង​ការបាញ់​ថ្នាំពុល​ម្តង ដើម្បី​អាច​ធានាបាន​ថា​បន្លែ​ទាំងនោះ​មាន​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ មិនមែន​បាញ់​២​ឬ​៣​ដង​ក្នុង​មួយ​សប្តាហ៍​ដូច្នេះ​ទេ​៕
 

Tag:
 បន្លែ​
 ​កសិកម្ម​
  ថ្នាំពុល​គីមី​
  ស្រុក​ស្អាង
© រក្សាសិទ្ធិដោយ thmeythmey.com