អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ​ស្គាល់​ការបោះឆ្នោត​ប្រជាធិបតេយ្យ​លើកដំបូង​ក្នុងពេល៥ឆ្នាំ ឯ​ក្សត្រ​ថៃអំពាវ​ឲ្យ​ពលរដ្ឋ​គាំទ្រ​«​មនុស្ស​ល្អ​»​ដឹកនាំ​ប្រទេស​
24, Mar 2019 , 1:28 pm        
រូបភាព
បេក្ខជននាយករដ្ឋមន្ត្រីនៃបក្សធំៗទាំងបួនដែលសង្ឃឹមបានអាសនៈច្រើនក្នុងការ​បោះឆ្នោត (AFP)
បេក្ខជននាយករដ្ឋមន្ត្រីនៃបក្សធំៗទាំងបួនដែលសង្ឃឹមបានអាសនៈច្រើនក្នុងការ​បោះឆ្នោត (AFP)
ដោយ: ថ្មីៗ
​ប្រជាជន​ថៃ​ច្រើនជាង ៥០​លាន​នាក់​មាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ជា​លើកដំបូង​នៅ​ថ្ងៃអាទិត្យ​ទី ២៤ ខែមីនា​នេះ បើ​រាប់​ចាប់ពី​មាន​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ ២០១៤​។ បេក្ខជន​ជាង មួយ​ម៉ឺន​នាក់​ដែល​តំណាង​ឲ្យ​គណបក្ស​សរុប ៨១ ចូលរួម​ប្រកួតប្រជែង​គ្នា​ដើម្បី​ដណ្តើម​អាសនៈ​សភា​សរុប​ទាំងអស់ ៥០០​។ 

 

 
​ប្រជាជន​ថៃ​ប្រុស​ស្រី ក្មេង​ចាស់​ជាច្រើន​នាក់​បន្ត​នាំគ្នា​ទៅ​បោះឆ្នោត​ចាប់ពី​ម៉ោង​ប្រាំបី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​ក្នុងការ​បោះឆ្នោត​ប្រជាធិបតេយ្យ​ជា​លើកដំបូង​រាប់​ចាប់ពី​ពេល​ក្រុម​យោធា​ដណ្តើម​អំណាច​ក្នុង​ឆ្នាំ ២០១៤​។ ក្នុងការបោះឆ្នោតនេះ ​ការិយាល័យ​បោះឆ្នោត​នឹង​បិទ​នៅ​ម៉ោង ៥​រសៀល​នេះ​។ 
 
​គណៈកម្មការ​បោះឆ្នោត​ថៃ​រំពឹងថា ភាគរយ​នៃ​អ្នកបោះឆ្នោត​នឹង​កើន​ដល់​យ៉ាងតិច ៨០​ភាគរយ​ឯណោះ​ក្នុងការ​បោះឆ្នោត​លើក​នេះ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គេ​សង្កេតឃើញ អ្នក​ទៅ​ចូលរួម​បោះឆ្នោត​ភាគច្រើន​បង្ហាញ​អារម្មណ៍​ត្រេកអរ​ដោយសារ​ខ្លួន​អាចអនុវត្ត​សិទ្ធិ​នយោបាយ និង​មានលទ្ធភាព​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សេរី​ផងដែរ​។ 
 
​បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បេក្ខជន​នាយករដ្ឋមន្ត្រី​ដែលមាន​ប្រជាប្រិយភាព​ខ្ពស់​ដូចជា​តំណាង​គណបក្ស​កម្លាំង​ប្រជារាស្ត្រ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា និង​ក៏ដូចជា​មេដឹកនាំ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​លោក   Thanathorn Juangroongruangkit នាំគ្នា​មក​បោះឆ្នោត​តាំងពី​ពេលព្រឹក​ម្ល៉េះ​។ 
 
​ចំណែក​បេក្ខជន​នាយករដ្ឋមន្ត្រី​ដែលមាន​ប្រជាប្រិយភាព​ផ្សេងទៀត​ដូចជា​បេក្ខជន​នៃ​បក្ស​ភឿ​ថៃ​លោកស្រី Sudarat Keyuraphan និង​បក្ស​ប្រជាធិបតេយ្យ​លោក Abhisit Vejjajiva ក៏​បង្ហាញ​មុខមក​គូស​សន្លឹកឆ្នោត​ផងដែរ​។​
 
១.​ក្សត្រ​ថៃ​លើកយក​សម្រង់​បន្ទូល​បិតា​ទ្រង់​ទទូច​ឲ្យ​ប្រជារាស្ត្រ​គាំទ្រ «​មនុស្ស​ល្អ​»
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ប្រជាជាតិ​ថៃ​ក្នុងពេល​បោះឆ្នោត​នេះ​គឺ ព្រះរាជប្រកាស​របស់​ព្រះមហាក្សត្រ​ថៃ​មហាក្សត្រ​ថៃ មហា​វ​ជិ​រាល​ង្ក​រណ៍​។ បើតាម​សារព័ត៌មាន​ថៃ Bangkok Post ព្រះមហាក្សត្រ​អង្គ​នេះ​បាន​ស្រង់​ព្រះរាជបន្ទូល​របស់​ព្រះបិតា​ព្រះ​ចៅ​ភូមិបុល អាឌុល​យ៉ា​ដេ​ត ដែល​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​ជ្រើសរើស និង​គាំទ្រ​មនុស្ស​ល្អ​ឲ្យ​ដឹកនាំ​ប្រទេសជាតិ​។​
 
​យ៉ាងណាក៏ដោយ ការដកស្រង់​បន្ទូល​បិតា​របស់​ទ្រង់​ដែល​ទទូច​ឲ្យ​មានការ​គាំទ្រ​មនុស្ស​ល្អ​ឲ្យ​ដឹកនាំ​ប្រទេស​នេះ​ក្លាយជា​រឿង​ដែល​ត្រូវគេ​វិភាគ​វែកញែក​ជា​ហូរហែរ​។ វា​មានការ​វាយតម្លៃថា ពាក្យសម្តី «​មនុស្ស​ល្អ​» នេះ​មិនមាន​ភាព​អ​ព្យា​ក្រឹត្យ​ខាង​នយោបាយ​ឡើយ​ក្នុង​កាលៈទេសៈ​សំខាន់​ដូចជា​ការបោះឆ្នោត​នេះ​។ ណាមួយ​គេ​ក៏​ព្យាយាម​ភ្ជាប់​បញ្ហា​នេះ​ទៅនឹង​វត្តមាន​របស់​ម្ចាស់​ក្ស​ត្រី​យ៍ អ៊ូ​ប៊ុន​រ័តន៍ រាជកញ្ញា ក្នុង​មង្គលការ​កូនស្រី​លោក ថាក់ស៊ីន​នៅ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​សុក្រ​ទី ២២ ខែមីនា ត្រឹមតែពីរថ្ងៃមុនបោះឆ្នោតនេះ​ថែមទៀត​ផង​។ 
 
​ក្រៅពី​ស្រង់​បន្ទូល​បិតា ព្រះ​ចៅ មហា​វ​ជិ​រាល​ង្ក​រណ៍ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​ថៃ​គ្រប់​ស្រទាប់វណ្ណៈ​ទាំង​មន្ត្រី​ស៊ីវិល យោធា ប៉ូលិស ចូលរួម​ថែរក្សា​សន្តិសុខ​ជាតិ និង​បន្ត​បម្រើប្រជាជន​ឲ្យ​បានល្អ​តាម​ដែល​អាចធ្វើ​បានដែរ​។ 
 
២.​ប្រជាជន​ថៃ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា ៥០០​នាក់ 
 
​ដោយឡែក បើតាម​គណៈកម្មការ​បោះ​ឆ្នោត​ថៃ អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប​មាន​រហូតដល់ ៥១, ៤​លាន​នាក់​ឯណោះ ហើយ​អ្នក​ទើប​មាន​សិទ្ធិ​បោះឆ្នោត​ជា​លើកដំបូង​មាន​យ៉ាងតិច ៧​លាន​នាក់​ឯណោះ​។ ចំណែក​គណបក្សនយោបាយ​មាន​សរុប​ទាំង ៨១ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​យក​អាសនៈ ៥០០​នៅក្នុង​សភា​ក្នុងការ​បោះឆ្នោត​នេះ ហើយ​បេក្ខជន​នាយករដ្ឋមន្ត្រី​មាន​សរុប​រហូតដល់ ៦៨ ឯណោះ​។   
 
​បេក្ខជន​ប្រមាណ ១០៧៩២​នាក់​បាន​ចុះឈ្មោះ​ប្រជែង​គ្នា​យក​អាសនៈ​ចំនួន ៣៥០ ដែល​តំណាង​ឲ្យ​មណ្ឌលបោះឆ្នោត ៣៥០​ទូទាំងប្រទេស​។ ចំណែក​តំណាងរាស្ត្រ ១៥០​ផ្សេងទៀត​នោះ​នឹង​ត្រូវគេ​បោះឆ្នោត​ជ្រើសរើស​ចេញពី​បញ្ជី​គណបក្ស​តាម​ប្រព័ន្ធ​សមាមាត្រ​។ បេក្ខជន ២៨១០​នាក់​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នេះ​។ 
 
៣.​គណបក្ស​លោក ប្រា​យុទ្ធ ពិតជា​មានប្រៀប​តាមផ្លូវ​ច្បាប់​? 
 
​ដោយឡែក លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ​នឹង​អាច​បង្ហាញ​ពី​ការផ្លាស់ប្តូរ​មួយ​ក្នុង​នយោបាយ​ថៃ តាម​ការចង់បាន​រប​ស់​ប្រជាជន​ថៃ​ដែល​ស្រេកឃ្លាន​ប្រជាធិបតេយ្យ​។ តាម​ស្ថានភាព​ជាក់ស្តែង​គណបក្ស​ចំនួន​បួន​ធំៗ ដែល​អាច​ដណ្តើមបាន​អាសនៈ​ច្រើន និង​អាចបង្កើត​រដ្ឋាភិបាល​ក្នុងនោះ​មានដូចជា គណបក្ស​ភឿ​ថៃ គណបក្ស​ប្រជាធិបតេយ្យ គណបក្ស​អនាគត​ឆ្ពោះទៅមុខ និង​គណបក្ស​លោក​ប្រយុទ្ធ​កម្លាំង​ប្រជារាស្ត្រ​។​
 
 ប៉ុន្តែ​អ្នកវិភាគ​ជាច្រើន​បង្ហាញ​កង្វល់​ដោយសារ រដ្ឋធម្មនុញ្ញ​ថ្មី​ឆ្នាំ ២០១៧ ដែល​ចងក្រង​ឡើង​ដោយ​ក្រុម​យោធា​បាន​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ដែលមាន​និ​ន្នា​ការគាំទ្រ​ក្រុម​យោធា​តាមរយៈ​ផ្តល់​អំណាច​ច្រើន​ដល់​សមាជិក​ព្រឹទ្ធសភា​ដែល​ជ្រើសតាំង​ដោយ​ក្រុម​យោធា ក្នុងការ​ជ្រើសរើស​នាយ​ក​រដ្ឋមន្ត្រី​។ 
 
​ក្នុងន័យនេះ សមាជិក​ព្រឹទ្ធសភា ២៥០​នាក់​ផ្សេងទៀត​នឹង​ចូលរួម​ជាមួយ​សមាជិក​សភា ៥០០​នាក់​ដើម្បី​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​។ ទោះជា​ដ​ណើ្ត​ម​បាន​អាសនៈ​ភាគច្រើន​ក្នុង​សភា​ក៏ដោយ វា​ប្រហែលជា​មិន​ល្មម​នឹង​អាច​ឈ្នះ​បាន​តំណែង​នាយករដ្ឋមន្ត្រី​និង​បង្កើត​រដ្ឋាភិបាល​ឡើយ​។​
 
​ដើម្បី​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី និង​បង្កើត​រដ្ឋាភិបាល គណបក្ស​នោះ​ត្រូវការ​ការគាំទ្រ​ពី​សមាជិកសភា​ជាន់​ទាប​និង​ជាន់ខ្ពស់​យ៉ាងហោចណាស់ ៣៧៦ ក្នុងចំណោម​សមាជិក​ទាំងអស់ ៧៥០​នាក់​។   
 
​គណបក្ស​លោក ប្រា​យុទ្ធ ថ្វីបើ​នឹង​ឈ្នះ​បាន​អាសនៈ​ទាប​ក៏ដោយ ក៏​គណបក្ស​នេះ​ហាក់​មានប្រៀប​ខ្លាំង​ដែរ​នៅពេលដែល​និយាយ​ដល់​ការស្វែងរក​សំឡេងគាំទ្រ​ពី​សមាជិកសភា​។ គេ​មិន​ភ្លេច​ទេ​ថា សមាជិក​ព្រឹទ្ធសភា​ទាំង ២៥០ រូបនោះ​ត្រូវបាន​ជ្រើសរើស​តាំង​ដោយ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់ (NCPO) និង​លោក ប្រា​យុទ្ធ​ខ្លួនឯង​ផង។

យ៉ាងណាក៏ដោយ គណបក្សដែលធ្លាប់មាន​ប្រជាប្រិយភាពខ្ពស់​ដូចជា​បក្សភឿថៃ​នៅតែមានសុទិដ្ឋិនិយមថា ខ្លួននឹងដណ្តើមបានអាសនៈច្រើនក្នុងការឈានទៅបង្កើត និងដឹកនាំរដ្ឋាភិបាល​ផងដែរ។ ប៉ុន្តែក្នុង​កាលៈទេសៈបច្ចុប្បន្ន​ដែលព្រឹទ្ធសភាមាន​អំណាចធំក្នុងការចូលរួមរើសនាយករដ្ឋមន្ត្រី និងជាអ្នកគាំទ្រការបង្កើត​រដ្ឋាភិបាលនោះ ការចាប់ដៃគ្នារវាងបក្ស​នយោបាយធំៗដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ​ប្រហែលជាសេណារីយ៉ូដែលសក្តិសម​បំផុតសម្រាប់​ថៃ​៕
 

Tag:
 ថៃ​
  បោះឆ្នោត​សាកល​
  ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com