ជាតិ
ត្រី​សណ្តាយ​៖​ពេល​នៅ​តូច​ហៅ​ត្រី​ឆ្កែ​ញី ឬ​ត្រី​ក្រពាត់ ពេល​ពេញវ័យ ហៅ​ត្រី​សណ្តាយ​
24, Mar 2019 , 7:29 pm        
រូបភាព
​អ្នកនេសាទ​លើក​បង្ហាញ​ត្រី​សណ្តាយ ដែល​គាត់​នេសាទ​បាន​ពី​អាង​ស្តុក​ទឹក​វារិ​អគ្គិសនី សេ​សាន​២ នៅ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​អ្នកនេសាទ​លើក​បង្ហាញ​ត្រី​សណ្តាយ ដែល​គាត់​នេសាទ​បាន​ពី​អាង​ស្តុក​ទឹក​វារិ​អគ្គិសនី សេ​សាន​២ នៅ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ ដែលមាន​រស់នៅក្នុង​ទន្លេ អូរ ស្ទឹង បឹងបួរ អាង​ស្តុក​ទឹក និង​តំបន់​វាលទំនាប​លិច​ទឹក​។​


 
​ត្រី​ត្រី​សណ្តាយ ជា​ប្រភេទ​ត្រី​ទឹកសាប មានឈ្មោះ​វិទ្យាសាស្ត្រ (Wallago attu) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Wallago​។ ត្រី​សណ្តាយ មាន​ប្រវែង​ដងខ្លួន​អតិបរមា ២៤០ ស​.​ម​។ វា​ជា​ប្រភេទ​ត្រី​ល្មោភស៊ី​ដ៏​ធំ​មួយ ដែល​ធំ​លូតលាស់​នៅតាម​មាត់​ច្រាំងទន្លេ អូរ​ដែលមាន​ដុះ​ស្មៅ និង​ភាគច្រើន​វា​លាក់ខ្លួន​នៅក្នុង​រន្ធ​។ ត្រី​ប្រភេទ​នេះ មាន​សកម្ម​ភាពយឺត និង​ស្ងប់ស្ងាត់​។ វា​ស្វែងរក​ចំណី​នៅ​បាតទន្លេ​ជ្រៅៗ ដែលមាន​ទឹកនឹង ឬ​ទឹក​ហូរ​តិចៗ ព្រមទាំង​នៅ​ស្រទាប់​បាត​ក្រោម​មាន​ភក់ ឬ​ល្បាប់​ផងដែរ​។ 
 
​ត្រី​សណ្តាយ​វ័យ​ជំទង់ អាហារ​ចម្បង​របស់​វា​គឺ​សត្វល្អិត ចំណែកឯ​ត្រី​ពេញវ័យ ស៊ី​ត្រី​តូចៗ ពពួកសត្វ​ឥត​ឆ្អឹង​កង និង​គ្រុំ ខ្ចៅ ខ្យង លៀស​ជាដើម​។ វា​ធ្វើចរាចរ​ផ្ទា​ស់​ទី​ចូលទៅក្នុង​ស្ទឹងតូចៗ ប្រឡាយ និង​តំបន់​លិច​ទឹក ក្នុង​រដូវ​ទឹកជំនន់​ដើម្បី​ពង​-​កូន​។ ជាទូទៅ ត្រី​ប្រភេទ​នេះ​ពង​ដាក់​ជាប់​នឹង​រុក្ខជាតិ​ដែល​ដុះ​ក្នុង​ទឹក ឬ​ស្មៅ ហើយ​វា​នឹង​ញាស់​នៅក្នុង​រយៈពេល​បី​ថ្ងៃក្រោយ​។

នៅពេល​កម្រិត​ទឹកជំនន់​ទន្លេមេគង្គ​ស្រក​ចុះ ត្រី​សណ្តាយ​ក៏​វិលត្រឡប់​ចូល​មេគង្គ ឬ​ដៃ​ទន្លេធំៗ​វិញ ជាទី​ដែល​វា​ស្នាក់​នៅក្នុង​អាងទឹក​ជ្រៅ​ទាំងនោះ រហូតដល់​រដូវ​ទឹកជំនន់​លើក​ក្រោយ​ចូលមក​ដល់​។ 
 
​ត្រី​សណ្តាយ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Near Threatened) ក្នុង​ឆ្នាំ ២០១០ ជា​ប្រភេទ​ត្រី​ដែល​កំពុង​រងគ្រោះ ដែល​នឹង​អាច​ឈានទៅ​ផុត​ពូជ​។ ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​ទៅ​អនាគត ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ ដែលជា​មូលហេតុ​នៃ​ការធ្លាក់ចុះ​ចំនួន​ត្រី​ប្រភេទ​នេះ​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com