ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
សហគ្រិន​វ័យក្មេង​មួយក្រុម បង្កើត​កម្មវិធី​ទូរស័ព្ទ​ដោះស្រាយ​បញ្ហា​ចត​យានយន្ត​
24, Mar 2019 , 8:59 pm        
រូបភាព
​សហគ្រិន​វ័យក្មេង​កម្ពុជា ៤​នាក់ បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ដែលមាន​ឈ្មោះថា «​សំចត​» ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ចរាចរណ៍ និង​គ្រប់គ្រង​ចំណត​។ កម្មវិធី​ទូរស័ព្ទ «​សំចត​» នឹង​ជួយ​ដល់​ម្ចាស់​យានយន្ត​ក្នុងការ​ស្វែងរក និង​កក់​ទីតាំង​សម្រាប់​ចត​យានយន្ត​របស់ខ្លួន ហើយ​ម្ចាស់​ចំណត​អាច​គ្រប់គ្រង​កន្លែង​ចំណត និង​ចំណូល​របស់ខ្លួន​ដែរ​។  

 
​លោក ព្រំ វិសាល សហ​ស្ថាបនិក​នៃ «​សំចត​» បាន​និយាយថា មូលហេតុ​ដែល​លោក​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ ដែលមាន​ឈ្មោះថា «​សំចត​» ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ចំណត​នេះ​ឡើង បន្ទាប់ពី​លោក​បានឃើញ​បញ្ហា​ជាក់ស្ដែង​នៅតាម​ទីតាំង​ចំណត​ជា​ញឹក​ញ​ប់ ។ 
 
​ស្ថាបនិក​កម្មវិធី​ទូរស័ព្ទ​រូបនេះ​បាន​លើកឡើងថា ការចត​យានយន្ត​នៅ​ប្រទេស​កម្ពុជា​នៅមាន​ការខ្វះខាត​ជាច្រើន ដែល​ធ្វើ​ឲ្យ​ម្ចាស់​យានយន្ត​ពិបាក​ក្នុងការ​ស្វែងរក​ចំណត ហើយ​ម្ចាស់​អាជីវកម្ម​ចំណត​ក៏បាន​ការពិបាក​ទៅលើ​ការគ្រប់គ្រង​ចំណត​, ចំណូល និង​បញ្ហា​ផ្សេងៗ​ទៀតផង​ដែរ​។​


 
​តាមរយៈ​កម្មវិធី​ក្នុង​ទូរ​សព្ទ​ដៃ ដែល​លោក​បាន​បង្កើតឡើង​នេះ អ្នកប្រើប្រាស់ ទាំង​ម្ចាស់​អាជីវកម្ម និង​ម្ចាស់​យាន្ត​យន្ត​នឹង​ចំណេញ​ពេល​ច្រើនជាង​មុន តាមរយៈ​ទិញ​សំបុត្រ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា QR code ដោយ​មិន​ប្រើប្រាស់​សំបុត្រ​ក្រដាស​។ ហើយ​ការទូទាត់​ថ្លៃ​សំបុត្រ​វិញ​គឺធ្វើឡើង​តាមរយៈ E-Banking ដោយ​សំចត​បាន​ភ្ញា​ប់​ទំនាក់ទំនង​ជាមួយ​ធនាគារ​ដៃគូរ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​។ សម្រាប់​អ្នកប្រើប្រាស់​ក៏​អាច​ទូទាត់​សាច់ប្រាក់​ដោយផ្ទាល់​ផងដែរ​។​
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ភួង វ៉ាន់​ថា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ព្រំ វិសាល សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​សំចត ដូចតទៅ​៖



 
​កម្មវិធី​ទូរស័ព្ទដៃ​សំចត អាច​ប្រើប្រាស់​បាន​ទាំង ប្រព័ន្ធ (Android ) និង​ប្រព័ន្ធ ( iOS ) ហើយ​អ្នកប្រើប្រាស់​អាច​ទាញ​យកទៅ​ដំឡើង​លើ​ទូរស័ព្ទ​ដោយ​ឥតគិតថ្លៃ​។ សំចត​នឹងដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។ 
 
​ជា​និស្សិត​ឆ្នាំ​ទី ៣ ផ្នែក​វិស្វកម្ម​ព័ត៌មានវិទ្យា មកពី​ខេត្តបាត់ដំបង លោក ព្រំ វិសាល ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ចូលរួម​គាំទ្រ​ដល់​គ្រោង​អាជីវកម្ម​របស់ខ្លួន ទាំង​គម្រោង​វិនិយោគ និង​ការប្រើប្រាស់ ដើម្បី​អាច​ពង្រីក​ខ្លួន​ពេញ​ក្នុងប្រទេស​កម្ពុជា ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ននេះ​។ បើតាម​លោក វិសាល មាន​ក្រុមហ៊ុន​ពីរ​ហើយ​ដែល​បាន​ជួបពិភាក្សា​ក្នុងការ​ស្វែងយល់ និង​សហ​ការណ៍​គ្នា​នាពេលខាងមុខ​ផងដែរ​។ 


 
​គំនិត​អាជីវកម្ម​ថ្មី​មួយ​នេះ ក៏​ទទួលបាន​ចំ​ណាត​ថ្នាក់​លេខ​មួយ​ក្នុង​កម្មវិធី SmartStart Young Innovator Program ដែល​រៀបចំឡើង​ដោយ ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត និង Impact Hub Phnom Penh ក្នុងចំណោម​៣០​ក្រុម​ចុងក្រោយ​ផងដែរ​។ ហើយ​ក្រុមការងារ​សំចត ក៏​ទទួល​ជ័យលាភី​បាន​ទៅ​ទស្សនៈកិច្ច​សិក្សារ​នៅ​ប្រទេស សឹង្ហ​បុរី រយៈពេល​៤​ថ្ងៃ ក្នុងចំណោម​៥​ក្រុម​ចុងក្រោយ​ទៀតផង​៕

Tag:
 Startup
  កម្ពុជា​
 ​ព្រំ វិសាល​
  សំចត
© រក្សាសិទ្ធិដោយ thmeythmey.com