សហគ្រិនវ័យក្មេងកម្ពុជា ៤នាក់ បានបង្កើតកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថា «សំចត» ដើម្បីជួយដោះស្រាយបញ្ហាចរាចរណ៍ និងគ្រប់គ្រងចំណត។ កម្មវិធីទូរស័ព្ទ «សំចត» នឹងជួយដល់ម្ចាស់យានយន្តក្នុងការស្វែងរក និងកក់ទីតាំងសម្រាប់ចតយានយន្តរបស់ខ្លួន ហើយម្ចាស់ចំណតអាចគ្រប់គ្រងកន្លែងចំណត និងចំណូលរបស់ខ្លួនដែរ។
លោក ព្រំ វិសាល សហស្ថាបនិកនៃ «សំចត» បាននិយាយថា មូលហេតុដែលលោកបង្កើតកម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា «សំចត» ដើម្បីជួយដោះស្រាយបញ្ហាចំណតនេះឡើង បន្ទាប់ពីលោកបានឃើញបញ្ហាជាក់ស្ដែងនៅតាមទីតាំងចំណតជាញឹកញប់ ។
ស្ថាបនិកកម្មវិធីទូរស័ព្ទរូបនេះបានលើកឡើងថា ការចតយានយន្តនៅប្រទេសកម្ពុជានៅមានការខ្វះខាតជាច្រើន ដែលធ្វើឲ្យម្ចាស់យានយន្តពិបាកក្នុងការស្វែងរកចំណត ហើយម្ចាស់អាជីវកម្មចំណតក៏បានការពិបាកទៅលើការគ្រប់គ្រងចំណត, ចំណូល និងបញ្ហាផ្សេងៗទៀតផងដែរ។

តាមរយៈកម្មវិធីក្នុងទូរសព្ទដៃ ដែលលោកបានបង្កើតឡើងនេះ អ្នកប្រើប្រាស់ ទាំងម្ចាស់អាជីវកម្ម និងម្ចាស់យាន្តយន្តនឹងចំណេញពេលច្រើនជាងមុន តាមរយៈទិញសំបុត្រដោយប្រើប្រាស់បច្ចេកវិទ្យា QR code ដោយមិនប្រើប្រាស់សំបុត្រក្រដាស។ ហើយការទូទាត់ថ្លៃសំបុត្រវិញគឺធ្វើឡើងតាមរយៈ E-Banking ដោយសំចតបានភ្ញាប់ទំនាក់ទំនងជាមួយធនាគារដៃគូរជាច្រើនក្នុងប្រទេសកម្ពុជា។ សម្រាប់អ្នកប្រើប្រាស់ក៏អាចទូទាត់សាច់ប្រាក់ដោយផ្ទាល់ផងដែរ។
ដើម្បីជ្រាបច្បាស់សូមស្ដាប់កិច្ចសម្ភាសរវាងលោក ភួង វ៉ាន់ថា អ្នកសារព័ត៌មានថ្មីៗ និងលោក ព្រំ វិសាល សហស្ថាបនិកនៃក្រុមហ៊ុនសំចត ដូចតទៅ៖
កម្មវិធីទូរស័ព្ទដៃសំចត អាចប្រើប្រាស់បានទាំង ប្រព័ន្ធ (Android ) និងប្រព័ន្ធ ( iOS ) ហើយអ្នកប្រើប្រាស់អាចទាញយកទៅដំឡើងលើទូរស័ព្ទដោយឥតគិតថ្លៃ។ សំចតនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។
ជានិស្សិតឆ្នាំទី ៣ ផ្នែកវិស្វកម្មព័ត៌មានវិទ្យា មកពីខេត្តបាត់ដំបង លោក ព្រំ វិសាល ស្នើដល់ភាគីពាក់ព័ន្ធចូលរួមគាំទ្រដល់គ្រោងអាជីវកម្មរបស់ខ្លួន ទាំងគម្រោងវិនិយោគ និងការប្រើប្រាស់ ដើម្បីអាចពង្រីកខ្លួនពេញក្នុងប្រទេសកម្ពុជា ក្នុងការជួយដោះស្រាយបញ្ហាប្រឈម ដែលពលរដ្ឋកម្ពុជាកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ បើតាមលោក វិសាល មានក្រុមហ៊ុនពីរហើយដែលបានជួបពិភាក្សាក្នុងការស្វែងយល់ និងសហការណ៍គ្នានាពេលខាងមុខផងដែរ។

គំនិតអាជីវកម្មថ្មីមួយនេះ ក៏ទទួលបានចំណាតថ្នាក់លេខមួយក្នុងកម្មវិធី SmartStart Young Innovator Program ដែលរៀបចំឡើងដោយ ក្រុមហ៊ុនទូរស័ព្ទស្មាត និង Impact Hub Phnom Penh ក្នុងចំណោម៣០ក្រុមចុងក្រោយផងដែរ។ ហើយក្រុមការងារសំចត ក៏ទទួលជ័យលាភីបានទៅទស្សនៈកិច្ចសិក្សារនៅប្រទេស សឹង្ហបុរី រយៈពេល៤ថ្ងៃ ក្នុងចំណោម៥ក្រុមចុងក្រោយទៀតផង៕