អន្តរជាតិ
មូលហេតុអ្វីបានជាមនុស្សមិនមានកន្ទុយ?
× សត្វជាច្រើន ជាពិសេសថនិកសត្វតែងមានកន្ទុយចាប់តាំងពីពេលកើតមក។ វាជារឿងមួយពិសេស ដែលមនុស្សមិនមានកន្ទុយដូចថនិកសត្វទាំងនោះ ទោះបីជាអ្នកវិទ្យាសាស្ត្រខាងជីវវិទ្យាបានចាត់ទុកថា មនុស្សក៏ជាថនិកសត្វមួយប្រភេទក៏ដោយ។
យោងតាមគេហទំព័រ sciencefocus.com បើនិយាយឲ្យងាយបំផុត មនុស្សលែងមានកន្ទុយដូចសត្វគឺដោយសារមនុស្សចេះរៀនដីដោយជើងពីរ និងដងខ្លួនត្រង់កែងនឹងដី។
មុខងាររបស់កន្ទុយគឺជាសរីរាង្គទប់លំនឹង នៅពេលដែលសត្វមានចលនារហ័ស ដូចជាសត្វស្វាត្រូវការឡើង និងឆ្លងកាត់លើដើមឈើលឿន ឬសត្វខ្លាត្រូវការរត់រហ័សនៅពេលដេញចំណី។ កន្ទុយគឺជាអ្នកជួយរក្សាលំនឹងរបស់សត្វទាំងនោះឲ្យមានល្អ។
នៅពេលដែលមនុស្សចាប់ផ្តើមដើរត្រង់ខ្លួន ទីតាំងលំនឹងបានឈានមករកចំណុចកណ្តាលនៃដងខ្លួន នៅខ្ពស់ចំពីលើបាតជើងទាំងពីរ។ នៅក្នុងន័យធម្មជាតិ ការវិវត្តរបស់សត្វ តែងបញ្ឈប់នូវសរីរាង្គណាមួយដែលមិនសូវមានមុខងារជួយសត្វនោះ។
មនុស្សកាលពីរាប់លានឆ្នាំមុន បានផ្តើមរស់នៅលើផ្ទៃដី រស់នៅក្នុងផ្ទះ ហើយឈប់ឡើងដើមឈើញឹកញាប់ដូចមុន។ កន្ទុយគឺគ្រាន់តែជាសរីរាង្គមួយទៀត ដែលលូតលាស់ឡើងដោយប្រើប្រាស់ និងចំណាយថាមពលបន្ថែម។
ដូចនេះ នៅពេលដែលបុព្វបុរសរបស់មនុស្សឈប់ប្រើប្រាស់កន្ទុយជាច្រើនម៉ឺនឆ្នាំមុន ធម្មជាតិបានបញ្ឈប់ការលូតលាស់របស់សរីរាង្គមួយនេះ។ ទារកនៅក្នុងគភ៌ ៤សប្តាហ៍ដំបូងក៏បានកន្ទុយដែរ។ ប៉ុន្តែក្រោយ៤សប្តាហ៍មក កន្ទុយនោះក៏លូតលាស់ទៅជាចុងនៃឆ្អឹងខ្នងវិញទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com