ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាណាព្យាបាល​សម័យថ្មី​ព្យាយាម​ទម្លាប់​ឱ្យ​កូន​អាន​សៀវភៅ ជាង​ប្រើប្រាស់​ទូរ​សព្ទ​
24, Mar 2019 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ ការ​ទម្លាប់​អាន​សៀវភៅ ប្រៀបដូចជា​អាហារ​បំប៉ន​មួយបែប​សម្រាប់​ក្មេង ក្នុងការ​អភិវឌ្ឍ​ចំណេះដឹង​។ ដោយសារតែ​ការអាន​សៀវភៅ​មាន​សារៈសំខាន់​បែបនេះហើយ ទើប​ឪពុកម្ដាយ និង​អាណាព្យាបាល​មួយចំនួន ដែល​បាន​យល់ដឹង​ពី​ចំណុច​នេះ កំពុង​ប្រឹង​ជំរុញ​ឲ្យ​កូន​របស់​ពួកគេ​ទម្លាប់​អាន​សៀវភៅ ជាជាង​ការចំណាយ​ពេល​លេង ឬ​ប្រើប្រាស់​ទូរ​សព្ទ​។​


 
​សូម​ស្ដាប់​ពី​ទម្លាប់​របស់​ម្ដាយ​ឪពុក​និង​អាណាព្យាបាល​មួយចំនួន ក្នុងការ​ដឹកនាំ​កូន​ឱ្យ​ក្លាយជា​អ្នក​ស្រឡាញ់​ការអាន​សៀវភៅ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​វា​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះទេ ដែល​ម្ដាយ​ឪពុក​និង​អាណាព្យាបាល នា​សម័យ​បច្ចេកវិទ្យា​ជឿនលឿន មាន​ទាំង កំ​ព្យូ​ទ័​រ អាយ​ផេ​ត និង​ទូរ​សព្ទ​ទំនើបៗ​ជាដើម​នោះ អាច​បណ្ដុះ​កូន​ឱ្យចូល​ចិត្ត និង​ស្រឡាញ់​ការអាន​សៀវភៅ ដូចជា​ការស្រេកឃ្លាន​អាហារ​ប្រចាំថ្ងៃ​។ ការជំរុញ​ក្មេង​ឲ្យ​មាន​ទម្លាប់​អាន​សៀវភៅ​បាន លុះត្រាតែ​ម្ដាយ​ឪពុក​នោះ ជា​ជន​ដែល​តែង​ស្និទ្ធស្នាល​និង​ការសិក្សា​រៀនសូត្រ ជា​អ្នក​យល់​តម្លៃ​ការសិក្សា​យ៉ាងច្បាស់​ដែរ ទើប​ក្លាយជា​គំរូ​ដល់​កូន​របស់​ពួកគេ​។ 


 
​ជា​អ្នក​ស្រលាញ់ និង​ឲ្យ​តម្លៃ​លើ​ចំណេះដឹង តាមរយៈ​ការអាន​សៀវភៅ​នោះ អ្នកស្រី ម៉ុ​ត ម៉ា​នី កំពុង​ដើរ​មើល​ប្រភេទ​សៀវភៅ នៅតាម​តូប​លក់​សៀវភៅ​នីមួយៗ​យ៉ាង​យកចិត្តទុកដាក់ នៅក្នុង​កម្ម​វិធិ​ពិព័រណ៍​អំ​ណាន​ជាតិ​កាលពីពេល​ថ្មីៗ​នេះ​។ អ្នកស្រី ម៉ា​នី និង​ស្វាមី រួមទាំង​កូនចៅ​៣​នាក់​ទៀត បាន​ទិញ​សៀវភៅ​ប្រមាណ​៤​ទៅ​៥​ក្បាល​ក្នុង​ម្នាក់ៗ ដែលមាន​ទាំង​សៀវភៅ​បែប​រឿងនិទាន និង​ប្រលោមលោក​ជាដើម​។ កំពុងកាន់​ថង់​សៀវភៅ​ក្នុង​ដៃ ស្ត្រី​វ័យ​៦៧​ឆ្នាំ​រូបនេះ ឆ្លៀតពេល​ផ្ដល់​បទ​សម្ភាស​ដល់​ThmeyThmey ថា អ្នកស្រី ម៉ា​នី មក​ទិញ​សៀវភៅ​នេះ សម្រាប់​យកទៅ​អាន ដើម្បី​ទទួលបាន​ចំណេះដឹង​ថ្មី​សម្រាប់​ខ្លួនឯង​ផង និង​ចៅ​ផង ជាពិសេស​យកទៅ​អាន​ឱ្យ​កូនចៅ​ស្ដាប់​មុនពេល​ចូល​ដំណេក​នាពេល​ថ្ងៃត្រង់​។ អ្នកស្រី ម៉ា​នី តែង​ប្រដៅ​អប់រំ និង​ជំរុញ​ឲ្យ​កូនចៅ​អាន​សៀវភៅ​ជាប្រចាំ​។​
 
​អ្នកស្រី​បន្ថែមថា ៖«​ខ្ញុំ​ទិញ​សៀវភៅ​រឿង​ខ្លះ យកទៅ​អាន​ឱ្យ​ចៅ​ស្ដាប់​។ អាន​ឱ្យ​កូន​ស្ដាប់​រហូតដល់​ចៅ ឥឡូវ​ប្រាប់​ចៅ​ថាឱ្យ​ខំ​មើលសៀវភៅ​។ ខ្ញុំ​មើល​ឱ្យ​គាត់​ស្ដាប់​ប្រហែល​កន្លះ​ម៉ោង មុន​គាត់​ចូល​គេង​ពេល​ថ្ងៃត្រង់​»​។ 


កែ​ សំអាត
 
​ជា​អ្នករស់នៅ​ភ្នំពេញ អ្នកស្រី ម៉ា​នី មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​សម័យ​បច្ចេកវិទ្យា ដែល​ធ្វើ​ចៅ​ខ្លួន ងាក​ទៅ​ឲ្យ​តម្លៃ​ការមើល​រឿងនិទាន ឬ​ចំណេះដឹង​ផ្សេងៗ​តាម​ទូរ​សព្ទ​វិញ ហើយ​ប្រាសចាក​ការអាន​សៀវភៅ​។ បើតាម​អ្នកស្រី ម៉ា​នី ពេលខ្លះ​ចៅៗ​របស់​អ្នកស្រី ក៏​ធុញ​និង​ការ​និទានរឿង​តាម​សៀវភៅ​ដែរ តែ​អ្នកស្រី​តែងតែ​លួងលោម​ពួកគេ​ជានិច្ច​។ «​កាលពី​គាត់​នៅ​តូចៗ​ខ្ញុំ​អាន​ឱ្យ​គាត់​ស្ដាប់ ពេលដែល​គាត់​ចេះ​មើល ខ្ញុំ​ឱ្យ​គាត់​អាន​ដែរ ដើម្បីឱ្យ​គាត់​បានដឹង​។ ពេលខ្លះ​គាត់​ធុញ​ដែរ គាត់​ថា​ខ្ញុំ​អាន​រឿង​ដដែលៗ​។ ជួនកាល​គាត់​ស្ដាប់ ពេលខ្លះ​គាត់​បែរខ្នង​។ អាន​សៀវភៅ​នេះ​ល្អ​ណាស់ ព្រោះ​ធ្វើឱ្យ​យើង​ដឹង​ពី​សម័យមុនៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ម៉ា​នី​។ 
 
​ងាក​មក​ចាប់អារម្មណ៍​បុរស​មួយរូប​ទៀត ដែល​បាន​នាំ​កូនស្រី​របស់ខ្លួន​អាយុប្រមាណ​៣​ឆ្នាំ​ឱ្យមក​ដើរ​ទិញ​សៀវភៅ​ជាមួយ​ខ្លួន​។ លោក ភុម ប៊ុនធិន គឺជា​អ្នក​សៀមរាប​ដែល​បាន​ឡើងមក​រៀន​នៅ​ភ្នំពេញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ ជា​អ្នកមាន​ឧបនិស្ស័យ​ជាមួយ​សៀវភៅ បុរស​រាង​ខ្ពស់ស្រឡះ​រូបនេះ តែងតែ​ឆ្លៀត​ពេលទំនេរ​ពី​ការងារ​អាន​សៀវភៅ​ឱ្យ​កូន​ស្ដាប់ ព្រោះ​លោក​យល់ថា ជំរុញ​ឲ្យ​ក្មេង​បាន​អាន ឬ​ស្ដាប់​ការអាន​សៀវភៅ​ច្រើន វា​អាចធ្វើ​ឲ្យ​ខួរក្បាល​របស់​ពួកគេ​មាន​ការវិវឌ្ឍ​លឿន​។ លោក ប៊ុន ធិ​ន ពន្យល់​ដូច្នេះ ៖«​ខ្ញុំ​ចង់ឱ្យ​កូន​មាន​ខួរក្បាល​ឆាប់​ចាប់​បានល្អ នៅពេល​ដែលមាន​អ្នក​និយាយ​ពី​រឿង​ណាមួយ​។ ឱ្យតែ​សៀវភៅ​នោះ​មាន​ជា​រូបភាព​ស្អាតៗ ឬ​មាន​តុក្កតា គាត់​ចូលចិត្ត​មើល​»​។​


ភុម ប៊ុនធិន
 
​ដើរ​ជាមួយ​កូនស្រី​ប្រុស​និង​ភរិយា​បណ្ដើរ ភ្នែក​សម្លឹងមើល​តូប​លក់​សៀវភៅ​បណ្ដើរ លោក សំអឿន បានសម្រេច​ទិញ​សៀវភៅ​ជា​ភាសា​ខ្មែរ​សម្រាប់​កូន​របស់លោក​។ តាមរយៈ​ការជំរុញ​ឲ្យ​កូន​អាន​សៀវភៅ​នេះ លោក សំអឿន សង្កេតឃើញថា វា​មាន​ប្រសិទ្ធភាព​ច្រើន​សម្រាប់​កូនៗ​របស់ខ្លួន ជាពិសេស​កូនប្រុស​ពៅ​ទើប​មាន​អាយុ​៤​ឆ្នាំ ដែល​ចំណូល​ចិត្តខ្លាំង​ក្នុង​ការអាន​សៀវភៅ ដែល​លោក​ថា ទំនង​មកពី​ម្ដាយ​របស់គេ តែងតែ​អាន​សៀវភៅ​ឱ្យស្ដាប់​តាំងពី​តូច​។ 
 
​លោក​រៀបរាប់​យ៉ាង​ដូច្នេះ ៖«​សៀវភៅ​នេះ​ភាគច្រើន​សម្រាប់​អាន ហើយ​មួយចំនួនទៀត​ផ្នែក​វិទ្យាសាស្ត្រ និង​គណិតវិទ្យា​។ ខ្ញុំ​ចង់ឱ្យ​គាត់​មាន​ទម្លាប់​ការអាន​តាំងពី​តូច​។ កូនពៅ​របស់ខ្ញុំ​អាយុ​៤​ឆ្នាំ គាត់​អាន​រាល់​ថ្ងៃជា​ភាសា​អង់គ្លេស​។ ពេល​គាត់​អាន គាត់​ជួ​ក​ចិត្ត ពេលខ្លះ​យប់​ពេក​ទៅ ខ្ញុំ​ត្រូវ​បង្ខំ​ឱ្យ​គាត់​គេង តែ​គាត់​អាន​ចប់ បាន​គាត់​ចូល​គេង​»​។   
 
​ភ្នែក​មើលទៅ​ភរិយា​នឹង​កូន​ដែល​កំពុង​ឈរ​មើលសៀវភៅ​លោក សំអឿន ថា​ការអាន​សៀវភៅ ពិតជា​ជួយ​អភិវឌ្ឍន៍​ខួរក្បាល​ច្រើន ដែល​លោក​ប្រៀប​អ្នក​មិនបាន​អាន​សៀវភៅ ទៅនឹង​ការដើរ​យឺត​ជាងគេ​មួយខែ​។ 
 
​ក្នុងនាម​ជា​ឪពុក​ម្នាក់​ដែរ បុរស​រូបនេះ ស្នើ​ដល់​ម្ដាយ​ឪពុក​គ្រប់រូប សូមកុំ​ទម្លាប់​ឱ្យ​កូន​មើល​ទូរ​សព្ទ​ច្រើនពេក តែ​ត្រូវ​បណ្ដុះ​ពួកគេ​អាន​សៀវភៅ​ឱ្យបាន​ច្រើន​វិញ ៖«​ខ្ញុំ​ចង់​ប្រាប់​ទៅ​ឪពុកម្ដាយ​ជំនាន់​ក្រោយ កុំ​ទម្លាប់​ឱ្យ​កូន​មើល​ទូរ​សព្ទ​ច្រើនពេក ឱ្យ​គាត់​មើល​តែ​អ្វី​គួរ​មើល​បង្កើន​ចំណេះ​បាន​ហើយ​។ ត្រូវ​បណ្ដុះ​ការអាន ក្មេង​នឹង​ចូលចិត្ត​សៀវភៅ​ហើយ​។ ដូច​កូន​ខ្ញុំ​បង្ខំ​ឱ្យ​គាត់​គេង ក៏​គាត់​មិន​គេង​ដែរ​។ គាត់​កំណត់​ខ្លួន​គាត់​ហើយ ថា​ដំបូង​គាត់​ផាត់​ពណ៌​រូប​។ មុន​ចូល​គេង​គាត់​យក​សៀវភៅ​យ៉ាងហោចណាស់​២​ក្បាល​មក​អាន​។ នេះ​ជា​ទម្លាប់​ដល់​គាត់​ធំ គាត់​ស្រឡាញ់​ការអាន​រហូត​។ នេះ​ជាការ​បណ្ដុះ​ចំណេះដឹង​របស់​ពួកគេ ទី​ពីរ​បណ្ដុះ​ទម្លាប់​ល្អ​ក្នុង​ការអាន​»៕   
 

Tag:
 កុមារ​
  អាណាព្យាបាល​
  អប់រំ​
  សៀវភៅ​
© រក្សាសិទ្ធិដោយ thmeythmey.com