អន្តរជាតិ
តើ​អ្នកណា​ជា​អ្នក​ដាក់ឈ្មោះ​ឲ្យ​ទ្វីប​លើ​ផែនដី​?
24, Mar 2019 , 5:49 pm        
រូបភាព
​ទ្វីប​គឺជា​ដែនដី​ធំៗ ដែល​ចែក​ទីតាំង​ភូមិសាស្ត្រ​ដែល​មនុស្ស​រស់នៅ​។ ធម្មជាតិ​មិនបាន​បង្កើត​ដែនដី​ឡើង ដោយ​ដាក់ឈ្មោះ​ឲ្យ​ដី​នីមួយៗ​ឡើយ​។ ឈ្មោះ និង​ព្រំប្រទល់​របស់​ទ្វីប​គឺ​ត្រូវបាន​បង្កើតឡើង​ដោយ​មនុស្ស សម្រាប់​ការ​គ្រប់​គ្រង់​រៀងខ្លួនៗ​ប៉ុណ្ណោះ​។ ពេល​ដែរ​អ្នកពិនិត្យមើល​ផែនទី តើ​អ្នក​ធ្លាប់​ដែល​ឆ្ងល់​ទេ​ថា តើ​ឈ្មោះ​ទ្វីប​ទាំងនោះ​មាន​ប្រភព និង​ដើមកំណើត​មកពីណា​?

 
​ខាងក្រោម​នេះ​គឺជា​ការបកស្រាយ​ខ្លី​ដោយ​ផ្អែកលើ​គេហទំព័រ worldatlas.com ៖
 
​អាហ្វ្រិក (Africa) ៖ ឈ្មោះ​មួយ​នេះ​មាន​ដើមកំណើត​មកពី​អាណាចក្រ​រ៉ូ​មាំ​ង (​សព្វថ្ងៃ​អ៊ីតាលី​) ក្នុង​ការហៅ​ទៅកាន់​ប្រទេស​ទុយ​ណេ​ស៊ី​ដែលមាន​ទីតាំងនៅ​ខាងត្បូង​អាណាចក្រ​មួយ​នេះ​។ 
​ប្រជាជន​រ៉ូ​មាំ​ង​តែង​ហៅ​តំបន់​នៅ​ខាងត្បូង​ដែនដី​របស់ខ្លួន​នោះ​ថា «Africa Terra» ឬ «Land of the Afri» ជា​ភាសា​ខ្មែរ​មានន័យថា «​ដែនដី​នៃ​អា​ហ្វ្រី​»​។ បច្ចុប្បន្ន តំបន់​នេះ​មាន​ក្លាយទៅជា​ប្រទេស​ទុយ​ណេ​ស៊ី មាន​ទីតាំងនៅ​ខាងជើង​នៃ​ទ្វីប​អា​ហ្វ្រី​ក និង​នៅ​ខាងត្បូង​ប្រទេស​អ៊ីតាលី​។ ពាក្យ​ថា «Afri» អាចមាន​ដើមកំណើត​នៅ​ប្រទេស​ក្រិ​ក​ពីមុន​មកទៀត​។ បន្ទាប់មក ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ទូទាំង​ទ្វីបអាហ្វ្រិក ដោយសារ​ឥទ្ធិពល​ប្រជាជន​អឺរ៉ុប​។ 
 
​អឺរ៉ុប (Europe) ៖ ពាក្យ​នេះ​ក្លាយ​មកពី​ពាក្យ «Europa» ។ Europa គឺជា​ឈ្មោះ​របស់​នារី​ម្នាក់ ដែលជា​កូនស្រី​របស់​ស្តេច Agenor ឬ Phoenix ដែលមាន​វត្តមាន​ក្នុង​រឿងនិទាន​របស់​ប្រទេស​ក្រិ​ក​បុរាណ​។ មតិ​មួយទៀត​ដោយ​លោក Ernest Klein បាន​និយាយថា Europe អាច​កើត​មកពី​ពាក្យ Ereb ប្រើប្រាស់​ដោយ​ក្រុម​ប្រទេស Sumerian (​សព្វថ្ងៃ​អ៊ីរ៉ាក់​) ក្នុង​ការហៅ​ទៅកាន់​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីបអឺរ៉ុប​។ Ereb មានន័យថា «​ភាព​ងងឹត​» ឬ «​ភាព​ធ្លាក់ចុះ​» ។ នេះ​អាច​សំដៅ​បាន​ថា ប្រទេស​ក្នុង​តំបន់ Sumerian ធ្លាប់មាន​ប្រវត្តិ​ជូ​ជ​ត់​ជាមួយ​ប្រទេស​ខ្លះ​ក្នុង​ទ្វីបអឺរ៉ុប​។ មួយវិញទៀត Ereb ក៏​អាច​មានន័យ​សាមញ្ញ​ថា «​ដី​ខាងលិច​» ។ 
 
​អូ​សេ​អា​នី (Oceania) ៖ ឈ្មោះ​នេះ​មានន័យ​ត្រង់ៗ​ងាយ​យល់​។ Oceania ក្លាយ​មកពី​ពាក្យ​ថា Ocean ឬ មហាសមុទ្រ​ធំ​។ មួយវិញទៀត វា​មានកំណើត​មកពី​ក្រិ​ក Okeanos មានន័យថា ដែនដី​ដែល​ព័ទ្ធ​ដោយ​ទឹកសមុទ្រ​ធំ​។ 
 
​អាស៊ី (Asia) ៖ ពាក្យ​នេះ​ប្រើប្រាស់​ដោយ​ក្រិ​ក Ἀσία សម្រាប់​ហៅ​ទៅកាន់​ប្រទេស​នៅ​ខាងកើត​សមុទ្រ Aegean ក្បែរ​ដែនដី Anatolia សព្វថ្ងៃ ប្រទេស​តួ​គី និង​តំបន់​អាស៊ី​កណ្តាល​មួយចំនួន​។ ក្រោយមក ដោយសារ​អឺរ៉ុប​មាន​ឥទ្ធិពល​ខាង​ជំនួញ និង​អក្សរសាស្ត្រ ពាក្យ​នេះ​ក៏​រាលដាល​ទី​តំបន់​ខាងកើត​បន្តទៀត​មានដូចជា ចិន និង​ជប៉ុន​។ 
 
​អាមេរិក (The Americas) ៖ ពាក្យ​នេះ​គ្រប់​ដណ្តប់​ទាំង​អាមេរិក​ខាងជើង និង​ខាងត្បូង​។ អ្នកធ្វើ​ផែនទី​បុរាណ​របស់​អ៊ឺរ៉ុប បានដាក់​ឈ្មោះ​មួយ​នេះ​ក្នុងការ​ឲ្យ​កិត្តិយស​ទៅកាន់​លោក Amerigo Vespucci ដែលជា​អ្នក​នាវាចរ​ដ៏​ល្បី​ជនជាតិ​អ៊ីតាលី​ម្នាក់​។ លោក​មិនមែនជា​អ្នកធ្វើដំណើរ​ទៅកាន់​ទ្វីបអាមេរិក​ដំបូង​នោះទេ តែ​គាត់​បាន​សន្ម​ត់​ជា​លើកដំបូង​ថា ដែនដី​មួយ​នេះ ជា​ទ្វីប​មួយ​ដែល​ធំ​ហើយ​ថ្មី សម្រាប់​ប្រទេស​មហាអំណាច​ក្នុង​ទ្វីបអឺរ៉ុប​កាលពី​ពេលនោះ​។ 
 
​អង់តាក់ទិក (Antarctica) ៖ ដំបូង ក្រិ​ក​ហៅ​តំបន់​ខាងជើង​ភពផែនដី​ថា Arktos មានន័យថា​ខ្លាឃ្មុំ ស ដែល​រស់​នៅតាម​តំបន់​ត្រជាក់​អាក​ទិ​ក​។ ក្រោយមក រ៉ូ​មាំ​ង​ប្រើប្រាស់​ពាក្យ Antarktike ឬ Anti-Arctic មានន័យថា «​មិនមែន​អាក​ទិ​ក​» ឬ «​ផ្ទុយ​ពី​អាក​ទិ​ក​» សម្រាប់​ហៅ​តំបន់​ខាងត្បូង​នៃ​ផែនដី​៕
 

Tag:
 ទ្វីប​
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com