ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង សន្យា​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព ដែល​គេ​បាញ់សម្លាប់​នៅ​ខេត្តព្រៃវែង​
25, Mar 2019 , 10:27 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សន្យា​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព ដែល​ត្រូវបានគេ​បាញ់សម្លាប់​នៅ​ខេត្តព្រៃវែង​។ កាលពី​ថ្ងៃទី​២៣ មីនា សមត្ថកិច្ច បាន​បាញ់សម្លាប់​បុរស​ម្នាក់​ឈ្មោះ យ៉​ន រ៉ាវុធ ដែល​សង្ស័យថា ជា​ចោរលួច​ឡាន នៅ​ចំណុច​ភូមិ​គោក​សណ្ដែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ក្រោយ​ហេតុការណ៍​ផ្ទុះអាវុធ​នេះ​ភ្លាម ក៏មាន​ការឃាត់ខ្លួន​ស​ម​ត្ថ​កិច្ច ដែល​បាញ់សម្លាប់​ជនសង្ស័យ​ម្នាក់​ផងដែរ​។​


 
​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ការស្លាប់​របស់លោក យ៉​ន រ៉ាវុធ ដែល​ត្រូវបាន​សមត្ថកិច្ច​បាញ់សម្លាប់​នេះ​។ អម​ជាមួយ​សារ​រំលែក​ទុក្ខ​នេះ សម្ដេច ស ខេង ក៏​ប្ដេជ្ញា​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ផងដែរ​។ «​ក្នុងនាម​ក្រសួងមហាផ្ទៃ ខ្ញុំ​សន្យាថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព ក៏ដូចជា​ក្រុមគ្រួសារ​ដែលមាន​ការពា​ក់​ព័ន្ធ និងជូន​សង្គមជាតិ​យើង​ទាំងមូល​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​ក្រសួងមហាផ្ទៃ នៅលើ​ហ្វេ​ស​ប៊ុ​ក​។​
 
​ក្រៅពី​មន្ត្រីនគរបាល​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នេះ ក៏មាន​មនុស្ស​ម្នាក់ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​នេះ កំពុង​រត់គេចខ្លួន​ផងដែរ ។ សមត្ថកិច្ច​ដែល​ត្រូវបាន​ចាប់ខ្លួន ដោយសារ​ការបាញ់សម្លាប់​បុរស​ម្នាក់​នោះ គឺជា​កូន​មេ​នគរបាល​ខេត្តព្រៃវែង​។ នេះ​ជាការ​បញ្ជាក់​របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​ចំណែក​ជនល្មើស​ម្នាក់ទៀត ដែល​រត់គេចខ្លួន​នោះ សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ផងដែរ​។​
 
​ពាក់ព័ន្ធ​ករណីនេះ សម្ដេច ហ៊ុន សែន បាន​ព្រមាន​មិន​ឲ្យ​មានការ​អន្តរាគមន៍ ពី​សំណាក់​ឪពុក​ដែលមាន​បុណ្យ​សក្តិ​ធំ​ឡើយ ។បើ​មិន​ដូច្នេះ​ទេ បុណ្យ​សក្តិ និង​តំណែង ដែល​កំពុងមាន​នៅក្នុង​ដៃ​នោះ សម្ដេច​នឹង​ដក​ទម្លាក់​វិញ​ជាមិនខាន​៕

Tag:
 ស ខេង​
  ឃាតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com