កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជាស្ថិតក្នុងចំណោម២០ក្រុមហាលអាវ ក្រោយឆ្លងកាត់ត្រឹម២ប្រកួត
× ឆ្លងកាត់ត្រឹម២ប្រកួតក្នុងពូលនីមួយនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់វគ្គជម្រុះ AFC U23 Championship 2020 យើងបានរកឃើញក្រុមដែលត្រូវហាលអាវរហូតដល់ទៅ២០ក្រុមឯណោះ ក្នុងចំណោមក្រុមទាំង៤៣។ កម្ពុជាដែលជាម្ចាស់ផ្ទះក្នុងប្រកួតជម្រុះពូល H ក៏អស់សិទ្ធិទៅវគ្គបន្តដែរក្រោយបរាជ័យទាំងពីរប្រកួត។
ការប្រកួតវគ្គជម្រុះតាមពូលពី A ដល់ K នៃពានរង្វាន់ AFC U23 Championship បានសម្រេចចំនួន ២ប្រកួតរៀងៗខ្លួនរួចរាល់ហើយដោយក្នុងនោះ២០ក្រុមត្រូវអស់សិទ្ធិទៅវគ្គបន្ត ខណៈ២៣ក្រុមទៀតត្រូវប្រជែងគ្នានៅជំនួបលើកទី៣ ដើម្បីសម្រេចយក១៦ក្រុមឈានទៅវគ្គផ្តាច់ព្រ័ត្រនៅប្រទេសថៃ ឆ្នាំ២០២០។
២០ក្រុមដែលហាលអាវរួមមាន កម្ពុជា ឆាយនីសតាយប៉ិ ប្រ៊ុយណេ ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ ទីម័រខាងកើត ម៉ាកាវ ម៉ុងហ្គោលី ឥណ្ឌា កូវ៉ែត កៀហ្ស៊ីស៊ីស្ថាន ម៉ាល់ឌីវ លីបង់ យេមែន តួកមេនីស្ថាន ស្រីលង្កា បង់ក្លាដែស ណេប៉ាល់ និងអាហ្វហ្កានីស្ថាន។
ជារឿងគួរឲ្យកត់សម្គាល់ ក្នុងចំណោម១១ពូល មាន៩ពូលឯណោះដែលមានក្រុមចំនួន២បានធ្លាក់ដោយស្វ័យប្រវត្តិដ្បិតពួកគេបរាជ័យទាំងពីរប្រកួតរៀងខ្លួន។ លើកលែងតែពូល H មានតែម្ចាស់ផ្ទះម៉ុងហ្គោលីប៉ុណ្ណោះដែលហាលអាវមុនគេ ខណៈ៣ក្រុមទៀតរួមមាន ហុងកុង កូរ៉េខាងជើង និងសិង្ហបុរី ត្រូវប្រជែងគ្នានៅប្រកួតចុងក្រោយដើម្បីដណ្តើមលេខ១ និងលេខ២ល្អបំផុត។
ដោយឡែកពូល F ពិសេសជាងគេគឺមានតែ៣ក្រុមប្រកួតប្រជែង ដ្បិតប៉ាគីស្ថានដកខ្លួន។ ពូលនេះឥណ្ឌាអស់សិទ្ធិទៅវគ្គបន្តក្រោយបរាជ័យទាំងពីរប្រកួត។ ដោយសារមាន៣ក្រុម ដូច្នេះពូលនេះមានតែ២ប្រកួតម្នាក់ប៉ុណ្ណោះដែលធ្វើឲ្យក្រុមដែលបានចំណាត់ថ្នាក់ទី២ពិបាននឹងប្រជែងយកក្រុមលេខ២ល្អបំផុតជាមួយលេខ២ពូលដទៃ។
ព្រឹត្តិការណ៍ AFC U23 Championship គឺត្រូវជ្រើសរើសយក១៦ក្រុមដើម្បីទៅប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ ដែលថៃបានសិទ្ធិធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២០។ ក្នុងចំណោម១៦ក្រុមគឺត្រូវជ្រើសរើសយក១១ក្រុមដែលបានចំណាត់ថ្នាក់លេខ១ពីការប្រកួតជម្រុះទាំង១១ពូល ហើយ៥ក្រុមទៀតគឺត្រូវជ្រើសយកតាមការផ្ទៀងផ្ទាត់រវាងក្រុមលេខ២តាមពូលនីមួយដែលមានពិន្ទុនិងគ្រាប់បាល់ស៊ុតបញ្ចូលទីល្អជាងគេ។ ទាំងនេះគឺក្នុងលក្ខខណ្ឌដែលថៃបានចំណាត់ថ្នាក់ទី១ក្នុងពូល។
ប៉ុន្តែប្រសិនបើថៃបានចំណាត់ថ្នាក់លេខ២ ឬក្រោមនេះក្នុងការប្រកួតជម្រុះនេះ នោះមានន័យថាក្រុមលេខ២ល្អបំផុតត្រូវបន្ថយសល់តែ៤ក្រុមប៉ុណ្ណោះព្រោះត្រូវទុកមួយកៅអីឲ្យថៃដែលជាម្ចាស់ផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com