អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ៦រូប គឺ លោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ លោក ជីវ កក្តា លោក ច័ន្ទ សិលា លោក ស៊ឹម សុវណ្ណនី និងលោកស្រី ទេព សុទ្ធី ប្រកាសថាពួកគេ មិនបានក្បត់ឬចាកចេញពីអតីតគណបក្សរបស់ពួកគេនោះទេ បើទោះជាពួកគេ បានសុំសិទ្ធិនយោបាយពីរដ្ឋាភិបាល ដែលខុសពីបំណងរបស់មេដឹកនាំខ្លួនក៏ដោយ។
តាមរយៈសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានផ្សព្វផ្សាយក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ អ្នកទាំង៦ នៅតែបង្ហាញជំហរទាមទារនូវអ្វី ដែលពួកគេធ្លាប់ទាមទារពីមុនមក ដោយក្នុងនោះ ពួកគេ បន្តទាមទារឲ្យដោះលែងលោក កឹម សុខា ដែលជាប្រធាន និងស្នើឲ្យរដ្ឋាភិបាល ពិចារណា ក្នុងការផ្តល់តំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដល់អតីតមន្ត្រីគណបក្សប្រឆាំងវិញ។ សេចក្តីថ្លែងការណ៍ បានសរសេរយ៉ាងដូច្នេះថា៖«យើងខ្ញុំ នៅតែបន្តប្រកាន់យកគោលការណ៍និងស្មារតីរបស់សង្គ្រោះជាតិដដែល គឺ អហិង្សា ខ្មែរតែមួយ មិនយកខ្មែរណាជាសត្រូវ និងបន្តជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា»។
បន្ថែមពីសេចក្តីថ្លែងការណ៍ លោក អ៊ូ ច័ន្ទរ័ត្ន បាននិយាយថា ពួកលោក មិនមានបំណងបង្កើតគណបក្សថ្មីឡើយ។ ក្នុងសន្និសីទកាសែត លោក បានបញ្ជាក់បែបនេះថា៖«យើងនៅតែ ប្រកាន់ជំហរនិងបន្តជីវិតនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ទោះជាមិនមានរូបរាងនៅកម្ពុជាក៏ដោយ»។
លោក អ៊ូ ច័ន្ទរ័ត្ន បំភ្លឺថា ការសុំសិទ្ធិនយោបាយនេះ គឺជាឆន្ទៈនិងជាការសម្រេចចិត្តរបស់ពួកលោក ដោយមិនមានការជំរុញឬការទិញនោះទេ។ លោក បានហៅការចោទប្រកាន់បែបនេះថា ជាការលាបពណ៌ ហើយលោក បានស្នើឲ្យបញ្ឈប់។
លោក ថ្លែងបែបនេះថា៖«យើងអត់បានក្បត់ឆន្ទៈប្រជាពលរដ្ឋទេ។ យើងនៅតែតស៊ូនយោបាយ ដើម្បីប្រទេសនិងប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ»។
អ្នកទាំង៦ បានទទួលសិទ្ធិនយោបាយវិញនៅពាក់កណ្តាលខែមីនានេះ តាមរយៈព្រះរាជក្រឹត្យ ដែលចេញដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី។ ៣នាក់ទៀត គឺលោក គង់ គាំ លោក គង់ បូរ៉ា និង លោក រៀល ខេមរិន្ទ្រ ទទួលបានសិទ្ធិនយោបាយមុនអ្នកទាំង៦។
លោក គង់ គាំ បានធ្វើជាប្រធានកិត្តិយសនៃគណបក្សឆន្ទៈខ្មែរ ដែលមានកូនប្រុសពៅរបស់លោក គឺលោក គង់ មុនីកា ជាប្រធាន។ ចំណែក លោក គង់ បូរ៉ា បានទៅសុំបម្រើការងារក្នុងនាយករដ្ឋានសុខភាពសត្វនៃក្រសួងកសិកម្ម ដែលជាកន្លែងក្របខណ្ឌចាស់របស់លោកពីមុន។ រីឯ លោក រៀល ខេមរិន្ទ្រ ឮថាចង់បង្កើតគណបក្សថ្មី តែព័ត៌មាននេះ នៅមិនទាន់ច្បាស់លាស់នោះទេ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អាជ្ញាធរ ឲ្យសម្រួលដល់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលទទួលបានសិទ្ធិនយោបាយ ក្នុងការធ្វើសកម្មភាពនយោបាយនិងការជួបជុំអ្នកគាំទ្រ។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាល បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលមិនទាន់ទទួលបានសិទិ្ធនយោបាយ ហើយនៅបន្តធ្វើសកម្មភាពនយោបាយ។
លោក សម រង្ស៊ី ប្រឹងអំពាវនាវពីក្រៅប្រទេសជាច្រើនលើក កុំឲ្យអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ទៅសុំសិទ្ធិនយោបាយពីរដ្ឋាភិបាល។ លោក ស្នើឲ្យក្រុប្រឆាំងបន្តរួមគ្នាទាមទារឲ្យដោះលែងលោក កឹម សុខា ជាមុនសិន ហើយបន្ទាប់មកចាំគិតគូររឿងផ្សេង។
មេដឹកនាំក្រុមប្រឆាំងរូបនេះ បានចាត់ទុកការសុំសិទ្ធិនយោបាយ ថាដូចជាគាំទ្ររដ្ឋាភិបាល ឲ្យបន្តឃុំលោក កឹម សុខា ហើយក៏មិនអាចធ្វើឲ្យអតីតគណបក្សប្រឆាំងរស់ឡើងវិញដែរ។ លោក ថែមទាំងចាត់ទុក អ្នកដែលទៅសុំសិទ្ធិនយោបាយ ថាជាជនក្បត់បក្សថែមទៀត។
អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងអស់ មាន១១៨នាក់ (ស្លាប់ម្នាក់) ដែលត្រូវបានតុលាការកំពូល ដកសិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ តែពេលនេះ មាន៩នាក់ហើយ ដែលបានសិទ្ធិនយោបាយវិញ បន្ទាប់ពីពួកគេ ធ្វើសំណើ៕