កីឡាជាតិ
ជាតិ
​ទោះ​ចាញ់​-​ចាញ់ តែ​លោក Felix ជឿថា អ្នកគាំទ្រ​យល់ច្បាស់​ពី​ទម្រង់​លេង​វិជ្ជមាន​របស់​ក្រុម​
25, Mar 2019 , 3:41 pm        
រូបភាព
លោក Keisuke Honda (ឆ្វេង) និងលោក Felix Dalmas ពេលដឹកនាំ U23 កម្ពុជាប្រកួតជាមួយកូរ៉េខាងត្បូង, រូបភាពពី FFC
លោក Keisuke Honda (ឆ្វេង) និងលោក Felix Dalmas ពេលដឹកនាំ U23 កម្ពុជាប្រកួតជាមួយកូរ៉េខាងត្បូង, រូបភាពពី FFC
ដោយ:
ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា អស់​ឱកាស​ឈានទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ AFC U23 Championship 2020 ក្រោយ​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​ក្រោម​ថ្វី​ជើង​អូស្ត្រាលី និង​កូរ៉េខាងត្បូង​។ គ្រូបង្វឹក​ក្រុម​កូរ៉េខាងត្បូង​បាន​ប្រៀបធៀប​រវាង​ជំនួប​ជាមួយ​កម្ពុជា និង​ឆាយ​នី​ស​តៃប៉ិ​ថា ការប្រកួត​ជាមួយ​កម្ពុ​ជាមាន​ភាពស្វិត​ស្វា​ញ និង​លំបាក​ជាង​ឆាយ​នី​ស​តៃប៉ិ​។ លោក Felix Dalmas ក៏បាន​អះអាង​ពី​ទម្រង់​លេង​វិជ្ជមាន​ក្នុងដំណាក់កាល​អភិវឌ្ឍ​ន៍​របស់​ក្រុម​ផងដែរ​។​

 
​គ្រូបង្វឹក​ក្រុម​កូរ៉េខាងត្បូង​លោក Hag Bum Kim បាន​ប្រៀបធៀប​រវាង​ជំនួប​ពីរលើក​កន្លងមក​រប​ស់​ខ្លួន​ថា ការជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុ​ជាមាន​ភាពលំបាក​ជាង​ជំនួប​ជាមួយ​ឆាយ​នី​ស​តៃប៉ិ​។ លំបាក​ដោយសារតែ ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុ​ជាមាន​ឆន្ទៈ និង​មហិច្ឆតា​ចង់​ឈ្នះ​ខ្ពស់​។ ម្យ៉ាង​ពួកគេ​ចង់​ឈ្នះ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ ថ្នាក់ដឹកនាំ និង​គ្រូបង្វឹក ដែលមាន​លោក Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​។ 


 លោក Hag Bum Kim គ្រូបង្វឹកក្រុម U23 កូរ៉េខាងត្បូង, រូបភាពពី FFC
 
​ក្រោយ​ដឹកនាំ U23 កូរ៉េខាងត្បូង​យកឈ្នះ​កម្ពុជា ៦-១ នា​ជំនួប​ពូ​ល H កាលពី​យប់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ គ្រូបង្វឹក​ជនជាតិ​កូរ៉េ​ខាងលើ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ដោយសារ​ថ្ងៃនេះ​(​អាទិត្យ​)​ភ្លៀង ធ្វើ​ឲ្យ​កីឡាករ​យើង​រអិល​ច្រើន ប៉ុន្តែ​យើង​នៅតែ​ធ្វើ​បានល្អ​។ យើង​យល់ថា ការប្រកួត​ជាមួយ​កម្ពុ​ជាមាន​ភាពលំបាក​ជាង​ឆាយ​នី​ស​តៃប៉ិ ព្រោះ​កម្ពុ​ជាមាន​ឆន្ទៈ​ចង់​ឈ្នះ​ខ្លាំង​ជាង​»​។​
 
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas នៅតែ​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​របស់​កូនក្រុម ទោះបី​ពួកគេ​មិនអាច​ស្វែងរក​ជ័យជម្នះ​បាន​ក៏ដោយ​។ លោក​អះអាងថា កូនក្រុម​លោក​មានការ​រីកចម្រើន​ទាំង​ទម្រង់​លេង និង​បច្ចេកទេស​។ បន្ថែម​លើ​នេះ​លោក​សង្ឃឹមថា អ្នកគាំទ្រ ក៏ដូចជា​ប្រជាពលរដ្ឋ នឹង​យោគយល់​ចំពោះ​លទ្ធផល​មិន​គាប់ប្រសើរ​របស់​ក្រុម​កម្ពុជា ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍន៍​។ 
 
​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​កូរ៉េខាងត្បូង លោក Felix Dalmas បាន​និយាយ​ដូច្នេះ​ថា​៖«​ការយក​ជ័យជម្នះ​ជូន​ជាតិ វា​គោលបំណង​សំខាន់​របស់​យើង​។ ប៉ុន្តែ​ក្រៅពី​លទ្ធផល ខ្ញុំ​សង្កេតឃើញ​ពី​ភាព​រីកចម្រើន​នៃ​ក្រុម​ទាំងមូល​។ ខ្ញុំ​អាច​នឹង​និយាយ​ដដែលៗ ខ្ញុំ​ស្រលាញ់ និង​ជឿជាក់​លើ​កីឡាករ​កម្ពុជា ពួកគេ​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍន៍​ខ្លួន​ទៅមុខ​»​។ 


 សកម្មភាពកីឡាករកម្ពុជាព្យាយាមដណ្តើមបាល់ជាមួយកីឡាករកូរ៉េខាងត្បូង, រូបភាពពី FFC
 
​ការបរាជ័យ ៦-០ ក្រោម​ថ្វី​ជើង​អូស្ត្រាលី និង​កូរ៉េខាងត្បូង ៦-១ នា​ជំនួប​លើក​ទី​២​ពូ​ល H កាលពី​យប់​ថ្ងៃទី​២៤  មីនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ AFC U23 Championship 2020​។ តែ​យ៉ាងណា ក្រុម​គោព្រៃ​កម្ពុជា​នៅសល់​ជំនួប​បង្គ្រប់កិច្ច​ជាមួយ​ឆាយ​នី​ស​តៃប៉ិ មួយ​ប្រកួត​ទៀត​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​អូស្ត្រាលី​ប៉ះ​កូរ៉េខាងត្បូង​។ 
 
​សម្រាប់​ជំនួប​ពូ​ល H កាលពី​ថ្ងៃអាទិត្យ នោះដែរ ក្រុម U23 អូស្ត្រាលី លត់​ក្រុម​ឆាយ​នី​ស​តៃប៉ិ​ក្នុង​លទ្ធផល ៦-០៕      
     

Tag:
 បាល់ទាត់​
  AFC U23
© រក្សាសិទ្ធិដោយ thmeythmey.com