ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ ទោះ​លោក សម រង្ស៊ី ចូល​ស្រុក ជាមួយ​មន្ត្រី​UN ក៏​សមត្ថកិច្ច​វាយខ្នោះ​ដែរ​
25, Mar 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ឲ្យ​តែ​លោក សម រង្ស៊ី មាន​វត្ត​មាននៅ​កម្ពុជា​ពេលណា សមត្ថកិច្ច​នឹង​ចាប់ខ្លួន​នៅពេលនោះ​។​ប្រមុខ​រដ្ឋាភិបាល នៅតែ​ព្រមាន​ចាប់ខ្លួន​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​រូបនេះ ដោយ​គ្មាន​ការលើកលែង​ឡើយ ។​


 
​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ នៅ​ថ្ងៃទី​២៥ មីនា សម្ដេច ហ៊ុន សែន បាន​និយាយ​ដោយ​មិន​ចំឈ្មោះ ដែល​គេ​ដឹង​សំដៅ​ទៅលើ​លោក សម រង្ស៊ី ថា សមត្ថកិច្ច​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការរង់ចាំ​ចាប់ខ្លួន​មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ ដែល​អះអាង​មាន​ខាង​អង្គការសហប្រជាជាតិ​ចាំ​ជួយ​នោះ​។ ត្រង់ចំណុច​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ទទួលបាន​ព័ត៌មាន​ពី​លោក សម រង្សី គ្រោង​ចូលមក​កម្ពុជា ហើយ​មានការ​អមដំណើរ​ជាមួយ​មន្ត្រី​អង្គការសហប្រជាជាតិ​នោះ បាន​ព្រមាន​ថា សម្ដេច​នឹង​បញ្ជា​ឲ្យ​សមត្ថកិច្ច​វាយខ្នោះ​លោក សម រង្ស៊ី នៅ​ហ្នឹង​កន្លែង​ភ្លាមៗ បើទោះជា​មាន​វត្តមាន​ខា​ង​អង្គការសហប្រជាជាតិ​មកជា​មួយ​ក្តី​។​

សូមស្តាប់សំឡេង៖



 
«​សុទ្ធតែ​អួតថា (​លោក សម រង្ស៊ី​) ឲ្យ​តែ​មក គឺមាន​ខាង​អង្គការសហប្រជាជាតិ​មកជា​មួយ​។ ចាំ​តើ​! បរទេស​មកជា​មួយ រឿង​បរទេស​! តែ​អញ​មាន​ទៅ​វាយខ្នោះ​បរទេស​ឯណា អញ​វាយខ្នោះ​អា​អ្នក​ដែលមាន​សាលដីកា​ពី​តុលាការ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន ក៏បាន​ព្រមាន​លោក សម រង្ស៊ី មិន​ឲ្យ​លួច​ចូល​កម្ពុជា តាម​ច្រក​ទល់ដែន​នោះទេ ព្រោះ​វា​គ្មាន​សុវត្ថិភាព​ឡើយ បានន័យថា កម្លាំង​សមត្ថកិច្ច​តាម​ច្រកព្រំដែន បាន​សហការ​ជាមួយ​ប្រទេសជិតខាង ក្នុងការ​ត្រៀមចាំ​ខ្លួន​មេដឹកនាំ​អតីត​បក្សប្រឆាំង​រួចហើយ​។​
 
​ក្រៅពី​ព្រមាន​លោក សម រង្ស៊ី លោកនាយក​រដ្ឋមន្ត្រី​រូបនេះ ក៏​ប្រាប់​ឲ្យ​មន្ត្រី និង​សកម្មជន ដែល​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់​សកម្មភាព ដែល​កំពុងតែ​រៀបចំ​គណៈកម្មការ​ចំពោះ​កិច្ច ក្នុង​ត្រៀម​ទទួល​វត្តមាន​លោក សម រង្ស៊ី ចូល​ស្រុក​នេះ​ផងដែរ​៕  

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com