ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមយុទ្ធ​ទ័ព​កម្ពុជា​-​ចិន ត្រូវ​បានបិទបញ្ចប់​
25, Mar 2019 , 4:39 pm        
រូបភាព
សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង លោក វាង វិ​ន​ធាន ឯកអគ្គ​រដ្ឋ​ចិន ប្រចាំ​កម្ពុជា បាន​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​បិទសយមយុទ្ធទ័ពកម្ពុជា-ចិន។ រូបពីក្រសួងការពារជាតិ
សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង លោក វាង វិ​ន​ធាន ឯកអគ្គ​រដ្ឋ​ចិន ប្រចាំ​កម្ពុជា បាន​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​បិទសយមយុទ្ធទ័ពកម្ពុជា-ចិន។ រូបពីក្រសួងការពារជាតិ
​ការធ្វើ​សមយុទ្ធ​រវាង​ទ័ព​កម្ពុជា​-​ចិន ដែល​ហៅថា «​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩»   ត្រូវបាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​​២៥ ខែមីនា ឆ្នាំ​២០១៩​នេះ​។  សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង លោក វាង វិ​ន​ធាន ឯកអគ្គ​រដ្ឋ​ចិន ប្រចាំ​កម្ពុជា បាន​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​បិទ​នេះ​។


 
​ក្រសួងការពារជាតិ បាន​ផ្សាយ​លើ​គេ​ទំព័រ​របស់ខ្លួន​ថា សមយុទ្ធ​រវាង​ទង​ព័រ​កម្ពុជា​-​ចិន មិន​មានការ​គំរាម​គំហែង​អ្នកណា​ទាំងអស់ តែ​ផ្ទុយទៅវិញ សមយុទ្ធ​នេះ គឺជា​ការបង្ហាញ​នូវ​ការចូលរួម​ថែរក្សា​សន្តិសុខ​ក្នុង​តំបន់ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​គ្នា​តែប៉ុណ្ណោះ ជាពិសេស​បទពិសោធ​ប្រយុទ្ធប្រឆាំង​អំពើ​ភេ​វរ​កម្ម និង​ការជួយ​សង្គ្រោះ​ប្រជា​ពល​រដ្ន ពេល​មាន​គ្រោះមហន្តរាយធម្មជាតិ ជាដើម​។ ក្រសួងការពារជាតិ ឲ្យ​ដឹង​ទៀត​ថា សមយុទ្ធ​នេះ ក៏​ជាការ​ចូលរួមចំណែក​ជំរុញ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន ឲ្យ​កាន់តែ​រឹងមាំ​ផងដែរ ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​កម្ពុជា​-​ចិន​។ 

សមយុទ្ធ​នេះ មាន​រយៈពេល​កន្លះ​ខែ គឺ​ចាប់​ផ្តើមធ្វើ​តាំងពី​ថ្ងៃទី​១៣ ខែមីនា​មក នៅ​ទីលាន​បាញ់​គ្រាប់​ពិត សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គី​រី របស់​កងពល​តូ​ចលេ​ខ​៧០ នៅ​ស្រុក​ជុំ​គី​រី ខេត្តកំពត​។​ ក្នុងការធ្វើ​សមយុទ្ធ​នេះ ទ័ព​ចិន មាន​​២៥២​នាក់ ហើយ​ទ័ព​កម្ពុជា មាន​២៥៤២​នាក់​។ អាវុធ​យុទ្ធ​ភ័​ណ្ឌ​សំខាន់ៗ ដែល​ប្រើប្រាស់​នៅក្នុង​សមយុទ្ធ មាន រថពាសដែក រថក្រោះ កាំភ្លើង​ធំ កាំភ្លើងត្បាល់ ឧ​ទ្ធ​ម្ភា​ចក្រ និង អាវុធ​គាំទ្រ​ពីលើ​អាកាស ជាដើម​។
​ក្រសួងការពារជាតិ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​បច្ចុប្បន្ននេះ ទំនាក់ទំនង​ចិន​-​កម្ពុជា បាន​ឈានដល់​ចំណុចកំពូល និង​ល្អ​ជាង​ពេលណាៗ​ទាំងអស់ ដែល​មិត្ត​ភាពជា​ដែកថែប​នេះ បានកើត​ឡើង ក្នុងដំណាក់កាល​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ស៊ី ជីន​ពីង ប្រ​ធា​នាធ​បិ​តី​ចិន​»។ 
 
​សូមបញ្ជាក់ថា សមយុទ្ធ​រវាង​ទ​ព័​កម្ពុជា​-​ចិន បានចាប់ផ្តើម​ធ្វើ​តាំងពី​ឆ្នាំ​២០១៦​មក​។ ប៉ុន្តែ កាលពី​ឆ្នាំ​២០១៧ បាន​ខកខាន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com