អ្នកស្រាវជ្រាវ​កសិកម្ម​៖ ការប្រើ​ថ្នាំពុល​គីមីកសិកម្ម​គ្មាន​បច្ចេកទេស​ធ្វើឱ្យមាន​ជំងឺ​ភ្លាមៗ ទាំង​អ្នក​ដាំ និង​អ្នក​បរិភោគ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
អ្នកស្រាវជ្រាវ​កសិកម្ម​៖ ការប្រើ​ថ្នាំពុល​គីមីកសិកម្ម​គ្មាន​បច្ចេកទេស​ធ្វើឱ្យមាន​ជំងឺ​ភ្លាមៗ ទាំង​អ្នក​ដាំ និង​អ្នក​បរិភោគ​
26, Mar 2019 , 8:59 am        
រូបភាព
លោក ប៉ុក បញ្ញា សាស្ត្រាចារ្យ​ផ្នែក​កសិកម្ម​នៅ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង អ្នកស្រាវជ្រាវ​ថ្នាំពុល​គីមីកសិកម្ម​
លោក ប៉ុក បញ្ញា សាស្ត្រាចារ្យ​ផ្នែក​កសិកម្ម​នៅ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង អ្នកស្រាវជ្រាវ​ថ្នាំពុល​គីមីកសិកម្ម​
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការប្រើប្រាស់​ថ្នាំពុល​គីមីកសិកម្ម​ដែល​មិន​ត្រឹមត្រូវ​តាម​ស្តងដារ និង​គ្មាន​បច្ចេកទេស ដូចជា​ការប្រើ​ថ្នាំពុល​ច្រើន​មុខ​លាយ​បញ្ចូល​គ្នា​ក្នុងពេល​តែមួយ និង​បាញ់ថ្នាំ​២-៣​ដង​ក្នុង​សប្តាហ៍ ទៅលើ​ដំណាំ ពិសេស​លើ​បន្លែ វា​នឹង​ធ្វើឱ្យ​អ្នកបាញ់​ថ្នាំពុល អ្នក​ដាំ និង​អ្នក​បរិភោគ កើត​ជំងឺ​ភ្លាមៗ​។ ជំងឺ​ទាំងនោះ​រួមមាន ខ្យល់គរ វិលមុខ ចុកពោះ រាគរូស និង​ក្អួត ហើយ​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយចំនួន​ក្នុង​រយៈ​វែង ដោយសារ​ពុល​គីមី​ពី​ថ្នាំ​កសិកម្ម​។  នេះ​ជាការ​លើកឡើង​របស់លោក ប៉ុក បញ្ញា សាស្ត្រាចារ្យ​ផ្នែក​កសិកម្ម​នៅ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង និង​អ្នកស្រាវជ្រាវ​ថ្នាំពុល​គីមីកសិកម្ម​។​

 
​លោក ប៉ុក បញ្ញា បាន​បន្ថែមថា ជំងឺ​ដែល​កើតឡើង​ចំពោះ​កសិករ​បាញ់​ថ្នាំពុល និង​អ្នក​ដាំ​ផ្ទាល់ គឺ​តាមរយៈ​ការ​ប៉ះ និង​ហិត​ផ្ទាល់​នូវ​សារធាតុពុល​គីមី ពិសេស​ក្នុងអំឡុង​កំពុង​បាញ់​ថ្នាំពុល​តែម្តង ដែល​ជ្រាប​ចូលក្នុង​ខ្លួន​តាមរយៈ​រន្ធ​ញើស និង​ស្បែក​មនុស្ស​។ ដោយឡែក ចំពោះ​អ្នក​បរិភោគ​វិញ ក៏​អាច​នឹង​ជួប​បញ្ហា​សុខភាព និង​ប្រឈម​ដូច​កសិករ​ផងដែរ ព្រោះ​សារធាតុពុល​ពី​ថ្នាំ​គីមី មាន​ទំហំ​ច្រើន​លើសលប់​នៅក្នុង​បន្លែ ឬ​នៅជាប់​បន្លែ និង​ដំណាំ​ផ្សេងៗ​។​
 
​ដើម្បី​បាន​ជ្រាប​ច្បាស់​ពី​បញ្ហា​នៃ​ការប្រើប្រាស់​ថ្នាំពុល​គីមីកសិកម្ម សូម​ស្ដាប់​សម្តី​របស់ លោក ប៉ុក បញ្ញា សាស្ត្រាចារ្យ​ផ្នែក​កសិកម្ម​នៅ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង និង​អ្នកស្រាវជ្រាវ​ថ្នាំពុល​គីមីកសិកម្ម​៖ 
 
 
​លោក ប៉ុក បញ្ញា បាន​និយាយ​ដូច្នេះ​៖« មូល​ហេតុដែល​ធ្វើឱ្យ​កសិករ​មួយចំនួន បាន​ប្រើ​ថ្នាំពុល​គីមី​២ ទៅ​៣​ដង ក្នុង​មួយ​សប្តាហ៍ ព្រោះ​នៅពេលដែល​កសិករ​បាញ់​ថ្នាំ​លើ​បន្លែ គឺ​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​សត្វល្អិត​ទាំងនោះ​។ អ៊ីចឹង​! អ្វីដែល​ខ្ញុំ​កំពុង​គិត​គឺថា ការប្រើ​ថ្នាំពុល​៣​ដង​ក្នុង​មួយ​សប្តាហ៍​នេះ ប្រហែល​មកពី​កសិករ​នោះ​ដូរ​ថ្នាំ និង​កំពុង​រាវរក​ថ្នាំពុល ដើម្បី​កម្ចាត់​សត្វ​ចង្រៃ​។ ម្យ៉ាងវិញទៀត ព័ត៌មាន​ដែល​កសិករ​ផ្តល់ឱ្យ​អ្នកបច្ចេកទេស​-​ដេប៉ូ​(​អ្នកលក់​) អត់​ច្បាស់ ឬក៏​អ្នកលក់​អត់​ច្បាស់​ពី​បញ្ហា​ដូចគ្នា ចឹ​ង​បានឱ្យ​ការ​ថ្នាំ​បាញ់​ទាំងនោះ​គ្មាន​មាន​ប្រសិទ្ធភាព​។ នេះហើយ​ដែលជា​កត្តា​ប្រឈម​ខ្លាំង​ចំពោះ​សុខភាព​»​។​
 

Tag:
 កសិកម្ម​
  បន្លែ​
  ថ្នាំពុល​
 ​គីមី​
  កណ្តាល​
  ២៥​ខេត្ត​-​ក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com