ជាតិ
សង្គមជាតិ
ទ័ពនាវាជើងទឹកឥណ្ឌាចតនៅកំពង់ផែព្រះសីហនុ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយទ័ពជើងទឹកកម្ពុជា រូបភាពបានពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តពញរះសីហនុ
× ភ្នំពេញ៖ នាវាកងទ័ពជើងទឹករបស់ឥណ្ឌាមួយគ្រឿងដែលមានឈ្មោះថា ICGS VIJIT (លេខ 31) បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅថ្ងៃទី២៥មីនា។ ការមកដល់នៃនាវានេះ គឺជាដំណើរទស្សនកិច្ចក្នុងដែនសមុទ្រកម្ពុជាដែលមាននាវិក និងនាយទាហានសរុប៩៥នាក់ ដឹកនាំដោយមេបញ្ជាការវរនាវីទោ លោក T ASHISH ក្នុងគោលបំណង សិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹកប្រទេសឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជា។
បើយោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនរួមគ្នា ពិសេសពង្រឹងទំនាក់ទំនងការទូត ក៍ដូចជាប្រជាជនជាដើម ដែលដឹកនាំដោយលោកមេបញ្ជាការ វរនាវីទោ លោក T ASHISH។
ជាមួយគ្នានេះ លោក រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ បាននិយាយថា នេះជាមោទកភាពដែលនាវាកងទ័ពជើងទឹកឥណ្ឌាបានមកចូលចតក្នុងការធ្វើទស្សនកិច្ចនៅកម្ពុជា។ ពិសេសការចូលចតនៅកំពងផែអន្តរជាតិក្រុងព្រះសីហនុ យើងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលចតរបស់នាវាកងទ័ពជើងទឹកឥណ្ឌា និងនាយនាវីនៅក្នុងទឹកដីខេត្តមាត់សមុទ្រ។
សូមបញ្ជាក់ថា នាវានេះមានបណ្តោយ៨០ម៉ែត្រ ជម្រៅទឹក ៤,៥០ម៉ែត្រ ជាប្រភេទនាវាបំពាក់ដោយប្រពន្ធនាំផ្លូវ បច្ចេកវិទ្យាស្វ័យប្រវត្តិ និងមានឧត្តម្ភាចក្រមួយគ្រឿង ដែលមានតួនាទីក្នុងការឆែកឆេរ ជួយសង្គ្រោះគ្រោះមហន្តរាយរយ:ចម្ងាយឆ្ងាយ ហើយការមកធ្វើដំណើរទស្សនកិច្ចនៅកម្ពុជានេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩មីនា ឆ្នាំ២០១៩៕
Tag:
កំពង់ផែ
នាវា
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com