ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជីវិតអ្នកល្ខោនបាសាក់បច្ចុប្បន្ន ប្រៀបដូចជារថយន្តចាស់ដែលទៅមុខយឺតៗ
26, Mar 2019 ,
6:29 am
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ សិល្បករល្ខោនបាសាក់ខេត្តកំពង់ចាម ត្អូញត្អែរពីជីវភាពខ្វះខាតរបស់ខ្លួន។ ខែប្រាំងជាខែដែលសម្បូរបុណ្យ ដូច្នេះអ្នកសិល្បៈក៏អាចរកចំណូលបានគួរសមដែរ។ តែទោះជាយ៉ាងណា ពួកគេត្រូវខំចាយត្បិត្បៀត ដើម្បីបម្រុងទុកចំណាយនៅរដូវវស្សា ដែលជារដូវមិនមានការសម្ដែង។ សិល្បករត្រូវស្នាក់នៅតាមឡាន នៅក្នុងវាលស្រែ ឬនៅជិតចេតិយវត្ត ដោយកម្របានផ្ទះស្នាក់នៅត្រឹមត្រូវណាស់។
ដើម្បីបានជ្រាបច្បាស់ សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ ៖
ក្នុងពីធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នាវត្តឧណ្ណាលោមនាពេលកន្លងទៅ បានផ្ដល់ឱកាសដល់ក្រុមល្ខោនបាសាក់ ពន្លឺ សុរិយា ចន្ទ្រា ខេត្តកំពង់ចាម បានមកសម្ដែងនៅទីក្រុងភ្នំពេញ។ ក្រុមល្ខោននេះត្រូវសម្ដែងក្នុងយប់ទីមួយនៃពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះសង្ឃរាជ។
លោក រ៉េន សាម៉ន គឺជាថៅកែក្រុមល្ខោនបាសាក់ ពន្លឺ សុរិយា ចន្ទ្រា ខេត្តកំពង់ចាម។ អង្គុយក្នុងរោងពិធី ក្រោយពីរាប់បាទប្រគេនព្រះសង្ឃរួច ទាំងដែលនៅតែងជាតួយក្យនៅឡើយ លោក សាម៉ន បានឆ្លៀតពេលផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ។ ឆ្លើយទាំងសម្ដីរួសរាយ សិល្បកររូបនេះ ថាក្នុងមួយខែជាមធ្យមក្រុមល្ខោនរបស់ខ្លួនទទួលបានការសម្ដែងប្រមាណ២០រោងនៅខែខ្សត់បុណ្យ។ ចំណែកនៅខែសម្បូរបុណ្យវិញ ក្រុមនេះចេញសម្ដែងពេញមួយខែតែម្ដង។ លោកសាម៉នបញ្ជាក់ ៖«ក្នុងមួយខែភាពច្រើនគេហៅបាន២០រោង។ ខ្ញុំទៅលេងគ្រប់ខេត្ត តម្រូវតាមគេត្រូវការ ក្នុងកម្មវិធីធំៗដូចជាបុណ្យចញ្ចុះសីមា បុណ្យអភិសេក បុណ្យឆ្លងសមិទ្ធិផលនានា ឬបុណ្យបច្ច័យបួន »។
អង្គុយនៅក្បែរកូនក្រុមដទៃទៀត បុរសវ័យ៥៣ឆ្នាំ ដែលកើតនៅខេត្តកំពង់ចាមរូបនេះ បានបង្ហើបពីតម្លៃក្នុងការសម្ដែងយ៉ាងដូច្នេះ ៖«តម្លៃជួនទាប ជួនខ្ពស់។ មួយយប់តម្លៃ១២០០ដុល្លារ។ បើទៅឆ្ងាយហើយមានស្ថានភាពលំបាក តម្លៃគួរសមទទួលយកបាន១៥០០ដុល្លារ។ បុណ្យខ្លះគេមានករុណាធម៌គេហៅទៅហូបអាហារដែរ តែបុណ្យខ្លះយើងជាអ្នកចេញបាយខ្លួនឯង។ យើងគ្រាន់តែសុំទឹកគេហូបទេ»។
ទោះជាយ៉ាងក៏ដោយ ការសម្ដែងមិនអាចចេះតែមានពេញមួយឆ្នាំនោះឡើយ សិល្បករទាំងអស់ចាំបាច់ត្រូវមានការងារផ្សេងក្រៅពីសិល្បៈ ដើម្បីរកចំណូលពេលមិនមានការសម្ដែង។ បុរសរាងខ្ពស់សង្ហារូបនេះ បានត្អូញត្អែរថា ទម្រង់សិល្បៈបុរាណមិនសូវមានការឧបត្ថម្ភច្រើនពីមហាជន ដែលជាហេតុនាំឱ្យក្មេងជំនាន់ក្រោយ ក៏មិនសូវស្គាល់ទម្រង់ល្ខោនបាសាក់ដែរ។ ៖« ចប់ពីការងារសិល្បៈគេធ្វើស្រែ និងមានមុខជំនាញផ្សេងៗទៀត។ សិល្បៈវប្បធម៌ខ្មែរនាពេលបច្ចុប្បន្ននេះមានការលំបាក។ ការទំនុកបម្រុងសិល្បៈបុរាណនាពេលបច្ចុប្បន្ននេះស្ទើរតែបាត់បង់ហើយ។ អ៊ីចឹងហើយបានជាក្មេងជំនាន់ក្រោយមិនសូវបានដឹងទម្រង់បាសាក់បុរាណមានលក្ខណៈយ៉ាងណា គ្រាន់តែអាចស្គាល់គោលៗខ្លះពីមនុស្សចាស់»។ នេះជាការមើលឃើញរបស់លោក សាម៉ន។
បើនិយាយពីជីវភាពរបស់ថៅកែល្ខោនរូបនេះ ស្ថិតនៅកម្រិតមធ្យម ដោយលោកត្រូវសន្សំប្រាក់ពីខែសម្បូរបុណ្យ បម្រុងទុងចំណាយនៅខែខ្សត់បុណ្យ ៖«ការលែងល្ខោននេះអាចជួយជីវភាពបានមធ្យម។ យើងរកប្រាំងទុកវស្សា។ ជីវិតសិល្បៈក្នុងមួយឆ្នាំៗ បានកម្រៃតិច គ្រាន់តែថាយើងអាចរស់បាន តែមិនមានធំដុំទេ»។
ចំណែកអ្នកស្រី ច័ន្ទ សេរី ជាតួសម្ដែងមួយរូបក្នុងក្រុមល្ខោនបាសាក់ខាងលើ។ ផ្លាស់សម្លៀកបំពាក់ល្ខោនរួចរាល់ ដើរតម្រុងមករោងអាហារ អ្នកស្រី សេរី បានរៀបរាប់ពីតួអង្គដែលខ្លួនធ្លាប់សម្ដែងក្នុងរឿងល្ខោនផ្សេងៗយ៉ាងដូច្នេះ ៖«កាលពី១៩៨៤ និង៨៥ និង៨៦ ខ្ញុំនៅលេងក្នុងក្រុមមហាជន ល្ខោនបាសាក់ស៊ីសាកេតមយូរា សោមដារិន។ ខ្ញុំដើរតួឯកភាគច្រើន»។
ស្ថិតក្នុងវ័យ៥២ឆ្នាំនេះ អ្នកស្រី ច័ន្ទ សេរី នៅតែគ្រងដំណែងតួឯកស្រីក្នុងរឿងខ្លះ នៅពេលដែលខ្វះតួក្មេង។ អ្នកស្រីថា ខែដែលក្រុមល្ខោនចេញសម្ដែងមិនចូលផ្ទះ គឺចាប់ពីខែមករារហូតដល់ខែមេសា។ តួឯកល្ខោនរូបនេះអះអាងថា ប្រមាណមួយឆ្នាំចុងក្រោយមានក្រុមល្ខោនថ្មីកើតច្រើន ជាហេតុធ្វើឱ្យក្រុមអ្នកស្រីមានពេលទំនេរខ្លះដែរ។ អ្នកស្រីបន្ថែមដូច្នេះ ៖«រវល់ក្នុងខែប្រាំងគឺចាប់ពីចុងខែ១០ទៅ។ នៅចុងខែ១រហូតដល់ខែ៤គឺលេងមិនចូលផ្ទះទេ។ ឥឡូវចូល២០១៨ ដល់២០១៩ ហ្នឹង ល្ខោនដុះច្រើន ដូច្នេះទំនេរនៅផ្ទះខ្លះ»។
ការសម្ដែងហាក់មមាញញឹកនៅខែខ្លះក្ដី តែអ្នកស្រី សេរី នៅតែមើលឃើញថាជីវភាពសិល្បករ ជួបការលំបាកច្រើន។ តែទោះជាយ៉ាងណាក៏ដោយ នៅពេលថ្មីៗនេះក្រុមល្ខោនរបស់អ្នកស្រី សេរី ទទួលបានការគាំទ្រនិងឧបត្ថម្ភពីជំទាវមួយរូប ដែលជួយឱ្យជីវភាពក្រុមនេះធូរស្រាលខ្លះដែរ។ អ្នកស្រី សេរី បញ្ជាក់ថា៖«ជីវភាពខ្វះខាតខ្លាំង។ ទើបតែពេលនេះទេ ដែលខ្ញុំស្គាល់លោកជំទាវ សៀង ចាន់ហេង គាត់ទទួលស្គាល់ល្ខោនខ្ញុំ គាត់ផ្ដល់ប្រាក់ឱ្យខ្ញុំបានច្រើន»។
ចូលសិល្បៈល្ខោនបាសាក់ពីឆ្នាំ១៩៨៤ ក្នុងអាយុ១៦ឆ្នាំ ស្ត្រីសម្ដីស្រាលរូបនេះ បានត្អូញត្អែរពីផលវិបាកពេលទៅសម្ដែងម្ដងៗយ៉ាងដូច្នេះ ៖«បើថាទៅឆ្ងាយវិញ ថ្មើរនេះដូចហាលលៀសអ៊ីចឹង អង្គុយនៅលើឡានក្ដៅណាស់។ ពេលខ្លះគេងនៅវាលស្រែ ខ្លះគេងនៅចេតិយក៏មាន។ សិល្បៈល្ខោនបាសាក់ហ្នឹងពិបាកណាស់ មិនមែនដូចសិល្បៈផ្សេងទេ»។
វ័យកាន់តែចាស់ទៅហើយ ស្ត្រីដែលមានកូន៤នាក់រូបនេះ ខិតខំបង្ហាត់ក្មេងៗជំនាន់ក្រោយឱ្យបន្តវេនពីខ្លួន៖«ខ្ញុំបង្ហាត់ក្មេងជំនាន់ក្រោយខ្លះដែរ។ រោងខ្លះឱ្យគាត់សម្ដែងតិចតួចសិន។ ដល់តួធំទើបឱ្យអ្នកចេះច្បាស់គេលេង»។
កំពុងអង្គុយចាំទទួលទានបាយលោក សុខ ពៅ វ័យ៥២ឆ្នាំ នៅតែគ្រងតំណែងតួឯងក្នុងរឿងមួយចំនួន នៅពេលដែលខ្វះតួក្មេង។ ទំនងជាក្រពះត្រូវការអាហារខ្លាំងនាម៉ោងជិត១២ថ្ងៃត្រង់នេះ លោក ពៅ ខំរៀបរាប់ពីទុក្ខលំបាក់របស់ខ្លួន ក្នុងគ្រាទៅសម្ដែងម្ដងៗ ទាំងផ្ទៃមុខស្រពាប់ស្រពោន ៖«ចេះតែលំបាកហើយ ការទៅសម្ដែងឆ្ងាយ អត់ងងុយតាមឡាន នេះហៅថាជីវិតផ្ញើលើឡាន។ ជួនកាលមិនមានពេលសម្រាក ត្រូវសម្ដែងទាំងងងុយ»។
ឆ្លើយតបស្របពេលសមាជិកក្រុមក្រោកចេញពីតុព្រោះតែកម្លៅថ្ងៃខ្លាំង លោក សុខ ពៅ ថាក្រៅពីការសម្ដែងលោកមិនមានមុខរបរអ្វីផ្សេងឡើយ ដែលលោកអះអាងថាខ្លួនចាស់មិនមានអ្នកជួលឱ្យទៅធ្វើការ។ ប្រាក់ចំណូលដែលបានពីការសម្ដែងក្នុងមួយយប់ ៨០,០០០ រៀល លោកត្រូវសន្សំទុកខ្លះ សម្រាប់ចំណាយពេលដែលមិនមានការសម្ដែង។ លោកពន្យល់ពីភាពលំបាកថា ៖«បើខែប្រាំងមានបុណ្យត្រូវសម្ដែងច្រើនមិនសូវអីទេ តែបើខែវស្សាពិបាក។ ជីវភាពខ្វះខាត ទាល់តែរកការងារផ្សេង ។ ខ្ញុំដល់វ័យប៉ុណ្ណេះហើយ គេមិនសូវយកទៅធ្វើការទេ ដូច្នេះមានការលំបាកច្រើន។ រកខែប្រាំងទុកហូបខែវស្សា»។
គេអាចបានមើលការសម្ដែងល្ខោនបាសាក់ នៅពេលមានពិធីបុណ្យធំៗ ដូចជាបុណ្យបញ្ចុះ សីមា បុណ្យចម្រើនព្រះជន្ម បុណ្យបច្ច័យបួន និងបុណ្យមួយចំនួនទៀត ប្រសិនបើម្ចាស់ដើមបុណ្យជួលទៅ។ សិល្បៈល្ខោនបាសាក់ក៏ស្ថិតក្នុងទម្រង់សិល្បៈបុរាណ ដែលត្រូវការការយកចិត្តទុកដាក់ខ្លាំងដែរ ព្រោះសិល្បៈមួយប្រភេទនេះ ហាក់នៅឆ្ងាយពីចំណាប់អារម្មណ៍យុវជន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
21 ម៉ោង
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
6 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម