ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពោះវៀន​នឹង​ងាយ​ខ្សោយ​បើសិនជា​អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​ទាំងនេះ​
27, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកវិទ្យាសាស្ត្រ​និយាយថា មាន​បញ្ហា​សុខភាព​ច្រើនណាស់​ដែល​ជាប់ទាក់ទង​នឹង​សុខភាព​ពោះវៀន​ខ្សោយ ដូចជា ការ​ថប់​អារម្មណ៍ បាក់​ទឹកចិត្ត ធាត់​ជ្រុល ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ជំងឺ​រលាក​សន្លាក់ អស់កម្លាំង​រ៉ាំរ៉ៃ និង​ការ​រលាក​ពោះវៀន​ជាដើម​។ យក​ល្អ​គួរតែ​ប្រាកដថា បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​មាន​ចំនួន​គ្រប់គ្រាន់ ដើម្បី​ថែរក្សា​សុខភាព​ពោះវៀន​បាន​។ ប៉ុន្តែ​បើសិនជា​អ្នក​ឧស្សាហ៍​មាន​បញ្ហា​ក្រពះ​ពោះវៀន ឬ​ពោះវៀន​ខ្សោយ វា​អាច​ដោយសារតែ​អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​ខាងក្រោម​នេះ​ច្រើនពេក ព្រោះ វា​ជា​អាហារ​ដែល​សម្លាប់​បាក់តេរី​ល្អៗ​ពី​ក្នុង​ពោះវៀន​។

 
​ជាតិ​ផ្អែម​
 
​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា ជាតិ​ផ្អែម​គួរតែ​ជា​រឿង​ដែល​ចៀសវាង​ដោយសារតែ​វា​អាចធ្វើ​ឲ្យ​ចង្កេះ​កាន់តែ​រីក​ធំ​។ ក្រៅពីនេះ វា​នឹង​ជួយ​ជំរុញ​ដល់​បាក់តេរី​អាក្រក់ៗ​ក្នុង​ពោះវៀន​កើនឡើង​ជាង​ល្អ រហូតដល់​ប៉ះពាល់​ដល់​មុខងារ​ពោះវៀន​បាន​។ 
 
​អាហារ​កៃ​ឆ្នៃ​
 
​អ្នកជំនាញ​ជាច្រើន​យល់ស្រប​ថា ធាតុ​ផ្សំ​ជាច្រើន​ដែល​គេ​យកមក​ធ្វើជា​អាហារ​កៃ​ឆ្នៃ អាច​បង្ក​គ្រោះថ្នាក់​ច្រើន​ដល់​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​។ ការ​ញ៉ាំ​អាហារ​កៃ​ឆ្នៃ ក៏​ប្រហែលជា​បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាច្រើន​ដែរ​ដូចជា ជំងឺ​បេះដូង និង​មហារីក​។ ដូច្នេះ​បើសិនជា​កំពុងតែ​ចូលចិត្ត​របស់​កៃ​ឆ្នៃ​ហើយ យក​ល្អ​គួរតែ​ដាក់​វា​ចុះ ហើយ​គិត​ឡើងវិញ ឬ​ជ្រើសរើស​អ្វី​ដែលជា​ធម្មជាតិ​ញ៉ាំ​ឲ្យ​ច្រើន​វិញ​ទៅ​។ 
 
​គ្រឿង​ស្រវឹង​
 
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​អាច​ជំរុញ​ឲ្យ​មាន​សុខភាព​ល្អ​បាន ដោយ​អាច​ញ៉ាំ​ត្រឹម​ពីរ​កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស និង​ស្ត្រី​អាច ១​កែវ​ក្នុង​មួយថ្ងៃ​។ ជា​អកុសល មនុស្ស​យើង​ច្រើនតែ​មិនអាច​គោរព​ទៅតាម​ក្បួន​ខាងលើនេះ​ទេ ហើយក៏​ច្រើន​តែមាន​ទម្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ រហូតដល់​បាត់បង់​បាក់តេរី​ល្អៗ​ពី​ក្នុង​ពោះវៀន​ទៀត​។​ អ្នក​អាច​សម្គាល់​ដឹង​រឿងនេះ តាមរយៈ​ការ​រាករូស ក្រោយពី​ញ៉ាំ​គ្រឿង​ស្រវឹង​រហូតដល់​ស្រវឹង​រួច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com