ជាតិ
សង្គមជាតិ
តុលាការ ឃុំកូនមេរាជអាវុធហត្ថខេត្តក្រចេះ ដែលវ៉ៃនិងយកកាំភ្លើងភ្ជង់យុវជនពីរនាក់
26, Mar 2019 , 10:49 am        
រូបភាព
លោក សាន្ត សុខុម កងរាជអាវុធហត្ថសក្តិ៤នៅខេត្តក្រចេះ និងជាកូនរបស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ
លោក សាន្ត សុខុម កងរាជអាវុធហត្ថសក្តិ៤នៅខេត្តក្រចេះ និងជាកូនរបស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ
លោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ចាម បានចេញដីកានៅថ្ងៃទី២៦មីនានេះ បង្គាប់ឲ្យឃុំលោក សាន្ត សុខុម ជាកងរាជអាវុធហត្ថសក្តិ៤នៅខេត្តក្រចេះ និងជាកូនរបស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ លោក សាន្ត សុខុម ត្រូវបានចោទពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយគំរាមកំហែងនឹងអាវុធ និងប្រើអាវុធដោយគ្មានការអនុញាត។



តាមរយៈវីដេអូដែលបែកធ្លាយលើបណ្តាញសង្គម លោក សាន្ត សុខុម បានវាយនិងដកកាំភ្លើងភ្ជង់យុវជនពីរនាក់ នៅកន្លែងអ៊ីនធឺណិតមួយ ក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី១៩មីនា។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានតាមដានរឿងនេះដែរ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) កាលពីព្រឹកថ្ងៃទី២៥មីនា សម្តេចនាយករដ្ឋមន្រ្តី បានព្រមានដកលោក សាន្ត ប៊ុនថាន ចេញពីតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បើមិនព្រមនាំកូនទៅដោះស្រាយបញ្ហា ដែលខ្លួនបានបង្ក។ 

លុះដល់ល្ងាច សាន្ត ប៊ុនថាន ក៏នាំកូន ទៅឲ្យកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីសាកសួរ។ បន្ទាប់ពីសួររួច កងរាជអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី រហូតឈានដល់ឃុំខ្លួនជាបណ្តោះអាសន្ន៕ 


Tag:
 តុលាការ
  សាន្ត សុខុម
© រក្សាសិទ្ធិដោយ thmeythmey.com