ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងយុត្តិធម៌ ច្រានចោល​សម្តី​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដែលថា​ខ្លួន​ការពារ​ស្ថាប័ន​តុលា​ការ​
26, Mar 2019 , 11:38 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងយុត្តិធម៌៖ លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
រូបពីហ្វេសប៊ុកក្រសួងយុត្តិធម៌៖ លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
​ភ្នំពេញ​៖ ក្រោយ​កិច្ចប្រជុំ​បញ្ចប់ទៅ ក្រសួងយុត្តិធម៌ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នៅតែ​បន្ត​ឆ្លើយឆ្លង​សម្ដី​គ្នា ដែល​ហាក់ដូចជា​បង្ហាញ​ពី​ភាពមិន​ចុះសម្រុង នៅក្នុង​ជំនួប​ពិភាក្សា កាលពី​ថ្ងៃទី​២២ មីនា កន្លងមក​។ សម្រង់​ខ្លឹមសារ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ចោទថា ក្រសួងយុត្តិធម៌​តែងតែ​បកស្រាយ​ការពារ​ស្ថាប័ន​តុលាការ ផ្ទុយ​ពី​ភារកិច្ច​ខ្លួន​។ តែ​ក្រសួងយុត្តិធម៌ ច្រានចោល​ការចោទប្រកាន់​នេះ​។

 
​ដើមចម​ដែល​នាំ​ឲ្យ​ក្រសួងយុត្តិធម៌ ចេញ​សម្តី​តបត​នេះ គឺ​ដោយសារតែ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ បាន​លើកឡើងថា រាល់​សំនួរ​របស់ខ្លួន ដែល​ពាក់ព័ន្ធ​រឿង​តុលាការ​នោះ ក្រសួងយុត្តិធម៌​មិនបាន​បកស្រាយ​ឲ្យ​ចំ​នោះទេ ដោយ​ក្រសួង​គ្រាន់តែ​និយាយ​ពី​ទ្រឹស្តី​ច្បាប់ និង​គោលការណ៍​បែងចែក​អំណាច និង​ឯករាជ្យ​របស់​តុលាការ​ប៉ុណ្ណោះ​។ ប៉ុន្តែ​រាល់​ការបកស្រាយ​ចុះឡើង​របស់​ក្រសួងយុត្តិធម៌ បែរជា​ការពារ​តុលាការ​ទៅវិញ ដោយ​ខកខាន​លើកឡើង​ពី​ភារកិច្ច​របស់​ក្រសួង ដែលជា​សេនាធិការ​រដ្ឋាភិបាល​ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​។​
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ក៏​រៀបរាប់​ពី​សំនួរ​មួយចំនួន ដែល​បាន​សួរ​ទៅ​ក្រសួងយុត្តិធម៌ ឲ្យ​បកស្រាយ​ដែរ ដោយ​ក្នុងនោះ​រួមមាន បញ្ហា​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នៃ​ជម្លោះដីធ្លី​នៅ​តំបន់​ពយ​ម៉ា​ចូ​វ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច​របស់​តុលាការ​។ បញ្ហា​ខ្វះ​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​លើ​ប្រព័ន្ធយុត្តិធម៌​, ការ​ព​ន្លឿ​ន​ការអនុវត្តន៍​នីតិវិធី​ជំនុំជម្រះ​, បរិបទ​ក្នុង​ពន្ធនាគារ​, រឿង​មិន​ប្រក្រតី​ក្នុងការ​កាត់សេចក្តី​នៅ​តុលាការ និង​បញ្ហា​គ្រឿងញៀន​ជាដើម​។​
 
​ដោយសារតែ​ចំណុច​ខាងលើ​នេះហើយ ទើប​ក្រសួងយុត្តិធម៌ ដែល​មិន​ពេញចិត្ត​ចំពោះ​ការលើកឡើង​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​យោបល់ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ បានចាត់ទុក​សម្តី​រប​ស់​អង្គភាព​មួយ​នេះ​ជា ការនិយាយ​មិន​ពិត ហើយ​បន្តុះ​បង្អាក់​មកលើ​ស្ថាប័ន​ខ្លួន​។ ក្នុងន័យនេះ​ក្រសួង​យុត្ត​ធម៌ នៅតែ​រក្សា​ជំហរ​ពន្យល់ថា សំនួរ​ដែល​ទាក់ទង​នឹង​ករណី​សំណុំរឿង​នៅ​ស្ថាប័ន​តុលាការ​មួយចំនួន​នោះ ខាង​ក្រសួង​បាន​ត្រឹម​បកស្រាយ​ជា​ទិដ្ឋភាព​រួម​នៃ​ច្បាប់​តែប៉ុណ្ណោះ​។ ត្រង់ចំណុច​នេះ ក្រសួងយុត្តិធម៌ បាន​លើក​ហេតុផល​ដូច្នេះ​ថា​៖«​ទី​១ ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​។ ទី​២ ក្រសួង​ត្រូវការ​ពេលវេលា​ក្នុងការ​សិក្សា​ស្រាវជ្រាវ ដើម្បី​ឲ្យ​បានដឹង​អំពី​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿង​ជាក់លាក់​ដែល​បានលើកឡើង​។ ក្នុងន័យនេះ​ក្រសួងយុត្តិធម៌​រីករាយ និង​ស្វាគមន៍​ដើម្បី​ទទួលយក​នូវ​ឯកសារ​ពាក់ព័ន្ធ នឹង​សំនួរ​ទាក់ទង​នឹង​រឿង​ជាក់លាក់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ឆ្លើយតប​ទៅតាម​ពេលវេលា​សមស្រប​ណាមួយ​»​។​
 
​ងាក​មក​បញ្ហា​សំនួរ​វិញ ក្រសួងយុត្តិធម៌ អះអាងថា សំនួរ​លក្ខណៈ​ទូទៅ​មួយចំនួន ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ស្ថាប័ន​ផ្សេង ដែល​មិនមែនជា​ភារកិច្ច​របស់​ក្រសួង​ឡើយ ដូចជា​បញ្ហា​ពុករលួយ​ជាដើម​។ ចំណែក​សំនួរ​ខ្លះទៀត គឺមាន​ភាពមិនច្បាស់លាស់ ហើយ​ពាក់ព័ន្ធ​ដល់​កិច្ចដំណើរការ​នីតិវិធី​របស់​តុលាការ ឬ​សាកសួរ​ទៅលើ​សាលដីកា​របស់​តុលាការ​តែម្ដង ទើប​ក្រសួង​ពុំមាន​មូលដ្ឋាន​ដឹង​ច្បាស់​ពី​សំណុំរឿង​ទាំងនោះ ដែល​ត្រូវ​ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​សិន ទើប​អាច​ឆ្លើយបាន​។​
 
«​ក្រសួងយុត្តិធម៌​មានការ​សោកស្ដាយ​ចំពោះ​សេចក្តីប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្ដែង​ទាំងស្រុង​នៃ​ទិដ្ឋភាព​កិច្ចប្រជុំ​។ នៅមុន​កិច្ចប្រជុំ​នេះ ក្រសួងយុត្តិធម៌​ក៏បាន​ឃើញ​អំពី​ភាព​ធ្វេសប្រហែស​មិន​យកចិត្តទុកដាក់​របស់​លេខាធិការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែល​បាន​សរសេរ​របៀបវារៈ​នៃ​កិច្ចប្រជុំ និង​បាន​ផ្សព្វផ្សាយ​លើ​ទំ​ព័ត​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​១៨ ខែមីនា កន្លងមក ដោយបាន​កំណត់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បកស្រាយ​អំពី​ដែន​សមត្ថកិច្ច​ក្រសួងបរិស្ថាន​ទៅវិញ​។ ក្រសួងយុត្តិធម៌​ជឿជាក់ថា លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នឹង​យកចិត្តទុកដាក់​ពង្រឹង​ការងារ​របស់ខ្លួន​ឡើងវិញ​…»​។ នេះ​ជាការ​លើកឡើង​របស់​ក្រសួងយុត្តិធម៌​។​
 
​តែ​យ៉ាងណា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​អះអាង​ឆ្លើយតប​វិញ​ថា អ្វីដែល​ខ្លួន​បានលើកឡើង សុទ្ធតែជា​ការពិត មិន​ដូច​អ្វីដែល​ក្រសួងយុត្តិធម៌​បដិសេធ​នោះទេ​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​សរសេរ​បកស្រាយ​តប​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងយុត្តិធម៌​យ៉ាង​ដូច្នេះ​ថា​៖«​លេខាធិការដ្ឋាន​នៅតែ​រក្សា​ជំហរ​របស់ខ្លួន​ដដែល ចំពោះ​ភាព​ពិតប្រាកដ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ដោយ​ឈរលើ​កំណត់ត្រា​ពី​សំណាក់​មន្ត្រី​១៥​នាក់ ហើយ​បាន​ផ្ទៀងផ្ទាត់​ជាមួយ​ឃ្លី​ប​សំឡេង​(​កិច្ចប្រជុំ​)»​៕

Tag:
 អង្គ វង្ស​វ​ឌ្ឍ​នា​
  យុត្តិធម៌​
  តុលាការ​
  ពិគ្រោះ​យោបល់
© រក្សាសិទ្ធិដោយ thmeythmey.com