កីឡាជាតិ
ជាតិ
AFC U23៖ ជំនួប​ជាមួយ​ឆាយ​នី​ស​តៃប៉ិ ជា​ឱកាស​ដែល​កម្ពុជា​ត្រូវ​បង្ហាញថា ពួកគេ​មិនមែនជា​ក្រុម​បាត​តារាង​
26, Mar 2019 , 12:19 pm        
រូបភាព
លោក Felix Dalmas និងក្រុមកីឡាករ U23 អំឡុងពេលហ្វឹកហាត់ត្រៀមជួបឆាយនីសតៃប៉ិ, រូបភាពពី FFC
លោក Felix Dalmas និងក្រុមកីឡាករ U23 អំឡុងពេលហ្វឹកហាត់ត្រៀមជួបឆាយនីសតៃប៉ិ, រូបភាពពី FFC
ដោយ:
​ទោះបីជា​ការប្រកួត​បង្គ្រប់​កិច្ច តែ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ត្រូវការ​ឈ្នះ​ក្រុម​ឆាយ​នី​ស​តៃប៉ិ​នៅ​យប់​នេះ ដើម្បី​ស្តារ​មុខមាត់ ក៏ដូចជា​ផ្គាប់ចិត្ត​អ្នកគាំទ្រ​។ ខណៈ​ក្រុម U23 អូស្ត្រាលី ត្រូវ​ប្រជែង​ជាមួយ​កូរ៉េខាងត្បូង ដើម្បី​ដណ្តើម​កៅអី​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ AFC U23 Championship 2020​។

 
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍ U23 ឆាយ​នី​ស​តៃប៉ិ សម្រាប់​ជំនួប​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​ពូ​ល H ក្នុង​ព្រឹត្តិការណ៍ AFC U23 Championship 2020 នៅ​ម៉ោង​៨​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩​។ នេះ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​សម្រាប់​ក្រុម​ទាំងពីរ បន្ទាប់ពី​ពួកគេ​បាន​រង​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​ដូចគ្នា​។​
 
​ទោះបី​យ៉ាងនេះ​ក្តី ក្រុម​គោព្រៃ​កម្ពុជា ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក Keisuke Honda រំពឹង​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម​ឆាយ​នី​ស​តៃប៉ិ​នៅ​យប់​នេះ ដើម្បី​ស្តារ​មុខមាត់ ក៏ដូចជា​ផ្គាប់ចិត្ត​អ្នកគាំទ្រ បន្ទាប់ពី​ពួកគេ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​ពីរ​ប្រកួត​ជាប់​គ្នា​កន្លងមក​។ បើ​មើ​លពី​ស្ថិត​ប្រកួត​ក្នុង​ពូ​ល H ក្រុម U23 កម្ពុជា​ហាក់​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាង​ឆាយ​នី​ស​តៃប៉ិ ក្នុងនោះ​កម្ពុជា​ចាញ់​អូស្ត្រាលី ៦-០ និង​ចាញ់​កូរ៉េខាងត្បូង ៦-១ ខណៈ​ឆាយ​នី​ស​តៃប៉ិ​ចាញ់​អូស្ត្រាលី ៦-០ តែ​ចាញ់​កូរ៉េខាងត្បូង ៨-០​។​
 
​គ្រូបង្វឹក​ក្រុម​កូរ៉េខាងត្បូង លោក Hag Bum kim ដែល​បាន​ដឹកនាំ​ក្រុម​ប្រកួត​ជាមួយ U23 កម្ពុជា និង​ឆាយ​នី​ស​តៃប៉ិ យល់ថា ការប្រកួត​ជាមួយ​ក្រុម​កម្ពុជា​មា​នភា​ព​ស្វិតស្វាញ និង​លំបាក​ជាង​ជួប​ឆាយ​នី​ស​តៃប៉ិ​។ នេះ​ក៏​ដោយសារតែ កីឡាករ​កម្ពុ​ជាមាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​យកឈ្នះ​ជាង​កីឡាករ​ឆាយ​នី​ស​តៃប៉ិ​។ «​យើង​យល់ថា ការប្រកួត​ជាមួយ​កម្ពុ​ជាមាន​ភាពលំបាក​ជាង​ឆាយ​នី​ស​តៃប៉ិ ព្រោះ​កម្ពុ​ជាមាន​ឆន្ទៈ​ចង់​ឈ្នះ​ខ្លាំង​ជាង​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​ក្រុម​កូរ៉េខាងត្បូង ក្រោយ​ជំនួប​ជាមួយ​កម្ពុជា​។ 
 
​មុន​ជំនួប​បង្គ្រប់កិច្ច​ខាងលើ ក្រុម U23 អូស្ត្រាលី​ត្រូវ​តតាំង​ជាមួយ U23 កូរ៉េខាងត្បូង ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFC U23 Championship 2020 តំណាង​ឲ្យ​ពូ​ល H នៅ​ម៉ោង​៥​រសៀល នា​ពហុ​កីឡដ្ឋាន​ជាតិ​។ នេះ​ជាការ​ប្រកួត​ដ៏​ជក់ចិត្ត និង​ស្វិតស្វាញ​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​រៀងៗ​ខ្លួន ដើម្បី​ធានា​កៅអី​ទៅ​វគ្គ​បន្ត​៕     

Tag:
 AFC U23 Championship 2020
  U23 កម្ពុជា​
  អូស្ត្រាលី​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com