អន្តរជាតិ
ថាក់ស៊ីន​៖ «​ក្នុង​វ័យ ៧០​ឆ្នាំ បើ​អាចបង្កើត​បក្ស​បាន ខ្ញុំ​នឹងដាក់​ឈ្មោះថា បក្ស​រីករាយ​នឹង​ជីវិត​»
26, Mar 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយនា​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​ចន្ទ​ទី ២៥ ខែមីនា​ថា ស្ថិតក្នុង​វ័យ ៧០​ឆ្នាំ បើសិនជា​លោក​អាចបង្កើត​គណបក្សនយោបាយ​បាន លោក​នឹងដាក់​ឈ្មោះថា «​គណបក្ស​រីករាយ​នឹង​ជីវិត​»​។


 
​ខណៈដែល​ប្រជាជន​ថៃ​បន្ត​ទន្ទឹងរង់ចាំ​លទ្ធផល​បោះឆ្នោត​សាកល​បណ្តោះ​អ​សន្ន​ដែល​ពោរពេញ​ដោយ​ភាពមិនប្រក្រតី  លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​បានចេញ​មុខ​ផ្តល់​បទសម្ភាសន៍​ជុំវិញ​បញ្ហានយោបាយ​ថៃ ដល់ទី​ភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​អ្នកនយោបាយ​ថៃ​ដ៏​មាន​ឥទ្ធិពល​រូបនេះ​បាន​ចោទប្រកាន់​ដោយ​បើកចំហ​ថាការបោះឆ្នោត​នៅ​ថ្ងៃ​ត្រូវ​បានរៀបចំ​ទុកជាមុន ដើម្បី​ធានា​ឲ្យ​ក្រុម​យោធា​រក្សា​អំណាច​របស់ខ្លួន​បន្តទៅ​។ លោក ថាក់ស៊ីន ព្រមាន​ជាមុន​ថា ក្រុម​យោធា​នេះ​ត្រៀមខ្លួន​ស្រេច​ដើម្បី​បំផ្លាញ​ប្រព័ន្ធ​នយោបាយ​ថៃ​ដើម្បី​រក្សា​អំណាច​ខ្លួន​ដែរ​។​
 
​ពេល​អ្នកកាសែត​សាកសួរ​ថា តើ​លោក​នឹង​ចូល​ស្រុកថៃ​ម្តងទៀត​ឬក៏​យ៉ាងណា មេដឹកនាំ​ដែល​ធ្លាក់​ពី​តំណែង​ដោយសារ​រដ្ឋប្រហារ​ឆ្នាំ ២០០៦ នេះ​បាន​ឆ្លើយតប​ថា ៖« ខ្ញុំ​មិន​ខ្វល់​ឡើយ ប៉ុន្តែ​ខ្ញុំ​នៅតែ​ស្រឡាញ់​ប្រទេសជាតិ​ខ្ញុំ និង​ស្រឡាញ់​ប្រជាជន​របស់ខ្ញុំ​ដូចគ្នា​ដែរ​។​
 
​ជុំវិញ​សំណួរ​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​របស់លោក​ក្នុង​នយោបាយ​ថៃ លោក ថាក់ស៊ីន បាន​អះអាង​ច្បាស់ៗ​ថា មកដល់​បច្ចុប្បន្ននេះ​លោក​លែងមាន​អំណាច​លើ​ការគ្រប់គ្រង​គណបក្សនយោបាយ​នៅ​ថៃ​ដែលមាន​ទំនាក់ទំនង​ជាមួយ​លោក​ទៀតហើយ​។ 
 
​និយាយ​ពី​គណបក្សនយោបាយ អតីត​មេដឹកនាំ​ថៃ​រូបនេះ​បន្ត​ដូច្នេះ​៖ «​ខ្ញុំ​មាន​វ័យ ៧០​ឆ្នាំ​ទៅហើយ​។ បើសិនជា​ខ្ញុំ​នឹងត្រូវ​បង្កើត​បក្សនយោបាយ​មួយ ខ្ញុំ​នឹង​បង្កើត​បក្ស​ដែលមាន​ឈ្មោះថា គណបក្ស​រីករាយ​នឹង​ជីវិត​»​។ 
 
​គណបក្សនយោបាយ​នានា​ដែល​ស្និទ្ធ​នឹង​ក្រុមគ្រួសារ​ស៊ីណា​វ៉ា​ត់​បន្ត​ឈ្នះ​រាល់​ការបោះឆ្នោត​រាប់​ចាប់ពី​ឆ្នាំ ២០០១​មក ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​ទាំងនោះ​ត្រូវបាន​ញាំញី​ដោយ​ចលនា​បាតុកម្ម​តាមផ្លូវ និង​ទម្លាក់​ពី​តំណែង​ដោយ​រដ្ឋប្រហារ​យោធា​ជាដើម​។ តួយ៉ាង ប្អូនស្រី​របស់លោក ថាក់ស៊ីន លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ត្រូវបាន​ក្រុម​យោធា​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ទម្លាក់​ពី​តំណែង​នៅ​ខែឧសភា​ឆ្នាំ ២០១៤​។ 
 
​ដោយឡែក​ក្នុង​បទសម្ភាសន៍​ដដែល​នោះ ពេល​សួរថា លោក សោកស្ដាយ​ឬ​អត់​ដែល​ការដឹកនាំ​របស់លោក ត្រូវបាន​គេ​ទិតៀន​ថា​ពោរពេញ​ដោយ​អំពើពុករលួយ ផ្តាច់ការ និង​បក្សពួកនិយម លោក ថាក់ស៊ីន បាន​ឆ្លើយតប​យ៉ាងខ្លី​ថា គ្មាន​អ្នកណាម្នាក់​ល្អឥតខ្ចោះ​ទេ​។ លោក​ប្រដូច​អ្វីដែល​ធ្លាប់​កើតឡើង​នៅ​ថៃ ទៅនឹង​ស្ថានភាព​នយោបាយ​មី​យ៉ាន់​ម៉ា និង​ឥណ្ឌូណេស៊ី​អំឡុងពេល​ប្រទេស​ទាំងនោះ​កាន់កាប់​ដោយ​របប​ពា​ក់ណ្តាល​ប្រជាធិបតេយ្យ​ដែរ​។  
 
«​គ្មាន​អ្នកណា​ត្រូវ ១០០​ភាគរយ​ទេ ឬ​ខុស ១០០​ភាគរយ​ទេ​។ យើង​ត្រូវ​រៀន​ពី​អតីតកាល មិនមែន​ក្លាយជា​អ្នកទោស​នៃ​ប្រវត្តិសាស្ត្រ​ឡើយ​។ មានតែ​វិធី​មួយ​ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​ថៃ​រីកលូតលាស់​បាន នោះ​គឺ​យើង​ត្រូវ​ប្រែក្លាយ​ប្រទេស​នេះ​ទៅជា​ប្រទេស​ប្រជាធិបតេយ្យ​ពេញលេញ និង​មានការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌​»​។ លោក ថាក់ស៊ីន បន្ថែម​ដូច្នេះ​។ 
 
​ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី លោក ថាក់ស៊ីន បង្ហាញ​ការ​ការសោកស្តាយ​ដែល​ការបោះឆ្នោត​សកល​ពីថ្ងៃ ២៤ មីនា​មិនមាន​មែន​ជា​ក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ និង​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់ខ្លួន​នោះ​៕
 

Tag:
 ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​
  បោះឆ្នោត​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com