អន្តរជាតិ
អាមេរិក ព្រមាន​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​វត្តមាន​យោធា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​
26, Mar 2019 , 9:39 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo បាន​ប្រាប់​ទៅកាន់​សម​ភាគី​រុស្ស៊ី Sergei Lavrov ថា ក្រុង​វ៉ាស៊ីនតោន នឹងមិន​នៅ​ស្ងៀម​ឡើយ ប្រសិនបើ​ក្រុង​ម៉ូស្គូ​បន្ត​ប​ញ្ចូ​ន​កងទ័ព​ខ្លួន​ទៅកាន់​វេ​ណេ​ស៊ុយ​អេ​ឡា ក្នុង​គោលដៅ​គាំទ្រ​របប​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ ទទូច​ឲ្យ​ភាគី​រុស្ស៊ី​កាត់បន្ថយ​ឥរិយាបថ ដែល​អាមេរិក​ចាត់ទុកថា «​គ្មាន​បានការ​» ក្នុង​វិបត្តិ​វេ​ណេ​ស៊ុយ​អេ​ឡា​។

 
 
​ការព្រមាន​នេះ គឺធ្វើឡើង​តាមរយៈ​ទូរ​សព្ទ​រវាង​លោក Pompeo និង​លោក​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov នៅ​ថ្ងៃទី​២៥ ខែមីនា​។ ការជជែក​គ្នា​នេះ កើតមាន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​ធ្លាយ​ដំណឹង​ថា យ៉ាងហោចណាស់​យន្តហោះ​យោធា​រុស្ស៊ី​ចំនួន​ពីរ​គ្រឿង ដែល​ដឹក​មន្ត្រី​ការពារជាតិ​ខ្ពស់​ម្នាក់ និង​កងទ័ព​ជាង​១០០​នាក់ បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​ដ៏​សំខាន់​មួយ​ក្នុង​រដ្ឋធានី​កា​រ៉ា​កា​សើ របស់​វេ​ណេ​ស៊ុយ​អេ​ឡា កាលពី​ថ្ងៃទី​២៣ ខែមីនា​កន្លងទៅ​។​
 
​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក លោក​រដ្ឋមន្ត្រី Pompeo គូសបញ្ជាក់ថា សកម្មភាព​រុស្ស៊ី​ដែល​បន្ត​បញ្ជូន​កងទ័ព​ខ្លួន​ទៅ​ជួយ​គាំទ្រ​របប​ប្រធានាធិបតី ម៉ា​ឌុយ​រ៉ូ បង្ក​ជា​បន្ទុក​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​គាំទ្រ​យ៉ាងខ្លាំង​ក្លា​លើ​លោក ហ័ន ក្វៃ​ដូ​។ បន្ថែម​ពីនេះ លោក​ក៏បាន​ស្នើ​ឲ្យ​ក្រុង​ម៉ូស្គូ​បន្ធូរបន្ថយ​ឥរិយាបថ​អវិជ្ជមាន​បែបនេះ និង​ចាប់ដៃ​ជាមួយ​ប្រជាជាតិ​ដទៃទៀត ដែល​មានបំណង​ស្វែងរក​អនាគត​ល្អប្រសើរ​ជាង​មុន​សម្រាប់​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​កំពុង​រង​ទុក្ខ​។​
 
​រុស្ស៊ី និង​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​ព្យាយាម​ពង្រឹង​ចំណងទាក់ទង​ជាមួយគ្នា​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ខណៈ​ទំនាក់ទំនង​រវាង​វេ​ណេ​ស៊ុយ​អេ​ឡា និង​អាមេរិក​កាន់តែ​ធ្លាក់​ដុនដាប​។ យោងតាម​ការចុះផ្សាយរ​បស់​កាសែត Washington Post កាលពី​ខែធ្នូ​កន្លងទៅ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​២​គ្រឿង ទៅ​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​របប​លោក ម៉ា​ឌុយ​រ៉ូ ។ 
 
​ទាក់ទិន​នឹង​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ក្រុង​មូ​ស្គូ បាន​ចេញមុខ​ថ្កោលទោស​រាល់​ប្រទេស​ណា​ដែល​បានទទួល​ស្គាល់ និង​គាំទ្រ​មេបក្ស​ប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា លោក ក្វៃ​ដូ ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទី​កាលពី​ខែមករា​។ ចំណែកឯ​លោក ម៉ា​ឌុយ​រ៉ូ បាន​ចោទប្រកាន់​លោក កៃ្វ​ដូ ថា ព្យាយាម​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​ទម្លាក់​លោក​ពី​តំណែង ដោយមាន​ជំនួយ​ពី​សហរដ្ឋអាមេរិក​។ ត្រង់នេះ វិមាន​ក្រេ​ម​ឡាំង​បាន​យល់ស្រប​នឹង​ការលើកឡើង​របស់លោក ម៉ា​ឌុយ​រ៉ូ ថែមទាំង​ប្តេជ្ញា​ធ្វើ​អ្វី​គ្រប់បែបយ៉ាង​តាម​តម្រូវការ​របស់លោក ម៉ា​ឌុយ​រ៉ូ ក្នុង​គោលដៅ​ជួយ​រក្សា​របប​មួយ​នេះ​កុំ​ឲ្យ​ដួល​រំលំ​ទៀតផង​។​
 
​មែនទែនទៅ ទំនាក់ទំនង​ដ៏​ស្អិតល្មួត​រវាង​ក្រុង​មូ​ស្គូ​និង​ក្រុង​កា​រ៉ា​កាស់ កើតមានឡើង​ចាប់តាំងពី​ជំនាន់​លោក​អតីត​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា Hugo Chávez កាលពី​ឆ្នាំ​១៩៩៩​មកម្ល៉េះ​។ កាលនោះ​រុស្ស៊ី គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំ​បំផុត​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​។ ក្រោយមក ក្រោម​អាណត្តិ​លោក ម៉ា​ឌុយ​រ៉ូ ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៣ បន្ទាប់ពី​លោក Chávez បាត់បង់​ជីវិត​ទៅ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​ពង្រីក​ការផ្តល់​កម្ចី​រាប់ពាន់​លាន​ដុល្លារ​ដល់​ក្រុង​កា​រ៉ា​កាស់​។ ភាគច្រើន​នៃ​កម្ចី​ទាំងនោះ មាន​លក្ខខណ្ឌ​មួយ ដោយ​វេ​ណេ​ស៊ុយ​អេ​ឡា​ត្រូវ​សង​វិញ​ជា​ប្រេង​។​
 
​កន្លងទៅ ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ឈ្មោះថា Rosneft បានផ្តល់​លុយ​ជាច្រើន​សន្ធឹកសន្ធាប់​ដល់​របប​លោក ម៉ា​ឌុយ​រ៉ូ ជា​ថ្នូរ​នឹង​សិទ្ធិ​កាន់កាប់​រួមគ្នា​លើ​ទីតាំង​បូម​ប្រេង​យ៉ាងហោចណាស់​ចំនួន ៥​កន្លែង​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​។ ថ្វីបើ​ល្បីឈ្មោះ​ជា​ប្រទេស​មាន​ប្រភព​ប្រេង​ច្រើន​បំផុត​មួយ​ក្នុង​ពិភពលោក ផលិតកម្ម​ប្រេង​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ក៏​ព្រោះតែ​អំពើពុករលួយ និង​កង្វះ​សមត្ថភាព​គ្រប់គ្រង​។ 
 
​ដោយសារ​កត្តា​ទាំងនេះ​គួបផ្សំ​ជាមួយនឹង​ការ​ជ្រៀត​ជ្រៀក​ពី​បរទេស ព្រមទាំង​គោលនយោបាយ​សេដ្ឋកិច្ច​បែប​សង្គមនិយម​ផង​នោះ វា​បាន​បង្ក​ឲ្យ​ផ្ទុះឡើង​នូវ​វិបត្តិ​សេដ្ឋកិច្ច និង​ន​យោ​យ​បាយ​នាពេល​បច្ចុប្បន្ន ដែល​បង្ខំ​ឲ្យ​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​រាប់លាន​នាក់​ជម្លៀស​ខ្លួន​ទៅ​ប្រទេសជិតខាង​៕
 

Tag:
 សហរដ្ឋអាមេរិក​
  រុស្ស៊ី​
  វេ​ណេ​ស៊ុយ​អេ​ឡា​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com