ជាតិ
រដ្ឋមន្ត្រី​កសិកម្ម ហាម​ម្ចាស់​សត្តឃាត និង​អាជីវករ​លក់​សាច់ជ្រូក​ដំឡើងថ្លៃ ខណៈ​ជំងឺប៉េស្ត​ជ្រូក​កំពុង​ផ្ទុះឡើង​
26, Mar 2019 , 9:59 pm        
រូបភាព
រូបភាពបានពីហ្វេសប៊ុក
រូបភាពបានពីហ្វេសប៊ុក
​ភ្នំពេញ​៖ ម្ចាស់​សត្តឃាត និង​អាជីវករ​លក់​សាច់ជ្រូក មិនត្រូវ​ឆ្លៀតឱកាស​ដំឡើងថ្លៃ ដោយសារ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​វៀតណាម​នោះទេ ។ នេះ​ជាការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​។​

 
​លោក វេ​ង សាខុន បាន​និយាយថា ការរីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​កាច​សាហាវ​នៅ​ប្រទេស​វៀតណាម​នេះ ប្រាកដជា​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​គ្រប់​កម្រិត រួមទាំង​អាជីវករ ម្ចាស់​សត្តឃាតដ្ឋាន ក្រុមហ៊ុន​ផលិត​ចំណី​ជ្រូក ដេប៉ូ​លក់​ចំណី​ជ្រូក ជាពិសេស​អ្នក​បរិភោគ​សាច់ជ្រូក​ជាដើម​។ តែ​យ៉ាងណា​បញ្ហា​នេះ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម អះអាងថា ក្រសួង​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ តាមរយៈ​ការបញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតាម​ព្រំដែន​ប្រទេស​វៀតណាម ត្រួតពិនិត្យ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក​នេះ ចូលមក​កម្ពុជា​។ ទន្ទឹមនឹង​ការដាក់ចេញ​វិធានការ​នេះ​លោក វេ​ង សាខុន ក៏​ហាម​អ្នក​ចិញ្ចឹម​ជ្រូក ម្ចាស់​សត្តឃាតដ្ឋាន និង​អាជីវករ​លក់​សាច់ជ្រូក​ទាំងអស់ ត្រូវ​រក្សា​តម្លៃ​សាច់ជ្រូក​ឲ្យ​នៅ​ដដែល ដោយ​មិនត្រូវ​ឆក់​ឱកាស​ដំឡើង​តម្លៃ​សាច់ជ្រូក​ជាដាច់ខាត​។​


លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបបានពីទំព័រហ្វេសប៊ុកក្រសួង)
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦ មីនា ដូច្នេះ​ថា​៖«​ក្តីបារម្ភ​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិនបាន​ព្រងើយកន្តើយ ហើយ​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការជួយ​ការពារ​ផលប្រយោជន៍​របស់​កសិក​រ​។ ជាក់ស្តែង​ក្រសួង​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ត្រូវ​សហការ​ជាមួយ​អន្តរ​ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពិសេស​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម សមាគម​អ្នក​ចិញ្ចឹម​ជ្រូក ផលិតករ អាជីវករ ដោយ​ត្រូវ​រូ​ម​គ្នា​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ខ្លឹមសារ​នៃ​សារាចរ​ណែ ស្តីពី​វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ​ជាបន្ទាន់​។​ជាមួយគ្នានេះ​ប្រធាន​មន្ទីរ និង​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ទាំង ៧​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ត្រូវអនុវត្ត​ខ្លឹម​សារាចរ​ណែនាំ​ឲ្យ​មាន​ប្រសិទ្ធភាព​»​។​
 
​បន្ថែម​ពីនេះ​លោក វេ​ង សាខុន ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ស្វែងយល់ និង​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ទៀត​អំពី​បញ្ហា​ប្រឈម ផលប៉ះពាល់​មកលើ​សង្គម​-​សេដ្ឋកិច្ចជាតិ សុខុមាលភាព​សាធារណៈ​។ ជាពិសេស​ត្រូវ​ពង្រឹង​ការធ្វើ​ជីវ​សុវត្ថិភាព​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ កន្លែង​ប្រមូលផ្តុំ​សត្វ​សត្តឃាតដ្ឋាន​ឲ្យ​បា​នល​ល្អប្រសើរ និង​រាយការណ៍​អំពី​ស្ថាន​ភាពខុសប្រក្រតី​នៃ​ជំងឺ​សត្វ និង​សាច់សត្វ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​ដល់​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​។ ចំណែក​គ្រប់​តួអង្គ​ពាក់ព័ន្ធ ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន ដៃគូ​អភិវឌ្ឍន៍​ជាតិ​និង​អន្តរជាតិ​ទាំងអស់ រួមទាំង​អង្គការ​សុខភាព​សត្វ​ពិភពលោក (OIE) អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ដើម្បី​ស្វែងរក​ប្រភព​ថវិកា ក្នុងការ​រៀបចំ​ទប់ស្កាត់​ជំងឺ​ទាំង​នៅមុន​ពេល​ផ្ទុះ និង​ក្រោយ​ផ្ទុះ​ជំងឺ​ក្នុង​ស្មារតី​ទទួលខុសត្រូវ ហើយ​ត្រូវ​ជៀសវាង​ការផ្សព្វផ្សាយ​ខុសពី​ការពិត​អំពី​ជំងឺ​នេះ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម សុខភាព​សាធារណៈ និង​សេដ្ឋកិច្ចជាតិ ។​
 
​ការចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា នា​ឆ្នាំ​២០១៨ មាន​ប្រមាណ​ជា ១,៩​លាន​ក្បាល និង​ជា​លក្ខណៈ​ឧ​ស្សហកម្ម​ប្រមាណ​ជា ០,៨​លាន​ក្បាល និង​មាន​កសិដ្ឋាន​គ្រប់​កម្រិត​ជាង ៦៧០​កសិដ្ឋាន​នៅ​ទូទាំងប្រទេស​។ បច្ចុប្បន្ន​ការកែប្រែ​ទម្លាប់​ពី​ការចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​មកជា​លក្ខណៈ​ឧស្សាហកម្ម កំពុង​រីកដុះដាល​យ៉ាង​លឿន ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ស្រប​ពេលដែល​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន គួ​ប្សំ​កំណើនប្រជាជន និង​កំណើន​ភ្ញៀវ​ទេសចរណ៍​ត្រូវការ​សាច់ ដែលជា​កត្តា​ជំរុញ​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​យកចិត្តទុកដាក់​គិតគូ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់សម័យ ដើម្បី​ផលិត​សាច់មាន​អនាម័យ និង​គុណភាព​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ។ ជាពិសេស​លើកកម្ពស់​ប្រសិទ្ធភាព​ផលិតកម្ម និង​ធានា​សុខុមាលភាព​សាធារណៈ​។​នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។​
 
​ឆ្នាំ​២០១៨ កម្ពុ​ជាមាន​តម្រូវការ​សាច់ជ្រូក​ចំនួន​១៥០​ពាន់​តោន​។ ក្នុងនោះ​សត្វ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​មាន​ចំនួន​២,៧​លាន​ក្បាល​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​ជិត​១០០​ពាន់​តោន និង​ចំនួន​៥០​ពាន់​តោន​ទៀត ត្រូវបាន​ចំណូល​ពី​ប្រទេសជិតខាង ពិសេស​ប្រទេស​វៀតណាម​។ នេះ​បើ​យោងតាម​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម ប្រាប់​សារព័ត៌មាន​Thmey Thmey៕
 
​គួរ​បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​លើកដំបូង​នៅ​ឆ្នាំ​១៩០៧ នៅ​ប្រទេស​កេ​ន​ញ៉ា ហើយ​វា​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ទៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក និង​ចុងក្រោយ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨ រួច​បន្ត​រាល​ឆ្លង​ចូលក្នុង​ប្រទេស​ចិន ។​បច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ កំពុង​បន្ត​រាលដាល​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ខាងជើង និង​កណ្តាល​នៃ​ប្រទេស​វៀតណាម​៕
 

Tag:
 វេ​ង សាខុន​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com