អន្តរជាតិ
មន្ទីរ​បញ្ច​កោណ បង្វែរ​លុយ​មួយ​ពាន់​លាន​ដុល្លារ​ទៅ​សង់​ជញ្ជាំង​ព្រំដែន​តាម​បំណង​លោក ត្រាំ
27, Mar 2019 , 8:39 am        
រូបភាព
​ប្រមុខ​ស្ដីទី​នៃ​មន្ទីរ​បញ្ច​កោណ ផា​ទ្រី​ក សា​ណា​ហាន់ បានសម្រេច​ចិត្ត​បញ្ចេញ​ប្រាក់​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី​យកទៅ​សាងសង់​ជញ្ជាំង​ព្រំដែន​តាម​សំណើ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​។ ការបញ្ចេញ​លុយ​ដ៏​ច្រើន​នេះ ធ្វើតាម​ស្របតាម​ការប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ពី​សំណាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ខែកុម្ភៈ​កន្លងទៅ​។ ដោយសារ​ដក​លុយ​ទៅធ្វើ​ជញ្ជាំង យោធា​អាមេរិក​ត្រូវ​បង្ខំចិត្ត​លុបចោល​សមយុទ្ធ​របស់ខ្លួន​មួយចំនួន​ផងដែរ​។

 
​ក្នុង​សេចក្ដីប្រកាស​របស់​ក្រសួងការពារជាតិ​អាមេរិក ទឹកប្រាក់​មួយ​ពាន់​លាន​ដុល្លារ​ដែល​អនុញ្ញាត​ឲ្យ​ចាយវាយ​ដោយ​រដ្ឋមន្ត្រី​ស្ដីទី ផា​ទ្រី​ក សា​ណា​ហាន់ នឹងត្រូវ​ចំណាយ​ជា​ចម្បង​លើ​ការសាងសង់​ជញ្ជាំង​ព្រំដែន​តាម​បណ្ដោយ​ព្រំដែន​រវាង​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក​ដែលមាន​ចម្ងាយ​៩២​គីឡូម៉ែត្រ ជាមួយនឹង​កម្ពស់​៥,៥​ម៉ែត្រ​។ លើសពីនោះ ទឹកប្រាក់​នេះ​ក៏​នឹងត្រូវ​ចាយ​លើ​ការសាងសង់​ផ្លូវ និង​ការដំឡើង​ភ្លើង​បំភ្លឺ​ផងដែរ​។ 
 
​លោក សា​ណា​ហាន់ បញ្ជា​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​យប់​ថ្ងៃទី​២៥ ខែមីនា ឲ្យ​កម្លាំង​វិស្វកម្ម​កងទ័ពជើងគោក​អាមេរិក​ចាប់​ផ្ដើមធ្វើ​សកម្មភាព​តាម​ផែន​ការដែល​ស្នើ​ដោយ​ក្រសួង​សន្តិសុខ​មាតុភូមិ និង​អង្គភាព​កម្លាំង​គយ និង​ការការពារ​ព្រំដែន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការពារជាតិ​អាម​រិ​ក​រូបនេះ បាន​ស្រង់​ច្បាប់​សំខាន់ៗ​របស់​អាមេរិក​ដែល​ផ្ដល់​អំណាច​ឲ្យ​មន្ទីរ​បញ្ច​កោណ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​អន្តរជាតិ​សំដៅ​គាំទ្រ​ដល់​ការទប់ស្កាត់​ការរត់ពន្ធ​គ្រឿងញៀន​។​
 
​ជាមួយគ្នានេះ សេត​វិមាន​ក៏​ប្រុង​បង្វែរ​លុយ​របស់​មន្ទីរ​បញ្ច​កោណ​៦​ពាន់​លាន​ដុល្លារ​ទៀតផង​ដែរ ប៉ុន្តែ​មិនទាន់​ច្បាស់​ថា អង្គភាព​ណា ឬ​ផែនការ​អ្វីដែល​នឹងត្រូវ​បាត់បង់​ថវិកា​ចំណាយ​របស់ខ្លួន​ឡើយ​។ គម្រោង​របស់​សេត​វិមាន​រង​ការរិះគន់​ខ្លាំង​ពី​បក្ស​ប្រជាធិបតេយ្យ និង​ក្រុម​សាធារណរដ្ឋ​របស់លោក ត្រាំ ដោយ​ព្រមាន​ថា ប្រធានាធិបតី​អាមេរិក​កំពុង​បំពាន​អំណាច​របស់ខ្លួន និង​បង្កើត​បញ្ហា​ប្រឈម​ដល់​ប្រទេសជាតិ​ទៀតផង​។​
 
​ការ​បង្វែរ​ថវិកា​កង​ទ័ព និង​ការពង្រាយ​យោធា​ទៅ​ព្រំដែន​ធ្វើ​ឲ្យ​មានការ​រង្កៀស​ចិត្តខ្លាំង​ក្នុងចំណោម​យោធា​អាមេរិក​។ កាលពី​សប្ដាហ៍​មុន មេបញ្ជាការ​កងទ័ព​ម៉ា​រី​ន Robert Neller បាន​ព្រមាន​ពី​គ្រោះថ្នាក់​មិន​ធ្លាប់មាន​លើ​កម្លាំង​ទ័ព​អាមេរិក​ជុំវិញ​ការពង្រាយ​យោធា​នៅតាម​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​។ ក្នុង​កំណត់ហេតុ​ទៅកាន់​លោក សា​ណា​ហាន់ មេទ័ព​រូបនេះ​បញ្ជាក់ថា លោក​បាន​លុបចោល ឬ​កាត់បន្ថយ​ទំហំ​សមយុទ្ធ​នៅ​ប្រទេស​យ៉ាងតិច​៥ ។​
 
​សព្វថ្ងៃនេះ រដ្ឋ​ចំនួន​១៦ បាន​ប្ដឹង​រដ្ឋបាល​លោក ត្រាំ ជុំវិញ​ការប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​នេះ​។ រដ្ឋ​ទាំងនោះ​ចោទ​រដ្ឋាភិបាល​សហព័ន្ធ​ថា បំពាន​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ចែង​ពី​ការចាត់ចែង​ថវិកាជាតិ​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​ស្ថាប័ន​នីតិបញ្ញត្តិ​ជា​អ្នកអារកាត់​រឿង​ថវិកា​សាធារណៈ​។ ពាក្យបណ្ដឹង​ក៏​ចោទសួរ​ពី​ការកំណត់​បញ្ហា​ព្រំដែន​ដើម្បី​ប្រកាស​ស្ថានភាព​អាសន្ន​ផងដែរ​៕
 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com