អន្តរជាតិ
EU ថា​«​ការបោះឆ្នោត​ថៃ​»​ជា​ជំហាន​ឆ្ពោះទៅ​ស្ដារ​អភិបាលកិច្ច​ប្រជាធិបតេយ្យ និង​ត្រៀម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី
26, Mar 2019 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សហភាព​អឺ​រ៉ុ​បាន​សរសើរ​ការបោះឆ្នោត​សកល​នៅ​ថៃ​កាលពី​ថ្ងៃអាទិត្យ​ទី ២៤ ខែមីនា ដែល​អហិង្សា និង​ចាត់ទុកថា វា​ជា​ជំហាន​មួយ​ឆ្ពោះទៅរក​ការស្តារ​អភិបាលកិច្ច​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ដែរ​។ យ៉ាងណាមិញ​ស្ថាប័ន​នេះ​បាន​ទទូច​ឲ្យ​គណៈកម្មការ​បោះឆ្នោត​ថៃ​ដោះស្រាយ​រាល់​បញ្ហា​មិន​ប្រក្រតី​ដែល​កើតឡើង​ក្នុងការ​បោះឆ្នោត​នេះដែរ​។​


 
«​ការបោះឆ្នោត​សភា​ជា​លើកដំបូង​ចាប់ពី​ឆ្នាំ ២០១១ កាលពី​ថ្ងៃអាទិត្យ​ដែល​គ្មាន​ហិង្សា​នេះ​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅរក​ការស្ដារ​អភិបាលកិច្ច​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ថៃ​»​។ អ្នកនាំពាក្យ​នៃ​ស្ថាប័ន​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ​នៃ​សហភាព​អឺរ៉ុប​លោកស្រី Maja Kocijančič បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន​ដូច្នេះ​។ 
 
 
 
​ក្រៅពី​សរសើរ​ដំណើរការ​បោះឆ្នោត​សភា​របស់​ថៃ អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា សហភាព​អឺរ៉ុប​រង់ចាំ​មើល​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ឆាប់ៗ​នេះ ហើយ​ក៏បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​គណៈកម្មការ​បោះឆ្នោត​ថៃ​ប្រញាប់​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​ដែល​បានកើត​ឡើង​ឲ្យ​បាន​រហ័ស​តាម​ដែល​អាចធ្វើ​បានដែរ​។​
 
​ដោយឡែក​អ្នកនាំពាក្យ​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា សហភាព​អឺរ៉ុប​ក៏​ទន្ទឹងរង់ចាំ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​នៅក្នុង​ប្រទេស​ថៃ​ផងដែរ ហើយ​សហភាព​អឺរ៉ុប​ត្រៀមលក្ខណៈ​ជាស្រេច​ដើម្បី​សហការ​ជាមួយ​រដ្ឋាភិបាល​នេះ​ដើម្បី​កសាង​សម្ព័ន្ធភាព​ទ្វេភាគី និង​ដើម្បីជា​ប្រយោជន៍​ប្រជាពលរដ្ឋ​ភាគី​ទាំងសងខាង​ដែរ​។​
 
«​យើង​ត្រៀមខ្លួន​ស្រេច​ហើយ​ដើម្បី​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​ថ្មី​ដើម្បី​កសាង​ទំនាក់ទំនង​ឲ្យ​បាន​ស៊ីជម្រៅ​ជាមួយ​ថៃ ដែល​នាំ​ប្រយោជន៍​ជូន​ដល់​ប្រជាជន​យើងទាំងអស់គ្នា​»​។ សេចក្តី​ថ្លែង​ការណ៍នោះបាន​បញ្ជាក់​ដូច្នេះ​។​
 
​សូម​រំលឹក​បន្តិច​ថា ទំនាក់ទំនង​រវាង​ថៃ និង​សហភាព​អឺរ៉ុប​ជាពិសេស​ទំនាក់ទំនង​នយោបាយ​ត្រូវបាន​ព្យួរ​ទាំងស្រុង​ក្រោយ​មាន​ចលនា​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​កាលពី​ថ្ងៃ ២២​ខែឧសភា​ឆ្នាំ ២០១៤​។ ប៉ុន្តែ​នៅ​ចុងឆ្នាំ ២០១៧ ក្រុមប្រឹក្សា​កិច្ចការបរទេស​សហភាព​អឺរ៉ុប​បាន​ឯកភាព​ស្តារ​ទំនាក់ទំនង​នយោបាយ​ជាមួយ​ថៃ​ឡើងវិញ និង​ត្រៀម​ចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឡើងវិញ​រួមគ្នា​ផងដែរ បន្ទាប់ពី​មានការ​ប្រកាស​ពី​សំណាក់​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ថា​ការបោះឆ្នោត​ត្រូវ​រៀបចំឡើង​ខែវិច្ឆិកា​ឆ្នាំ ២០១៨​។ ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី​ការបោះឆ្នោត​នេះ​ត្រូវបាន​ពន្យារពេល​ជា​បន្តបន្ទាប់​ទៀត​។​
 
​យ៉ាងណា​ក៏ដោយចុះ សហភាព​អឺរ៉ុប​មិន​បានទទួល​ការអញ្ជើញ​ពី​ថៃ​ដើម្បី​មក​ឃ្លាំមើល​ការបោះឆ្នោត​ចុងសប្តាហ៍នេះឡើ​យ ហើយ​ការបោះឆ្នោត​សកល​នៅ​ថៃ​ជា​លើកដំបូង​រាប់​ចាប់ពី​មាន​រដ្ឋប្រហារ​យោធា​នេះក៏​កំពុង​ក្លាយជា​រឿងចម្រូងចម្រាស​ក្នុង​នយោបាយ​ថៃ​ដែរ​។ នេះ​ក៏ដោយ​សារ វា​មាន​បញ្ហា​មិន​ប្រក្រតី​ច្រើន​កើតឡើង​ក្នុងការ​បោះឆ្នោត មានការ​ពន្យារពេល​ការប្រកាស​លទ្ធផល​ជា​បន្ត​បន្ទាប់ពី​សំណាក់​គណៈកម្មការ​បោះឆ្នោត ហើយ​គណបក្ស​កម្លាំង​ប្រជារាស្ត្រ ដែល​គាំទ្រ​យោធា​នោះ​ដណ្តើមបាន​អាសនៈ​ច្រើន និង​មានលទ្ធភាព​ច្រើន​ក្នុងការ​ឈានទៅ​បង្កើត​រដ្ឋាភិបាល និង​រក្សាទុក​លោក ប្រា​យុទ្ធ ជា​មេដឹកនាំ​ថ្មី​ទៀត​។​
 
​ទាក់ទិន​នឹង​ការបោះឆ្នោត​នេះដែរ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវបាន​យោធា​ទម្លាក់​ពី​តំណែង​ឆ្នាំ ២០០៦ នោះបាន​ចាត់ទុកថា ការបោះឆ្នោត​ថ្ងៃ ២៤ ខែមីនា​កន្លងទៅនេះ​ជាការ​រៀបចំ​ទុកជាមុន​ដើម្បី​រក្សា​អំណាច​របស់​ក្រុម​យោធា​សុទ្ធសាធ ហើយ​វា​គ្មាន​ភាពយុត្តិធម៌ និង​មិន​ត្រឹមត្រូវ​ឡើយ​។   អ្នកនយោបាយ​ដែលមាន​ប្រជាប្រិយភាព​ខ្ពស់​រូបនេះ​ក៏បាន​អះអាង​ដែរ របប​សឹក​ថៃ​កំពុង​ត្រៀម​បំផ្លាញ​ប្រព័ន្ធ​ដឹកនាំ​ថៃ​បច្ចុប្បន្ន ដើម្បី​តែ​អំណាច​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់​រូបលោក រាជាណាចក្រ​ថៃ​សក្តិសម​នឹងមាន​រដ្ឋាភិបាល​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​ទូទាំងប្រទេស មិនមែន​តំណាង​ឆន្ទៈ​ក្រុម​យោធា​ឡើយ​៕ 
 

Tag:
 សហភាព​អឺរ៉ុប​
  បោះឆ្នោត​ថៃ​
  ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com