ជាតិ
សង្គមជាតិ
ម្ចាស់​កាតគ្រី​រថយន្ត​ដែល​បើក​បុក​នារី​ម្នាក់​ស្លាប់ អះអាងថា បាន​លក់​រថយន្ត​នោះ​ជាង​៣​ឆ្នាំ​ហើយ​
26, Mar 2019 , 8:43 pm        
រូបភាព
ភ្នំពេញ​៖ បុរស​ឈ្មោះ សេង ពិទូរ្យ ដែលជា​ម្ចាស់​កាត់​គ្រី​រថយន្ត​ដែល​បាន​បើក​បុក​នារី​ម្នាក់​ឲ្យ​បាត់​បង់ជីវិត​នោះ បាន​អះអាង​តាម​គណនី​ហ្វេ​ស​ប៊ុ​កថា ខ្លួន​បាន​លក់​រថយន្ត​នោះ ប្រមាណ​៣​ឆ្នាំ​ហើយ​។ ហើយ​ពេល​កើតហេតុ ខ្លួន​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​រុស្ស៊ី​។ ការអះអាង​ដូច្នេះ​ធ្វើឡើង បន្ទាប់ពី​អត្តសញ្ញាណ​ម្ចាស់​រថយន្ត ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​នារី​ស្លាប់​ភ្លាមៗ​នោះ  ត្រូវបាន​ចែកចាយ​ពេញ​ហ្វេ​ស​ប៊ុ​ក  និង​ក៏មាន​ការប្តេជ្ញា​តាម​ជនបង្ក​មក​ផ្ទ​ន្ទា​ទោស​ដែរ​។

 
​ក្រៅតែពី​បដិសេធ​បង្កហេតុ ឈ្មោះ សេង ពិទូរ្យ ក៏​ជំរុញ​អ្នកបើករថយន្ត​បង្ក​គ្រោះថ្នាក់ ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ក្រុមគ្រួសារ​ជន​គ្រោះ​ផងដែរ​។ 
 
​ភ្លាមៗ​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្តេជ្ញា​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ឲ្យ​បាន ដោយបាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នកបើកបរ​ដែល​បង្កហេតុ មក​ផ្តន្ទាទោស​តាមច្បាប់​។ លោក ស ថេត បញ្ជាក់ថា​៖«​នៅពេលនេះ​ខ្ញុំ​បាន និង​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន ទាំង​មនុស្ស និង​រថយន្ត គឺ​មិន​ឲ្យ​រួចខ្លួន​ឡើយ​»​។ នេះ​បើតាម​ការដកស្រង់​សម្ដី​របស់ អង្គភាព Fresh News​។ 
 
​ដោយឡែក លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ បានបង្ហាញ​ការសោកស្ដាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ចំពោះ​ហេតុការណ៍ និង​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជនបង្ក​ឲ្យ​ទទួលទោស​តាមច្បាប់​។​
 
 សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ កើតឡើង​នៅក្រោយ​ផ្សារ TK សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ដោយ​រថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​ដ៏​លឿន បាន​បុក​និស្សិត​ស្រី វ័យ​២២​ឆ្នាំ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ជនរងគ្រោះ​មាន​ទីលំនៅ​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​ជា​និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com