ជាតិ
សង្គមជាតិ
ម្ចាស់​រថយន្ត​ដែល​បើក​បុក​និស្សិត​ស្រី​ស្លាប់ អះអាងថា​ប្រគល់​រថយន្ត និងអ្នកបើកបរ​ ទៅ​សមត្ថកិច្ច​
26, Mar 2019 , 10:38 pm        
រូបភាព
​ភ្នំពេញ​៖ ឈ្មោះ យិន ង្គិ​ច ​​ម្ចាស់​រថយន្ត​ដែល​​​បុក​នារី​ម្នាក់​ស្លាប់​ពិតប្រាកដ  បាន​ចេញមុខ​ទទួលខុសត្រូវ​គ្រប់យ៉ាង ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង នៅ​យប់​ថ្ងៃទី​២៦ ខែមីនា​នេះ បន្ទាប់ពី​ម្ចាស់​កាត​គ្រី​រថយន្ត ឈ្មោះ​សេង ពិទូរ្យ អះអាងថា​បាន​លក់​រថយន្ត​ប្រមាណ​៣​ឆ្នាំ​ហើយ​។ ក្រៅតែពី​ទទួលខុសត្រូវ ឈ្មោះ យិន ង្គិ​ច ក៏​អះអាង​ដែរ​ថា​នឹង​ប្រគល់​រថយន្ត​បង្កហេតុ និង​អ្នកបើកបរ ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

 
​លោក យិន ង្គិ​ច បាន​ទទួលស្គាល់ថា ខ្លួន​បាន​ទិញ​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​នារី​ម្នាក់​នោះ បន្ត​ពី​ឈ្មោះ សេង ពិទូរ្យ កាលពី​ឆ្នាំ​២០១៦​។ នេះ​បើតាម​អង្គភាព Fresh News​។​អង្គភាព​នេះ បន្ត​ស្រង់​សម្តី​ម្ចាស់​រថយន្ត​ពិតប្រាកដ​ឈ្មោះ​យិន ង្គិ​ច ទៀត​ដូច្នេះ​៖«​រថយន្ត​មួយគ្រឿង​នេះ ខ្ញុំ​បាន​ទិញ​ពី​កន្លែង​លក់​រថយន្ត​មួយកន្លែង នៅ​ទល់មុខ​ក្រសួងផែនការ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ដែល​ម្ចាស់​ដើម​ឈ្មោះ សេង ពិទូរ្យ បាន​លក់​មក​កា​រ៉ា​ស់​ឡាន​មួយកន្លែង​នេះ ប៉ុន្តែ​មិនទាន់បាន​កាត់ឈ្មោះ​»​។​
 
​តាម Fresh News ដដែល លោក យិន ង្គិ​ច អះអាងថា​នឹង​ប្រគល់​រថយន្ត​បង្កហេតុ និង​អ្នកបើកបរ​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ កើតឡើង​នៅក្រោយ​ផ្សារ TK សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ដោយ​រថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​ដ៏​លឿន បាន​បុក​និស្សិត​ស្រី វ័យ​២២​ឆ្នាំ​ម្នាក់​ស្លាប់​។ ជនរងគ្រោះ​និង​ជា​និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន មាន​ទីលំនៅ​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com