ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល គ្រោង​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក នៅ​ឆ្នាំក្រោយ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អ្នករកស៊ី​នៅ​កម្ពុជា​
27, Mar 2019 , 9:54 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល គ្រោង​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក នៅ​ឆ្នាំក្រោយ ដើម្បី​សម្រួល​ដល់​ការរកស៊ី​របស់​វិនិយោគិន​នៅ​កម្ពុជា​។​

 
«​ប្រទេស​កម្ពុជា​ក្រ ប៉ុន្តែ​មាន​ថ្ងៃ​ឈប់សម្រាក​ច្រើនជាង​ប្រទេស​អ្នកមាន​ដ៏​ទៅ​ប៉ុន្មាន​ដងនោះ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​និយាយថា កម្ពុ​ជាមាន​ថ្ងៃ​ឈប់សម្រាក​ចន្លោះ​ពី​២៨​ទៅ​៣០​ថ្ងៃ​ក្នុង​មួយឆ្នាំ ហើយ​ច្រើនជាង​ប្រទេស​សិង្ហ​បុរី ដែល​មានតែ​ថ្ងៃ​ឈប់សម្រាក​តែ​១១​ថ្ងៃ​ប៉ុណ្ណោះ​។​
 
​ដោយសារតែ​ឃើញ​ថ្ងៃ​ឈប់សម្រាក​ច្រើន​នេះហើយ ទើប​សម្ដេច ហ៊ុន សែន ចង់​កាត់បន្ថយ​ថ្ងៃ​ឈប់​ខ្លះ ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ កុំ​ឲ្យពួកគេ​សាញ​ក្នុងការ​ដាក់ទុន​រកស៊ីនៅកម្ពុជា​។ ម្យ៉ាងវិញទៀត រដ្ឋាភិបាល ក៏បាន​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​ជា​បន្តបន្ទាប់ តាមរយៈ​សម្របសម្រួល​ជាមួយ​ម្ចាស់​រោងចក្រ និង​អ្នកវិនិយោគ​នានា ដូច្នេះ​រដ្ឋាភិបាល​ក៏​ត្រូវរៀបចំ​ធ្វើយ៉ាងណា កុំ​ឲ្យ​អ្នករកស៊ី​ទាំងនោះ​ខាតបង់ ឬ​ប៉ះពាល់​ចង្វាក់​ការងារ ដោយសារតែ​ការឈប់​សម្រាក​ច្រើន​នេះដែរ​។​
 
​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត នៅ​ព្រឹក​ថ្ងៃទី ២៧ មីនា​នេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា បើ​ថ្ងៃ​ឈប់សម្រាក​មួយថ្ងៃៗ​នោះ ត្រូវដាក់ថា​ថ្ងៃ​សម្រាក​នៅក្នុង​ប្រតិទិន ប៉ុន្តែ​មិនបាច់​សម្រាក​ទេ គឺ​ធ្វើការ​ធម្មតា ។​ប៉ុន្តែ​ចាំ​យក​ថ្ងៃ​ឈប់សម្រាក ដែល​កម្មករ និង​បុគ្គលិក​មិនបាន​ឈប់​នេះ យកទៅ​បូក​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ ឬ​ថ្ងៃ​ចូលឆ្នាំ ដោយ​សម្រេច​ឲ្យ​ពួកគេ​ឈប់សម្រាក​យូរ​ជាង​មុន​។ បើតាម​សម្ដេច ហ៊ុន សែន ការធ្វើ​បែបនេះ គឺ​ដើម្បី​ទប់​អ្នករកស៊ី មិន​ឲ្យ​ងាក​ចេញពី​កម្ពុជា​។​ រដ្ឋាភិបាល នឹងពិភាក្សាជាមួយក្រសួង វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធលើបញ្ហាឈប់សម្រាកនេះ។

សូមស្ដាប់សំឡេង៖
 
 
​ទាក់ទង​ថ្ងៃ​ឈប់សម្រាក​ច្រើន​នេះ អ្នកវិនិយោគ និង​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ ក៏​ធ្លាប់​រអ៊ូរទាំ​ពី​ផលប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​របស់​ពួកគេ​កន្លងមក​ដែរ​។ ការឈប់​សម្រាក​ច្រើន វា​ធ្វើ​ឲ្យ​សង្វាក់​ផលិតកម្ម​មាន​ភាពយឺត​យ៉ាវ និង​ស្ទះ ដែល​ធ្វើ​ឲ្យ​ការផលិត​មានការ​ចំណាយ​ខ្ពស់ ហើយ​ពិបាក​នឹង​ប្រកួតប្រជែង​។ ត្រង់ចំណុច​នេះ​លោក តែ តុង​ប៉ សម្ព័ន្ធ​សហគមន៍​សហគ្រាស​ធុន​តូច និង មធ្យម​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​វិស័យ​ឯកជន​បានស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​សុំ​មិន​ឲ្យ​មានការ​ឈប់​លើក​ថ្ងៃ​បន្ថែម លើសពី​ថ្ងៃបុណ្យ​ជាតិ​ឡើយ ។ បើតាម​លោក តុង​ប៉ ការកាត់បន្ថយ​ថ្ងៃ​ឈប់​ជា​រឿង​មួយ​ល្អ​សម្រាប់​ពង្រឹង​ការផលិត​សហគ្រិន​។​
 
​សម្រាប់​អ្នកវិភាគ​សេដ្ឋកិច្ច​វិញ ក៏​មើលឃើញ​ពី​ផល​វិជ្ជមាន​នៃ​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​នេះដែរ​។ 
​តាមរយៈ​ការ​គណនា​បែប​សេដ្ឋកិច្ច លោក គី សេរី​វឌ្ឍន៍ បាន​ព្យាករ​ថា កម្ពុជា នឹង​កើន​ចំណូល​ថវិកាជាតិ​យ៉ាងតិច ១៥០​លាន​ដុល្លារ​អាមេរិក បើសិនជា​រដ្ឋាភិបាល​ស​ម្រេច​លុបចោល​ថ្ងៃ​បុណ្យជាតិ​មិន​សំខាន់​ចំនួន ៧ ថ្ងៃ ចេញពី​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​បច្ចុប្បន្ននេះ​៕

Tag:
 ហ៊ុន សែន​
 ​សម្រាក​
  បុណ្យជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com