ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទប់​ទល់នឹង​បញ្ហា​អារម្មណ៍​ឆាប់​ខឹងឆេវ​ឆាវ​បាន​យ៉ាង​ងាយ ដោយ​គ្រាន់តែ​ទទួលទាន​អាហារទាំងនេះ​
27, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងករណី​មួយចំនួន អារម្មណ៍​ឆាប់​ខឹងឆេវ​ឆាវ គឺ​បណ្ដាលមកពី​ឥទ្ធិពល​នៃ​សារធាតុ​មួយចំនួន​ដូចជា នីកូទីន​, កាហ្វេ​អ៊ី​ន និង​ជាតិ​អាកុល​។ ហើយ​ពេលខ្លះ​វា​ក៏​កើតឡើង​ដោយសារតែ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ផងដែរ​។  បញ្ហា​អារម្មណ៍​ឆាប់​ខឹង​ឆេវឆាវ​ថែមទាំង​អាច​បណ្ដាលមកពី​អតុល្យភាព​នៃ​អ័រម៉ូន​ទៀតផង ដោយ​វា​អាចធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ដែល​កំពុង​មក​រដូវ​, ជិត​អស់​រដូវ ឬ​អស់​រដូវ ងាយ​នឹង​ផ្លាស់ប្ដូរ​លឿន​។ ដំណោះស្រាយ​នៃ​បញ្ហា​ឆាប់​ខឹងឆេវ​ឆាវ គឺមាន​ច្រើន ហើយ​ខុសគ្នា​អាស្រ័យ​លើ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​អារម្មណ៍​មិន​ប្រក្រតី​នេះ​។ យោងទៅតាម​អ្នកជំនាញ​ជាច្រើន​បាន​ឲ្យ​ដឹងថា អាហារ​អាចជួយ​គ្រប់គ្រង ក៏ដូចជា​លើក​អារម្មណ៍​របស់​អ្នក​ដែល​ឆាប់​ខឹង​បាន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​អាហារ​មួយចំនួន​ដែល​ជួយ​ទប់ទល់ ក៏ដូចជា​ដោះស្រាយ​បញ្ហា​អារម្មណ៍​ឆាប់​ខឹង​ឆេវឆាវ​បាន​យ៉ាង​ឆាប់រហ័ស ៖

 
១. ផ្លែ​ចេក​
 
​តើ​អ្នក​ធ្លាប់​បានដឹង​ទេ​ថា​ផ្លែឈើ​ត្រូពិច​ធម្មតា​មួយ​ផ្លែ​នេះ គឺមាន​ប្រសិទ្ធិ​ភាពល្អ​បំផុត​ចំពោះ​ការរក្សា​លំនឹង​នៃ​អារម្មណ៍​? ប្រសិនបើ​អ្នក​ចេះតែ​ឆាប់​ខឹង​ទប់​មិនបាន ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ចេក​។​
 
២. បឺ​រ​សណ្ដែកដី​
 
​ប្រសិនបើ​អ្នក​តែងមាន​អារម្មណ៍​ឆាប​ខឹង​រាល់​ថ្ងៃនោះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទទួលទាន​បឺ​រ​សណ្ដែកដី​ជាមួយ​ផ្លែ​ចេក​។ អាហារ​ប្រភេទ​នេះ​ជួយផ្ដល់​ឲ្យ​ខួរក្បាល​នូវ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ល្អៗ​ទាំងអស់​ដែល​ខួរក្បាល​ត្រូវការ​ដើម្បី​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​ប្រសើរ​បំផុត​។ បឺ​រ​សណ្ដែកដី​ថែមទាំង​ជួយ​បង្កើន​ថាមពល​រាងកាយ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ផងដែរ​។​
 
៣. ម្ស៉ៅ​ធញ្ញជាតិ​
 
​វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា អ្នក​ដែល​ងាយ​នឹង​ឆាប់​ខឹង​មាន​ទំនោរ​ឈាន​រក​បញ្ហា​នៃ​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​។ ដូច្នេះ​ដើម្បី​បំពេញ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​រាងកាយ ដើម្បី​រក្សាបាន​នូវ​លំនឹង​អារម្មណ៍​នោះ ចូរ​ទទួលទាន​ម្ស៉ៅ​ធញ្ញជាតិ​លាយ​ជាមួយ​ទឹកដោះ​គោមួយ​ចាន​នៅពេល​ព្រឹក​។​
 
៤. គ្រាប់​ធញ្ញជាតិ​
 
​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែលមាន​ប្រសិទ្ធិភាព​ជួយ​រក្សា​លំនឹង ក៏ដូចជា​លើក​កំពស់​នូវ​អារម្មណ៍​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ ។ ទោះជា​យ៉ាងណា អ្នក​មិនគួរ​ទទួលទាន​ច្រើនពេក​នោះទេ​។​
 
៥. សូកូឡា​ខ្មៅ​
 
​សូកូឡា​ខ្មៅ គឺមាន​ឥទ្ធិពល​ល្អ​បំផុត​ក្នុងការ​បង្កើន​នូវ​សារធាតុ​គីមី​ផ្សេងៗ​ក្នុង​ខួរក្បាល​ដែល​ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​។ គ្រាន់តែ​ប្រាកដថា អ្នក​បានជ្រើសរើស​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើ​អ្នក​ចង់​ជៀស​ឆ្ងាយ​ពី​បញ្ហា​ឆាប់​ខឹង​ឆេវឆាវ​បាន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com