ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ រាល់​អ្នកលក់​យានយន្ត​ត្រូវ​ប្រញាប់​កាត់ឈ្មោះ ដើម្បី​គេចផុត​ពី​ទំនួល​ខុសត្រូវ​ផ្នែក​ច្បាប់​
27, Mar 2019 , 1:54 pm        
រូបភាព
លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន
លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន
ដោយ:
ភ្នំពេញ​៖ បុរស​ឈ្មោះ សេង ពិទូរ្យ ទទួលបាន​មេរៀន​មួយ​ពាក់ព័ន្ធ​នឹង​ការលក់​រថយន្ត​ដែល​មិនបាន​កាត់ឈ្មោះ​ត្រឹមត្រូវ​។ កាលពី​ម្សិលមិញ រថយន្ត​ដែល​ប្រើ​កាត​គ្រី​ឈ្មោះ​របស់លោក​បាន​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​និស្សិត​ស្រី​ម្នាក់​ស្លាប់​។ ក្រោយ​ការ​បង្ហោះ​ពេញ​បណ្តាញ​សង្គម លោក​ពិទូរ្យ​ដែល​កំពុង​ស្ថិតនៅ​ប្រទេស​រុស្ស៊ី បាន​បកស្រាយ​ថា លោក​បាន​លក់​រថយន្ត​នោះ​បី​ឆ្នាំ​មកហើយ​។ តែ​លោក​ពិទូរ្យ កាន់តែ​ធូរស្រាល​ក្នុង​ចិត្ត បន្ទាប់ពី​មានការ​បង្ហោះ​លិខិត​លក់ដូរ​មួយទៀត ដែល​បង្ហាញថា ម្ចាស់​រថយន្ត​ចុងក្រោយ មានឈ្មោះ យិន ង្គិ​ច ហើយ​បុរស​នោះ ក៏បាន​អះអាង​ពី​ទំនួល​ខុសត្រូវ​របស់ខ្លួន​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​។​




​ទាក់ទង​នឹង​ករណី​មួយ​នេះ លោក ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឆ្លៀត​អំពាវ​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​រួសរាន់ និង​ចំណាយ​ពេលវេលា​ទៅ​កាត់ឈ្មោះ​របស់ខ្លួន​ចេញពី​យានយន្ដ​ដែល​ខ្លួន​បាន​លក់ ដើម្បី​គេចផុត​ពី​ទំនួល​ខុសត្រូវ​ផ្នែក​ច្បាប់​ក្នុងករណី​គ្រោះថ្នាក់​ណាមួយ​។​

​សូម​ស្តាប់​ការលើកឡើង​របស់លោក ប៉ាល់ ចន្ទ​តារា​៖



​អ្នកនាំពាក្យ​រូបនេះ លើកឡើងថា នៅពេលដែល​ម្ចាស់​រថយន្ត​បាន​លក់ ផ្ទេរកម្មសិទ្ធិ ឬ​ផ្ទេរ​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយទៀត ម្ចាស់​រថយន្ត​ត្រូវបំពេញ​បែបបទ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសផុត​ពី​បញ្ហា​ផ្សេងៗ​ដែល​បង្កឡើង​ជាយថាហេតុ​ណាមួយ​។ តែបើ​មិនទាន់​មានការ​កាត់ឈ្មោះ​ត្រឹមត្រូវ អ្នកលក់ និង​អ្នកទិញ ត្រូវបាន​លិខិត​ត្រឹមត្រូវ​ដែលមាន​ការដឹងឮ​ពី​អាជ្ញាធរ​។​

​ដើម្បី​កាត់ឈ្មោះ​នៅ​មន្ទីរ​សា​ធារ​ការ និង​ដឹក​ជ​ញ្ចូ​ន មា្ច​ស់កម្ម​សិទ្ធិ ឬ​អ្នកទទួល​សិទ្ធិ ត្រូវ​បង់ពន្ធ​ប្រថាប់ត្រា​ជាមុនសិន​ទើប​អាច​កាត់ឈ្មោះ​បាន​។ ដើម្បី​បង់ពន្ធ​បាន គេ​ត្រូវបំពេញ​ពាក្យសុំ​តាម​ទម្រង់  FORM VT 01 ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​។ ការបង់ពន្ធ​អាចធ្វើ​បាន​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន នៅ​រាជធានី​ភ្នំពេញ សម្រាប់​ការ​កាត់ឈ្មោះ​នៅ​ភ្នំពេញ តែ​សម្រាប់​ខេត្ត ការបង់ពន្ធ​ត្រូវធ្វើ​នៅ​សាខា​តាម​បណ្តា​ខេត្ត​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​។

​តាម​មាត្រា ៨៥ ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជន​ដែល​បើកបរ​ធ្វេសប្រហែស ដែល​បង្ក​ឲ្យ​ស្លាប់​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់ ៤​លាន​រៀល​ទៅ ១៥​លាន​រៀល​។ បើតាម​អនុក្រឹត្យ​ស្តីពី​ការកំណត់​ល្បឿន​សម្រាប់​យានជំនិះ អ្នកបើកបរ​ត្រូវ​ប្រើប្រាស់​ល្បឿន​អតិបរមា​។ នៅ​ទីប្រជុំជន​អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ​ត្រូវ​ប្រើ​ល្បឿន​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ក្រៅ​ទីប្រជុំជន​ត្រូវ​ប្រើ​ល្បឿន​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​សម្រាប់​ទោចក្រយាន​យន្ត ទោចក្រយានយន្ត​សណ្តោង​រ៉ុ​ម៉ក ត្រីចក្រយានយន្ត ត្រាក់ទ័រ យានយន្ត​កសិកម្ម ត្រូវ​ប្រើ​ល្បឿន​៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​សម្រាប់​នៅ​ទីប្រជុំជន និង​ទី​ក្រៅ​ប្រជុំជន ត្រូវ​រក្សា​ល្បឿន​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

Tag:
 រថយន្ត
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com