អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ឃើញ​សញ្ញា​វិជ្ជមាន​ក្នុងការ​បោះឆ្នោត​ថៃ និង​ត្រៀម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​
27, Mar 2019 , 2:47 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ:
ក្រោយពី​ថៃ​បានរៀបចំ​ការបោះឆ្នោត​លើកដំបូង​របស់ខ្លួន កាលពី​ថ្ងៃ​២៤ ខែមីនា គិត​ចាប់ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ខ្លួន​មើលឃើញ «​សញ្ញា​វិជ្ជមាន​» នៃ​ការវិលត្រឡប់​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​នេះ​។ ដោយ​មិន​បង្ហាញ​ជំហរ​គាំទ្រ​គណបក្ស​ណាមួយ ក្រុង​វ៉ាស៊ីនតោន អះអាងថា ខ្លួន​ត្រៀម​រួចរាល់​ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត​។

 
 
​ថ្លែង​នៅមុខ​ក្រុម​អ្នកសារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក Robert Palladino គូសបញ្ជាក់ថា​៖«​ការរៀបចំ​បោះឆ្នោត អម​ជាមួយនឹង​ការបើកទ្វារ​យ៉ាង​ធំ​ទូលាយ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រមទាំង​ការជជែក​វែកញែក​ដោយ​បើកចំហ​ជុំវិញ​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​នេះ យើង​កត់សម្គាល់ថា ទាំងនេះ​គឺជា​សញ្ញា​វិជ្ជមាន​នៃ​ការវិលត្រឡប់​ទៅរក​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាជន​»​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Palladino គូសបញ្ជាក់​ទៀតថា សហរដ្ឋអាមេរិក​ឈរ​នៅ​ខាង​ប្រជាជន​ថៃ ដោយ​ដាក់សំណើ​ពីរ​ចំណុច​។ ទីមួយ​គឺ​ព​ន្លឿ​ន​ការប្រកាស​លទ្ធផល​បោះឆ្នោត​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​។ ទី​ពីរ​គឺ ការបើក​ការស៊ើបអង្កេត​ដោយ​យុត្តិធម៌​និង​តម្លាភាព​ជុំវិញ​ភាពមិនប្រក្រតី​ដែល​កើតមានឡើង​អំឡុងពេល​បោះឆ្នោត​។ 
 
​យ៉ាងណាមិញ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ដែល​ទទួល​ជំនួយ​ពី​សហរដ្ឋអាមេរិក ឈ្មោះថា The Asian Network for Free Elections បញ្ជាក់ថា សន្លឹកឆ្នោត​ជិត​១,៩​លាន អត់​បានការ ដែល​ស្មើនឹង​៥,៦​ភាគរយ​នៃ​សន្លឹកឆ្នោត​សរុប​។ 
 
​ជាមួយគ្នានេះ ថ្លែង​នៅក្នុង​បទ​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ត្រា ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ប៉ុន្តែ​នៅមាន​ឥទ្ធិពល​ខ្លាំង​លើ​នយោបាយ​ថៃ​នោះ និយាយថា ក្រុម​យោធា​បានរៀបចំ​ការបោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ ក្នុង​គោលដៅ​រក្សា​អំណាច​ខ្លួន​។ 
 
​សូមបញ្ជាក់ថា ប្រទេស​ថៃ គឺជា​សម្ព័ន្ធមិត្ត​ដ៏​ចាស់វស្សា​បំផុត​មួយ​របស់​អាមេរិក​ក្នុង​តំបន់​អាស៊ី​។ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​បានសម្រេច​ផ្អាក​ជំនួយ​សន្តិសុខ​មួយចំនួន ក្រោយពី​ផ្ទុះ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​ដឹកនាំ​ដោយ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​។ ការផ្អាក​នេះ គឺធ្វើឡើង​ដោយ​អនុលោម​ទៅតាម​ច្បាប់​អាមេរិក ដែល​ហាមឃាត់​ការគាំទ្រ​លើ​របប ដែល​ផ្តួលរំលំ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​។​
 
​លទ្ធផល​នៃ​រដ្ឋប្រហារ​នៅ​ថៃ​នេះ បង្ក​ជា​កង្វល់​សម្រាប់​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ទំនោរ​របស់​រដ្ឋាភិបាល​ក្រុង​បាងកក ងាក​ទៅរក​ប្រទេស​ចិន​។ ហេតុផល​នោះ​គឺ ក្រុង​ប៉េកាំង ដែលជា​ធម្មតា​ពុំ​ចាប់អារម្មណ៍​ពី​លទ្ធិ​ប្រជា​ធិ​តេ​យ្យ បង្ហាញ​ភាព​គ្មាន​មន្ទិលសង្ស័យ​ក្នុងការ​ធ្វើការ​ជាមួយ​រដ្ឋាភិបាលយោធា ដែល​ប្រសូត្រ​ចេញពី​រដ្ឋប្រហារ​ខុសច្បាប់​៕
 
 
 
 
 
 
 
 
 

Tag:
 ថៃ​
  សហរដ្ឋអាមេរិក​
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com