កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ នៅ​អាស៊ាន មានតែ​វៀតណាម និង​ម្ចាស់ផ្ទះ​ថៃ​ប៉ុណ្ណោះ​ដែល​ទៅ​វគ្គ​បន្ត​
27, Mar 2019 , 7:39 pm        
រូបភាព
ដោយ: រួបរួម
​វៀតណាម​គឺជា​ក្រុម​តែមួយគត់​នៅ​តំបន់​អាស៊ាន​ដែល​ទទួលបាន​កៅអី​ទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ​២០២០ ខណៈ​ថៃ មានឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ បើទោះបីជា​ពួកគេ​មិន​ស្ថិត​ក្នុងចំណោម​ក្រុម​លេខ​២​ល្អ​បំផុត​ក៏ដោយ​។ ដោយឡែក​បើ​គិត​ក្នុង​ក្របខណ្ឌ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​-​អាគ្នេយ៍ (AFF) ម្ចាស់ផ្ទះ​ថៃ និង​វៀតណាម ត្រូវ​រួម​ដំណើរ​ជាមួយ​អូស្ត្រាលី ។

 
​សម្រាប់​ការប្រកួត​ជម្រុះ​ចន្លោះ​ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៦ ខែមីនា នៅ​បណ្តា​ពូ​ល​ទាំង​១១​រួចមក ក្រុម​ចំនួន​១៥ ត្រូវ​បន្តដំណើរ​ជាមួយ​ម្ចាស់ផ្ទះ​ថៃ ក្នុង​ព្រឹត្តិការណ៍ AFC U23 Championship  ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០​។ ក្រុម​៣​កំពូល​នឹង​បន្ត​ទទួលបាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ជាមួយ​ម្ចាស់ផ្ទះ និង​បណ្តា​ក្រុម​ពី​ទ្វីប​ផ្សេងទៀត​។​


 
​ម្ចាស់ផ្ទះ​ថៃ​ដែល​ទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ បើទោះបីជា​ពួកគេ​មិន​ស្ថិត​ក្នុងចំណោម​ក្រុម​លេខ​ពីរ​ឆ្នើម​ក៏ដោយ​។ ក្រៅពីនេះ ក្រុម​លេខ​មួយ​ក្នុង​ពូ​ល​នីមួយៗ ដូចជា កាតា (​ពូ​ល A) បា​រ៉ែ​ន (​ពូ​ល B), អ៊ីរ៉ាក់ (​ពូ​ល C), អេ​មី​រ៉ា​ត​អារ៉ាប់​រួម (​ពូ​ល D), ហ្ស៊​កដា​នី (​ពូ​ល E), អ៊ូ​បេ​គី​ស្ថាន (​ពូ​ល F), កូរ៉េខាងជើង (​ពូ​ល G) កូរ៉េខាងត្បូង (​ពូ​ល H), ជប៉ុន (​ពូ​ល I), ចិន (​ពូ​ល J) និង​វៀតណាម (​ពូ​ល K)​។​
 
​ដោយឡែក​៤​ក្រុម​ទៀត ស្ថិតក្នុង​ចំណោម​ក្រុម​លេខ​ពីរ​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ ក្នុងនោះ​មាន អូស្ត្រាលី (​ពូ​ល H), អ៊ីរ៉ង់ (​ពូ​ល C), ស៊ី​រី (​ពូ​ល E) និង​អា​រ៉ា​ប៊ី​សា​អូឌីត (​ពូ​ល D)​។​
 
​សម្រាប់​តំបន់​អាស៊ាន ម៉ាឡេស៊ី សិង្ហ​បុរី និង​មី​យ៉ាន់​ម៉ា ដែល​ក្នុងចំណោម​ក្រុម​ដែល​ខកចិត្ត​នា​ជំនួប​ចុងក្រោយ ខណៈដែល កម្ពុជា ហ្វីលីពីន ឡាវ ឥណ្ឌូណេស៊ី ព្រុយ​ណេ ក៏ដូចជា​ទី​ម័​រ​ខាងកើត ហាលអាវ​តាំងពី​ការប្រកួត​ពីរលើក​ដំបូង​ក្នុង​ពូ​ល​។​


 
​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ​ដែលមាន​សរុប​៦៣​ប្រកួត មានការ​ស៊ុត​បាល់​បញ្ចូល​ទី​២៤០​គ្រាប់​។ ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Lee Dong-gyeong ជា​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ (៦​គ្រាប់​) ក្នុងនោះ​២​គ្រាប់ នា​ជ័យជម្នះ ៦-១ លើ​កម្ពុជា ផងដែរ​។​
 
​សម្រាប់​កម្ពុជា​ក្រោម​ការដឹកនាំ​រួមគ្នា​របស់​អ្នកការ​ទូទៅ​ជប៉ុន Keisuke Honda និង​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Felix Dalmas ពួកគេ​ទទួល​១​ពិន្ទុ​ពី​ព្រឹត្តិការណ៍​ជម្រុះ​នេះ ដោយ​ចាញ់​អូស្ត្រាលី ៦-០ ចាញ់​កូរ៉េខាងត្បូង ៦-១ និង​ស្មើ​ឆាយ​នី​ស​តៃប៉ិ ១-១​។ អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់​កម្ពុជា គឺ​ណា​រ៉ុង កក្កដា នា​ជំនួប​ជាមួយ​កូរ៉េខាងត្បូង និង​ស៊ិន កក្កដា ពេល​ជួប​ឆាយ​នី​ស​តៃប៉ិ​៕







Tag:
 AFC U23
© រក្សាសិទ្ធិដោយ thmeythmey.com