ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់​ចិន​ថា កម្ពុជា​មិន​ដោះដូរ​អធិបតេយ្យភាព​ជាមួយ​EBA​ទេ
27, Mar 2019 , 3:57 pm        
រូបភាព
ភ្នំពេញ​៖ កម្ពុជា មិន​យក​អធិបតេយ្យភាព​ខ្លួន ទៅ​ដោះដូរ​ជាមួយ​ការអនុគ្រោះ​ពន្ធ​(Everything but Arms) ឡើយ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពី​ជំហរ​របស់​កម្ពុជា​បែបនេះ ប្រាប់​ទៅ​លោក Chen Hao លេខាធិការ​បក្ស​នៃ​ខេត្ត​យូ​ណាន ប្រទេស​ចិន​។​

 
​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​សម្ដេច ហ៊ុន សែន បាន​និយាយថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គឺ​វា​គង់តែ​នឹង​ដល់ទី​បញ្ចប់​ដូច​ប្រទេស​ផ្សេងៗ​ទៀត នៅពេល​ណាមួយ ដូច្នេះ​វា​គ្មានអ្វី​ដែល​អាច​ឲ្យ​កម្ពុជា​ផ្លាស់ប្ដូរ ឬ​ដោះដូរ​អធិបតេយ្យភាព​របស់ខ្លួន ជាមួយនឹង​ភាពអនុគ្រោះ​នោះទេ​។​
 
​និយាយ​ពី​រឿង​អនុគ្រោះ​ពន្ធ​ហើយ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​បន្ត​និយាយ​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​វិញ​ម្ដង ដោយ​សម្ដេច​ស្នើសុំ​ឲ្យ​លេខាធិការ​បក្ស​នៃ​ខេត្ត​យូ​ណាន ភ្ជាប់​ទំនាក់ទំនង​ផ្លាស់ប្តូ​លើ​វិស័យ​វប្បធម៌ ទេសចរណ៍ និង​វិនិយោគ​ថ្មីៗ​ឲ្យ​បាន​ច្រើន​ថែមទៀត​។ ត្រង់ចំណុច​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា សម្ដេច​ចង់ឃើញ​មិត្ត​ចិន​ជួយ​កម្ពុជា​ឲ្យ​សមជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ពិតៗ​។​
 
​លោក Chen Hao លេខាធិការ​បក្ស​នៃ​ខេត្ត​យូ​ណាន ប្រទេស​ចិន សន្យា​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​បន្ថែមទៀត ជាពិសេស​លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​ភាពយន្ត​កម្ពុជា​។​
 
​បើតាម​លោក Chen Hao បច្ចុប្បន្ននេះ​ខេត្ត​យូ​ណាន​មាន ២៥ ក្រុមហ៊ុន​ដែល​បានមក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត​ដល់ ១,០០០ លាន​ដុល្លារ​អាមេរិក​៕

Tag:
 ហ៊ុន សែន​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com