ស្ថាប័នអង្កេតការណ៍បោះឆ្នោតអន្តរជាតិឯករាជ្យបានបញ្ជាក់នៅថ្ងៃអង្គារទី ២៦ ខែមីនាថា ការបោះឆ្នោតសាកលនៅប្រទេសថៃជាលើកដំបូងរាប់ចាប់ពីរដ្ឋប្រហារយោធាឆ្នាំ ២០១៤ មិនមានភាពត្រឹមត្រូវ និងយុត្តិធម៌តាមកម្រិតអន្តរជាតិឡើយ។
«អង្គការបណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី» ហៅកាត់ថា ANFREL បញ្ជាក់តាមរបាយការណ៍បណ្តោះអាសន្នរបស់ខ្លួនថា ការបោះឆ្នោតនៅថ្ងៃពីថ្ងៃអាទិត្យទី ២៤ ខែមីនា មិនត្រូវតាមស្ដង់ដាការបោះឆ្នោតអន្តរជាតិដែលមានលក្ខណៈសេរី និងយុត្តិធម៌ឡើយ ថ្វីបើការបោះឆ្នោតគ្មានការរំខានឬគ្មានហិង្សាក្តី។
បើតាមសារព័ត៌មាន The Guardian ស្ថាប័នអន្តរជាតិនេះបានបញ្ចេញរបាយការណ៍បណ្តោះអាសន្នស្តីពីការឃ្លាំមើលការបោះឆ្នោតរបស់ខ្លួនដែរ ហើយរបាយការណ៍នោះបានកត់សម្គាល់ពីភាពមិនច្បាស់លាស់នៃការរាប់សន្លឹកឆ្នោតថ្នាក់ជាតិនៅថៃ។ របាយការណ៍ដដែលនេះបានចោទជាសំណួរចំពោះភាពទុកចិត្តបាននៃដំណើររាប់សន្លឹកឆ្នោតជារួមដែរ។
របាយការណ៍នោះបានបញ្ជាក់ដូច្នេះ៖ «ការរៀបចំ និងប្រមូលសន្លឹកឆ្នោតមានចំណុចខ្វះចន្លោះធ្ងន់ធ្ងរណាស់ ដែលវានាំឲ្យមានការប្រកាសលទ្ធផលបណ្តោះអាសន្នមិនត្រឹមត្រូវនៅយប់ថ្ងៃបោះឆ្នោត»។
កង្វះតម្លាភាព និងការសហការរវាងគណៈកម្មការបោះឆ្នោត និងភាគីដែលពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតកម្រិតលំហូរនៃព័ត៌មាន ហើយបង្កឲ្យមានបញ្ហាច្រើនដល់ដំណើរការនិងប៉ះពាល់ដល់ស្ថាប័នរៀបចំផ្ទាល់តែម្តង»។ របាយការណ៍ដដែលបន្តបែបនេះ។
ដោយឡែក ប្រធានបេសកកម្មនៃបណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី Rohana Hettiarachchi បានប្រាប់អ្នកកាសែតថា ស្តង់ដាអន្តរជាតិមិនត្រូវបានបំពេញឡើយក្នុងការបោះឆ្នោតនៅក្នុងប្រទេសថៃពេលនេះ។ បញ្ហាជាច្រើនកើតមានឡើងទាំងពេលបោះឆ្នោត និងលទ្ធផលនៃការរាប់សន្លឹកឆ្នោតផង។
តាមពិតទៅ គណៈកម្មការបោះឆ្នោតថៃបានប្រកាសពន្យារពេលប្រកាសលទ្ធផលបោះឆ្នោតបឋមបីដងផ្ទួនៗគ្នាដោយមិនមានការពន្យល់ឲ្យបានលម្អិតឡើយ។ គេរំពឹងលទ្ធផលនោះនឹងចេញជាផ្លូវការនៅថ្ងៃ ៩ខែឧសភាខាងមុខវិញ។ ប៉ុន្តែការពន្យារពេលនេះកើតឡើងលើកដំបូងបំផុតក្នុងបរិបទនៃការបោះឆ្នោតថៃកន្លងមក។
ក្រៅពីការពន្យារពេលបោះឆ្នោត ភាពមិនប្រក្រតីក៏កើតឡើងច្រើនដែរក្នុងការបោះឆ្នោតលើកនេះ។ វេទិកាបើកចំហសម្រាប់ការកសាងប្រជាធិបតេយ្យ (P-Net) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ថៃបានចេញមុខអះអាងថា ខ្លួននៅស្ទាក់ស្ទើរនឹងទទួលស្គាល់ថា ការបោះឆ្នោតថ្ងៃ ២៤ ខែមីនា វាសេរីនិងយុត្តិធម៌។ ការទិញសន្លឹកឆ្នោតបានកើតឡើងពាសវាលពាសកាលដោយគ្មានការទប់ស្កាត់ ឬបង្ក្រាប។
ក្រៅពីនេះ វាមានករណីផ្សេងទៀត ដូចជាការដាច់ភ្លើងពេលរាប់សន្លឹកឆ្នោត, ចំនួនសន្លឹកឆ្នោតច្រើនជាងអ្នកមកបោះឆ្នោត និងលទ្ធផលដែលគណៈកម្មការបញ្ចេញខុសពីរបាយការណ៍មន្ត្រីបោះឆ្នោតនៅតាមការិយាល័យជាដើម។ បញ្ហាទាំងនេះសុទ្ធតែជារឿងដែលប៉ះពាល់ខ្លាំងដល់លទ្ធផលបោះឆ្នោត។
ទាក់ទិននឹងភាពត្រឹមត្រូវនៃការបោះឆ្នោតនេះដែរ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានយោធាទម្លាក់ពីតំណែងឆ្នាំ ២០០៦ នោះបានចាត់ទុកថា ការបោះឆ្នោតថ្ងៃ ២៤ ខែមីនាកន្លងទៅនេះជាការរៀបចំទុកជាមុនដើម្បីរក្សាអំណាចរបស់ក្រុមយោធាសុទ្ធសាធ ហើយវាគ្មានភាពយុត្តិធម៌ និងមិនត្រឹមត្រូវឡើយ។ អ្នកនយោបាយដែលមានប្រជាប្រិយភាពខ្ពស់រូបនេះក៏បានអះអាងដែរ របបសឹកថៃកំពុងត្រៀមបំផ្លាញប្រព័ន្ធដឹកនាំថៃបច្ចុប្បន្ន ដើម្បីតែអំណាចផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់រូបលោក រាជាណាចក្រថៃសក្តិសមនឹងមានរដ្ឋាភិបាលមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនទូទាំងប្រទេស មិនមែនតំណាងឆន្ទៈក្រុមយោធាឡើយ៕