អន្តរជាតិ
អង្គការ​អន្តរជាតិ ANFREL៖ ការបោះឆ្នោត​ថៃ មិន​ស្របតាម​ស្តង់ដារ​បោះឆ្នោត​ដែល​សេរី​និង​យុត្តិធម៌​ទេ​
27, Mar 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថាប័ន​អង្កេត​ការណ៍​បោះឆ្នោត​អន្តរជាតិ​ឯករាជ្យ​បានបញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ទី ២៦ ខែមីនា​ថា ការបោះឆ្នោត​សាកល​នៅ​ប្រទេស​ថៃ​ជា​លើកដំបូង​រាប់​ចាប់ពី​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០១៤ មិនមាន​ភាពត្រឹមត្រូវ និង​យុត្តិធម៌​តាម​កម្រិត​អន្តរជាតិ​ឡើយ​។


 
«​អង្គការ​បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​» ហៅ​កាត់​ថា ANFREL បញ្ជាក់​តាម​របាយការណ៍​បណ្តោះអាសន្ន​របស់ខ្លួន​ថា  ការបោះឆ្នោត​នៅ​ថ្ងៃ​ពីថ្ងៃ​អាទិត្យ​ទី ២៤ ខែមីនា មិនត្រូវ​តាម​ស្ដង់ដា​ការបោះឆ្នោត​អន្តរជាតិ​ដែលមាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ឡើយ ថ្វីបើ​ការបោះឆ្នោត​គ្មាន​ការរំខាន​ឬ​គ្មាន​ហិង្សា​ក្តី​។ 
 
​បើតាម​សារព័ត៌មាន The Guardian ស្ថាប័ន​អន្តរជាតិ​នេះ​បាន​បញ្ចេញ​របាយការណ៍​បណ្តោះអាសន្ន​ស្តីពី​ការឃ្លាំមើល​ការបោះឆ្នោត​របស់ខ្លួន​ដែរ ហើយ​របាយការណ៍​នោះបាន​កត់សម្គាល់​ពី​ភាពមិនច្បាស់លាស់​នៃ​ការរាប់​សន្លឹកឆ្នោត​ថ្នាក់ជាតិ​នៅ​ថៃ​។ របាយការណ៍​ដដែល​នេះ​បាន​ចោទ​ជា​សំណួរ​ចំពោះ​ភាព​ទុកចិត្តបាន​នៃ​ដំណើរ​រាប់​សន្លឹកឆ្នោត​ជារួម​ដែរ​។ 
​របាយការណ៍​នោះបាន​បញ្ជាក់​ដូច្នេះ​៖ «​ការរៀបចំ និង​ប្រមូល​សន្លឹកឆ្នោត​មាន​ចំណុច​ខ្វះចន្លោះ​ធ្ងន់ធ្ងរ​ណាស់ ដែល​វា​នាំ​ឲ្យ​មានការ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​មិន​ត្រឹមត្រូវ​នៅ​យប់​ថ្ងៃ​បោះឆ្នោត​»​។ 
 
​កង្វះ​តម្លាភាព និង​ការសហការ​រវាង​គណៈ​កម្ម​ការបោះឆ្នោត និង​ភាគី​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​កម្រិត​លំហូរ​នៃ​ព័ត៌មាន ហើយ​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន​ដល់​ដំណើរការ​និង​ប៉ះពាល់​ដល់​ស្ថាប័ន​រៀបចំ​ផ្ទាល់​តែម្តង​»​។ របាយការណ៍​ដដែល​ប​ន្ត​បែបនេះ​។​
 
​ដោយឡែក ប្រធាន​បេសកកម្ម​នៃ​បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី Rohana Hettiarachchi បាន​ប្រាប់​អ្នកកាសែត​ថា ស្តង់ដា​អន្តរជាតិ​មិនត្រូវ​បាន​បំពេញ​ឡើយ​ក្នុងការ​បោះឆ្នោត​នៅក្នុង​ប្រទេស​ថៃ​ពេលនេះ​។ បញ្ហា​ជាច្រើន​កើតមានឡើង​ទាំង​ពេល​បោះឆ្នោត និង​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ផង​។​
 
​តាមពិតទៅ គណៈកម្មការ​បោះឆ្នោត​ថៃ​បានប្រកាស​ពន្យារពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​បឋម​បី​ដង​ផ្ទួនៗ​គ្នា​ដោយ​មិនមាន​ការពន្យល់​ឲ្យ​បាន​លម្អិត​ឡើយ​។ គេ​រំពឹង​លទ្ធផល​នោះ​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ ៩​ខែឧសភា​ខាងមុខ​វិញ​។ ប៉ុន្តែ​ការពន្យារ​ពេលនេះ​កើតឡើង​លើកដំបូង​បំផុត​ក្នុង​បរិបទ​នៃ​ការបោះឆ្នោត​ថៃ​កន្លងមក​។  
 
​ក្រៅពី​ការពន្យារពេល​បោះឆ្នោត ភាពមិនប្រក្រតី​ក៏​កើតឡើង​ច្រើន​ដែរ​ក្នុងការ​បោះឆ្នោត​លើក​នេះ​។ វេទិកា​បើកចំហ​សម្រាប់​ការកសាង​ប្រជាធិបតេយ្យ (P-Net) ដែលជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​របស់​ថៃ​បាន​ចេញមុខ​អះអាងថា ខ្លួន​នៅ​ស្ទាក់​ស្ទើរនឹង​ទទួលស្គាល់ថា ការបោះឆ្នោត​ថ្ងៃ ២៤ ខែមីនា វា​សេរី​និង​យុត្តិធម៌​។ ការទិញ​សន្លឹកឆ្នោត​បានកើត​ឡើង​ពាសវាល​ពាសកាល​ដោយ​គ្មាន​ការទប់ស្កាត់ ឬ​បង្ក្រាប​។ 
 
​ក្រៅពីនេះ វា​មាន​ករណី​ផ្សេងទៀត ដូចជា​ការ​ដាច់​ភ្លើង​ពេល​រាប់​សន្លឹកឆ្នោត​, ចំនួន​សន្លឹកឆ្នោត​ច្រើនជាង​អ្នក​មក​បោះឆ្នោត និង​លទ្ធផល​ដែល​គណៈកម្មការ​បញ្ចេញ​ខុសពី​របាយការណ៍​មន្ត្រី​បោះឆ្នោត​នៅតាម​ការិយាល័យ​ជាដើម​។ បញ្ហា​ទាំងនេះ​សុទ្ធតែជា​រឿង​ដែល​ប៉ះពាល់​ខ្លាំង​ដល់​លទ្ធផល​បោះឆ្នោត​។​
 
​ទាក់ទិន​នឹង​ភាពត្រឹមត្រូវ​នៃ​ការបោះឆ្នោត​នេះដែរ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវបាន​យោធា​ទម្លាក់​ពី​តំណែង​ឆ្នាំ ២០០៦ នោះបាន​ចាត់ទុកថា ការបោះឆ្នោត​ថ្ងៃ ២៤ ខែមីនា​កន្លងទៅនេះ​ជាការ​រៀបចំ​ទុកជាមុន​ដើម្បី​រក្សា​អំណាច​របស់​ក្រុម​យោធា​សុទ្ធសាធ ហើយ​វា​គ្មាន​ភាពយុត្តិធម៌ និង​មិន​ត្រឹមត្រូវ​ឡើយ​។   អ្នកនយោបាយ​ដែលមាន​ប្រជាប្រិយភាព​ខ្ពស់​រូបនេះ​ក៏បាន​អះអាង​ដែរ របប​សឹក​ថៃ​កំពុង​ត្រៀម​បំផ្លាញ​ប្រព័ន្ធ​ដឹកនាំ​ថៃ​បច្ចុប្បន្ន ដើម្បី​តែ​អំណាច​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់​រូបលោក រាជាណាចក្រ​ថៃ​សក្តិសម​នឹងមាន​រដ្ឋាភិបាល​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​ទូទាំងប្រទេស មិនមែន​តំណាង​ឆន្ទៈ​ក្រុម​យោធា​ឡើយ​៕
 
អត្ថបទទាក់ទង
 
 

Tag:
 ការបោះឆ្នោត​ថៃ​
  ANFREL
© រក្សាសិទ្ធិដោយ thmeythmey.com