អន្តរជាតិ
ឥណ្ឌា ប្រកាស​ខ្លួន​ជា​មហាអំណាច​លំហ​អាកាស ក្រោយ​បាញ់​ទម្លាក់​ផ្កាយរណប​ដោយ​ប្រើ​មី​ស៊ី​ល​
27, Mar 2019 , 8:59 pm        
រូបភាព
ប្រជាជនឥណ្ឌាកំពុងឈរមើលការថ្លែងរបស់នាយករដ្ឋមន្រ្តី នារិន្ទ្រា ម៉ូឌី ។ (រូបភាព AFP)
ប្រជាជនឥណ្ឌាកំពុងឈរមើលការថ្លែងរបស់នាយករដ្ឋមន្រ្តី នារិន្ទ្រា ម៉ូឌី ។ (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី នៅ​ថ្ងៃទី​២៧ ខែមីនា បានប្រកាស​ពី​ការបាញ់​ទម្លាក់​ផ្កាយរណប​មួយ​ដោយ​ប្រើ​មី​ស៊ី​ល​។ លោក ម៉ូ​ឌី ដែល​កំពុង​ឃោសនា​ស្វែងរក​សំឡេងគាំទ្រ​សម្រាប់​ការបោះ​ខែក្រោយ ចាត់ទុក​ការបាញ់​ទម្លាក់​នេះ ជាការ​អភិវឌ្ឍ​ដ៏​សំខាន់​សម្រាប់​ឥណ្ឌា​ក្នុង​វិស័យ​លំហ​អាកាស​របស់ខ្លួន​។ យោងតាម​លទ្ធផល​នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​រូបនេះ​អះអាងថា ឥណ្ឌា​ក្លាយជា​មហាអំណាច​លំហ​អាកាស​ហើយ​។

 
​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ប្រើប្រាស់​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​ដើម្បី​ប្រកាស​ពី​ដំណឹង​បាញ់​ទម្លាក់​ផ្កាយរណប​។ ជា​សុន្ទរកថា​ដោយផ្ទាល់​ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០១៦ មក លោក ម៉ូ​ឌី ប្រកាសថា អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​បាញ់​ផ្កាយរណប​ដែល​ស្ថិត​រយៈកម្ពស់​បី​រយ​គីឡូម៉ែត្រ​ក្នុង​លំហ​អាកាស​។ ផ្កាយរណប​នេះ ស្ថិត​លើផ្លូវ​គោចរ​ទាប ហើយ​ត្រូវ​បាញ់​ដោយ​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប​។ 
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ម៉ូ​ឌី ចាត់ទុក​ការបាញ់​នេះ ជា​ជោគជ័យ​ប្រវត្តិសាស្ត្រ និង​ជា​ព្រឹត្តិការណ៍​ប្រកបដោយ​មោទកភាព​របស់​ឥណ្ឌា​។ លោក​បន្តថា ឥណ្ឌា​ក្លាយជា​មហាអំណាច​លំហ​អាកាស​ហើយ​តាមរយៈ​ការបាញ់​ទម្លាក់​ផ្កាយរណប​នេះ ព្រោះ​មកទល់ពេលនេះ មានតែ​ប្រទេស​បី​ប៉ុណ្ណោះ​ដែល​អាច​ធ្វើដូចនេះបាន​។ 
 
​មកទល់​សព្វថ្ងៃ អាមេរិក រុស្ស៊ី និង​ចិន ជា​ប្រទេស​បី​ដែលមាន​សមត្ថភាព​បាញ់​ទម្លាក់​ផ្កាយរណប​បាន​។ ប៉ុន្តែ​សមត្ថភាព​បែប​នោះ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង ពិសេស​មហាអំណាច​ទាំងនេះ អាច​យក​ទី​លំហ​ធ្វើជា​កន្លែង​ប្រកួតប្រជែង​អាវុធ​របស់ខ្លួន​។ តាមរយៈ​ការ​ថ្លែង​ដដែល មេដឹកនាំ​ឥណ្ឌា​ធានាថា កម្មវិធី​លំហ​អាកាស​របស់​ឥណ្ឌា មាន​គោលដៅ​សន្តិភាព គ្មាន​បំណង​បង្កើត​បរិយាកាស​សង្គ្រាម ហើយក៏​មិន​សំដៅលើ​ប្រទេស​ណា​ដែរ​។​
 
​ការប្រកាស​របស់លោក ម៉ូ​ឌី ធ្វើឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​មុន​ការបោះឆ្នោត​ទូទៅ ដែល​ធ្វើ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៩ ខែមេសា​ខាងមុខ​។ ព័ត៌មាន​បែបនេះ នឹងធ្វើ​ឲ្យ​ប្រជាប្រិយភាព​លោក ម៉ូ​ឌី កើនឡើង ខណៈ​លោក​កំពុង​ស្វះ​ស្វែងរក​ការគាំទ្រ​ដើម្បី​ធ្វើ​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​ពីរ​។ ការបោះឆ្នោត​នៅ​ឥណ្ឌា ត្រូវបាន​ចាត់ទុកជា​ដំណើរការ​ប្រជាធិបតេយ្យ​ធំជាងគេ ព្រោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​មាន​ដល់​៩០០​លាន​នាក់ ហើយ​ការបោះឆ្នោត​ត្រូវធ្វើ​ជាច្រើន​ដំណាក់កាល​ទៀតផង​។​
 
​តាមពិតទៅ ក្រុង​ញូ​វ​ដេលី បាន​អភិវឌ្ឍ​កម្មវិធី​លំហ​អាកាស​របស់ខ្លួន​ជាច្រើន​មកហើយ និង​មាន​អតិថិជន​ច្រើន​ផង​ដូចជា​ការបាញ់​ផ្កាយរណប​ដើម្បី​ថតរូប​ភាព​ផែនដី​ជាដើម​។ ផលិតផល​របស់​ឥណ្ឌា​ក៏មាន​តម្លៃថោក​ជា​កម្មវិធី​លំហ​របស់លោក​ខាងលិច​ទៀតផង​។ យ៉ាងណា ការ​ឈានដល់​ការផលិត​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប មិនមែនជា​រឿង​គួរ​ត្រូវបាន​ស្វាគមន៍​ប៉ុន្មាន​ឡើយ ដ្បិត​លំហ​អាកា​សនឹង​ក្លាយជា​កន្លែង​ប្រយុទ្ធ​ថ្មី​ទៅទៀត​៕
 

Tag:
 ឥណ្ឌា​
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com