ជាតិ
ដំរីព្រៃ​៧​ក្បាល បង្ហាញខ្លួន​នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​
27, Mar 2019 , 9:59 pm        
រូបភាព
រូបភាពបានពីទំព័រហ្វេសប៊ុក WCS
រូបភាពបានពីទំព័រហ្វេសប៊ុក WCS
​ភ្នំពេញ​៖ ដំរីព្រៃ​៧​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កំពុង​ដើរ​ស្វែង​រកស៊ី​ចំណី​និង​ផឹកទឹក នៅក្បែរ​ភូមិ អូរ​អាម ក្នុង​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​។  លោក ឌិន ប៊ុនធឿន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​និយាយថា ហ្វូង​ដំរី​ត្រូវបាន​គេ​ប្រទះឃើញ តាំងពី​ថ្ងៃទី​១៨​មីនា ឆ្នាំ​២០១៩​មក​។ លោក សន្និដ្ឋានថា គោលបំណង​សំខាន់​របស់​ដំរី​មក​ក្បែរ​ភូមិ​នេះ គឺ​ដើម្បី​រក​ទឹក​ផឹក ព្រោះ​ប្រភពទឹក​ភាគច្រើន​នៅតាម​ទីជម្រក​របស់​ដំរី អាច​រីង​ហួត​អស់​ក្នុងអំឡុង​រដូវប្រាំង​នេះ​។​

 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ WCS Cambodia បាន​សរសេរ​ពីស​ម្តី​របស់លោក ឌិន ប៊ុន​ធឿ  កាលពី​ល្ងាច​ថ្ងៃទី ២៦​មីនា  វេលា​ម៉ោង​៥:៤៥​នាទី មាន​ដំរី​៣​ក្បាល ក្នុងចំណោម​ដំរី​ទាំង​៧​ក្បាល បាន​ដើរ​ចូលមក​រកស៊ី​ចំណី​កាន់តែ​ជិត​សាលាស្រុក ដែល​ចម្ងាយ​ប្រហែល​តែ​៣០​ម៉ែត្រ ប៉ុណ្ណោះ​ពីក្រោយ​អគារ​។ លោក​បាន​បញ្ជាក់ថា ដំរី​ទាំងនោះ​តែងតែ​បង្ហាញខ្លួន​នៅក្បែរៗ​ភូមិ​អ្នកស្រុក​បី​ឆ្នាំ​កន្លងមកហើយ​។ ប៉ុន្តែ​នេះ​ជា​លើកទីមួយ ដែល​ដំរី​ទាំងនោះ​ចូលមក​ជិត​ភូមិ​របស់​អ្នកស្រុក​ជាង​សព្វដង ដែល​ដំរី​ទាំង​នោះមក គឺ​រក​ទឹក​ផឹក​។​
 
 
​ការបង្ហាញ​ខ្លួន​ជា​រៀងរាល់ឆ្នាំ​របស់​សត្វ​ដំរីព្រៃ​ទាំងនោះ បានឱ្យដឹងថា​ចំនួន​សត្វ​ដំរីព្រៃ​ទាំងអស់​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នោះ ទទួលបាន​ការការពា​រ​យ៉ាង​ល្អ ក្រោម​គម្រោង​គាំទ្រ​ព្រៃឈើ​និង​ជីវចម្រុះ ដែល​ឧបត្ថម្ភ​មូលនិធិ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរ​ដ្ឋ​អាមេរិក (USAID) ពី​ឆ្នាំ ២០១២ ដល់ ២០១៦ និង​បន្ត​គាំទ្រ​ក្នុង​ឆ្នាំ​២០១៨-២០២១​។ 
 
​ជាមួយគ្នានេះ លោក ឌិន ប៊ុន​ធឿ ក៏បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ ចំពោះ​ការបង្ហាញ​ខ្លួន​នូវ​ហ្វូង​ដំរី​ទាំងនេះ ព្រោះ​ប្រសិនបើ​ពួកវា​ចូលដល់​ទីប្រជុំជន ដែលមាន​មនុស្ស​រស់នៅ​ច្រើន ហើយ​នៅ​ពេ​ដែល​ល​មាន​មនុស្ស​ទៅ​ដេញ ឬ​គប់​ពួកវា នោះ​នឹង​នាំឱ្យ​ដំរី​ទាំងនោះ​តតាំង​ជាមួយ​មនុស្ស​វិញ​។ កាលពី​ឆ្នាំ​២០១៨ ធ្លាប់មាន​សត្វ​ដំរី​មួយចំនួន តតាំង​ជាម​នុស្ស នៅក្នុង​ភូមិ​ចំនួន​១១ ដែល​បង្កឱ្យមាន​ការខូចខាត​ដល់​ផលដំណាំ​ជាច្រើន​ដូច ស្រូវ ស្វាយចន្ទី និង​ចេក​។​
 
​អនុប្រធាន​មន្ទីរ​បរិស្ថាន​រូបនេះ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅពេលដែល​ទៅ​មើល ឬ​ថត​ដំរី​ទាំងនោះ សូមកុំ​បង្ក​ការរំខាន​ដល់​ពួកវា ដែល​អាចមមាន​គ្រោះថ្នាក់​នានា ព្រោះ​ដំរីព្រៃ​ទាំងនេះ បើ​មិនមាន​អ្នក​ទៅ​រំខាន​វា​ទេ វា​ក៏​មិន​ធ្វើ​អ្វី​ដល់​មនុស្ស​វិញ​ដែរ​។​
 
​បច្ចុប្បន្ននេះ តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ក្លាយជា​ទីជម្រករ​បស់​សត្វ​ដំរីព្រៃ​អាស៊ី​ចំនួន​ប្រហែល ១១៥​ក្បាល​៕

Tag:
 បរិស្ថាន​
  ព្រៃ​
 ​ដំរី​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com