អន្តរជាតិ
លោក ស៊ី ជិន​ភីង ប្រាប់​អឺរ៉ុប​កុំ​ឲ្យ​ការសង្ស័យ​ក្លាយជា​ឧបសគ្គ​
27, Mar 2019 , 10:19 pm        
រូបភាព
​ទំនាក់ទំនង​អឺរ៉ុប និង​ចិន ទោះ​មាន​ភាពល្អប្រសើរ​ក្ដី តែ​កើតមាន​មន្ទិលសង្ស័យ​ច្រើន​ដែរ ជាពិសេស​ពី​សំណាក់​អឺរ៉ុប​ទៅលើ​ចិន​។ អឺរ៉ុប​ដែល​ចិន​គិតថា មិនទាន់មាន​ជំហរ​ឯករាជ្យ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី នៅតែ​ប្រុងប្រយ័ត្ន​ច្រើន​ដដែល ហើយ​ជារឿយៗ​ក៏​រិះគន់​ចិន​លើ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយ និង​វិថី​មួយ ហើយ​មាន​ជំហរ​ប្រឆាំង​កា​អភិវឌ្ឍ​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​អឺរ៉ុប​ដោយ​ក្រុមហ៊ុន​ចិន​ផង​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ប្រាប់​អឺរ៉ុប​ឲ្យ​ជម្នះ​ការសង្ស័យ​ទាំងនេះ ហើយ​ដើរ​ឆ្ពោះទៅមុខ​ទាំងអស់គ្នា​។

 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ជួប​ជាមួយ​មេដឹកនាំ​ធំៗ​របស់​អឺរ៉ុប​អំឡុងពេល​ស្នាក់នៅ​ទឹកដី​បារាំង​ដែលជា​គោលដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​តំបន់​អឺរ៉ុប​។ ទស្សនកិច្ច​របស់លោក ស៊ី ធ្វើឡើង​ស្របពេល​ដែល​អឺរ៉ុប​កំពុង​រសាប់រសល់​កាន់​ខ្លាំង​លើ​ឥទ្ធិពល​របស់​ចិន​រហូតដល់​ចាត់ទុក​ចិន​ជា​គូប្រជែង​យុទ្ធសាស្ត្រ​របស់ខ្លួន​ផង​។ ជំហរ​ប្រឆាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​របស់​អាមេរិក រឹតតែ​ធ្វើ​ឲ្យ​អឺរ៉ុប​គិតមុខគិតក្រោយ​កាន់តែខ្លាំង​ថែមទៀត​ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នេះ​។​
 
​យ៉ាងណាមិញ នា​ជំនួប​នៅ​រដ្ឋធានី​ប៉ារីស មេដឹកនាំ​ចិន និង​អឺរ៉ុប​ហាក់​ផ្ដល់​ការធានា​ឲ្យ​គ្នា​ទៅមក​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។ នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៦ ខែមីនា លោក ស៊ី លើកឡើងថា ចិន​និង​អឺរ៉ុប រីកចម្រើន​ជាមួយគ្នា ដូចនេះ​មិនគួរ​កើតមាន​ក្ដី​សង្ស័យ​ដែល​នាំ​ឲ្យ​ភាគី​ទាំងពីរ​មើលទៅ​ក្រោយ​វិញ​ឡើយ​។ លោក ស៊ី ទទួលស្គាល់ថា ចិន​និង​អឺរ៉ុប​ពិត​ជាមាន​ភាពខុសគ្នា ហើយ​ប្រកួតប្រជែង​គ្នា​មែន តែ​វា​ជាការ​ប្រកួត​បែប​វិជ្ជមាន​។​
 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ស៊ី ពេលនេះ គ្របដណ្ដប់​ដោយ​ការបារម្ភ​របស់​អឺរ៉ុប​លើ​ការវិនិយោគ​របស់​ចិន​នៅក្នុង​តំបន់​ដ៏​ធំ​នេះ ពិសេស​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​តែម្ដង​។ ប៉ុន្តែ​លោក​ប្រធានាធិបតី​ចិន បាន​ប្រាប់​សម​ភាគី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​, អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ ថា សម្រាប់​ចិន និង​អឺរ៉ុប កិច្ចសហប្រតិបត្តិការ​ជា​រឿង​សំខាន់ ហើយ​អញ្ជើញ​រដ្ឋ​អឺរ៉ុប​ឲ្យ​ចូលរួម​ជាមួយ​គម្រោង​នេះ​ទៀតផង​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា មេដឹកនាំ​អឺរ៉ុប​ស្នើ​ឲ្យ​ចិន​កែប្រែ​ឥរិយាបថ​រកស៊ី​របស់​ខ្លួន​ដូចដែល​អឺរ៉ុប​ធ្វើ​ដាក់​ក្រុមហ៊ុន​ចិន និង​គោរព​គេឯង​។ លោក ម៉ា​ក្រុង និយាយថា អឺរ៉ុប​គោរព​ចិន ឯ​ចិន​ត្រូវគោរព​គំនិត​រួបរួមគ្នា​របស់​អឺរ៉ុប​វិញ​ដែរ​។ ចំណែក​លោកស្រី មឺ​ហ្គែ​ល ដែលមាន​បំណង​ចូលរួម​ក្នុង​គម្រោង​ផ្លូវ​សូត្រ​របស់​ចិន​នោះ ចង់ឃើញ​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និង​ចិន​មាន​ចលនា​ទៅមក ដែល​ចរន្ត​នេះ​មិនទាន់មាន​ខ្លាំង​នៅឡើយ​ទេ​។ 
 
​នៅ​ដើមខែ​នេះ អឺរ៉ុប​ហៅ​ចិន​ជា​គូប្រជែង​យុទ្ធសាស្ត្រ​ក្នុង​សៀវភៅ​គោលនយោបាយ​របស់ខ្លួន​។ លោក ចាំង​គើ ទទួលស្គាល់ថា ពាក្យ​នេះ​ធ្វើ​ឲ្យ​ចិន​សង្កៀរត្រចៀក ប៉ុន្តែ​វា​គ្រាន់តែ​ជា​ពាក្យ​សរសើរ​ប៉ុណ្ណោះ​។ យ៉ាងណា ប្រធាន​គណៈកម្មការ​អឺរ៉ុបរ​រូបនេះ​ចង់ឃើញ​ការផ្លាស់ប្ដូរ​រវាង​ភាគី​ទាំងពីរ​មាន​តុល្យភាព​។ លោក​អះអាងថា ក្រុមហ៊ុន​អឺរ៉ុប​ត្រូវតែ​ទទួលបាន​ការបើកចំហ​ដូចដែល​ក្រុមហ៊ុន​ចិន​ទទួលបាន​នៅ​អឺរ៉ុប​ដូច្នោះ​ដែរ​៕

Tag:
 ចិន​
  អឺរ៉ុប​
 ​បារាំង​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com