កីឡាជាតិ
ជាតិ
លោក Felix អះអាងថា បាល់ទាត់​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ទៅរក​ភាព​រីកចម្រើន​
27, Mar 2019 , 10:39 pm        
រូបភាព
លោក keisuke Honda, លោក Felix Dalmas និងលោក ឈូក ពិសិដ្ឋ (រាប់ពីឆ្វេងមកស្តាំ), រូបភាពពី FFC
លោក keisuke Honda, លោក Felix Dalmas និងលោក ឈូក ពិសិដ្ឋ (រាប់ពីឆ្វេងមកស្តាំ), រូបភាពពី FFC
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​បានបញ្ចប់​បេសកកម្ម​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ AFC U23 Championship 2020 ដោយ​ឈរ​លេខ​រៀង​ទី​៣​ក្នុង​ពូ​ល H ដែលមាន​៤​ក្រុម​ចូលរួម​។ ទោះបី​មិនអាច​ដឹកនាំ​ក្រុម​កម្ពុជា​ឈានទៅ​វគ្គ​បន្ត គ្រូបង្វឹក U23 កម្ពុជា​អះអាងថា កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ឆ្ពោះទៅរក​ភាព​រីកចម្រើន​។ គ្រូបង្វឹក​រូបនេះ ចាត់ទុក​ការចង់​ឲ្យ​កីឡាករ​មាន​ទម្រង់​លេង​ផ្ទាល់ខ្លួន​ល្អ តាម​អ្វីដែល​ចង់បាន គឺ​វា​ទាមទារ​ពេលវេលា ឆន្ទៈ និង​ការតាំង​ចិត្ត​របស់​កីឡាករ​។

 
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​លោក Felix Dalmas ហាក់​មាន​សុទិដ្ឋិនិយម​លើ​អ្វី ដែល​លោក និង​លោក Keisuke Honda រួមជាមួយ​ក្រុមការងា​រ​កំពុង​ធ្វើ​។ លោក​ជឿជាក់ថា ផ្លូវ​ដែល​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​កំពុង​ដើរ ជា​ផ្លូវ​ដ៏​ត្រឹមត្រូវ​ឆ្ពោះទៅរក​ភាព​រីកចម្រើន​។ ខណៈ​បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​កម្ពុជា​មានកា​រ​រីកចម្រើន​ទាំង​ទម្រង់​លេង និង​បច្ចេកទេស​។ នេះ​ជា​អ្វីដែល​លោក Felix បាន​សង្កេតឃើញ​។​
 
«​ទម្រង់​លេង​ផ្ទាល់ខ្លួន​ដែល​យើង​ចង់​លេង គឺ​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ វា​តម្រូវ​ឲ្យ​មានការ​ជឿជាក់ ឆន្ទៈ ការតាំង​ចិត្ត និង​ពេលវេលា​។ ហើយ​យើង​ជឿជាក់ថា ផ្លូវ​ដែល​យើង​កំពុង​ដើរ គឺ​ត្រូវ​ត្រូវ​ឆ្ពោះទៅរក​ភាព​រីកចម្រើន​»​។ ការលើកឡើង​បែបនេះ​របស់លោក Felix ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ U23 កម្ពុជា​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ឆាយ​នី​ស​តៃប៉ិ​។ 
 
​ក្រុម U23 កម្ពុជា​បានបញ្ចប់​បេសកកម្ម​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ AFC U23 Championship 2020 ដោយ​ឈរ​លេខ​រៀង​ទី​៣​ក្នុង​ពូ​ល H ក្រោយ​ចាញ់​អូស្ត្រាលី ៦-០, ចាញ់​កូរ៉េខាងត្បូង ៦-១ និង​ស្មើ ១-១ ជាមួយ​ឆាយ​នី​ស​តៃប៉ិ​។ ខណៈ​ក្រុម​កូរ៉េខាងត្បូង​ដែល​ឈរ​កំពូល​តារាង​មាន​៧​ពិន្ទុ និង​អូស្ត្រាលី​ឈរ​លេខ​រៀង​បន្ទាប់​មាន​៧​ពិន្ទុ​ដូចគ្នា ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​តំណាង​ឲ្យ​ពូ​ល H ដែលមាន​ឆាយ​នី​ស​តៃប៉ិ​ឈរ​បាត​តារាង​។ 
 
​ព្រឹត្តិការណ៍ AFC U23 Championship 2020 ក៏បាន​បញ្ចប់​បេសកកម្ម​វគ្គ​ជម្រុះ​ដំណាក់កាល​ដំបូង​របស់ខ្លួន​ផងដែរ ក្នុងនោះ​ក្រុម​ចំនួន​១៨​រួមមាន​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២​ថៃ​, វៀតណាម​, ចិន​, ជប៉ុន​, កូរ៉េខាងត្បូង​, កូរ៉េខាងជើង​, អូស្ត្រាលី​, អ៊ូ​ស​បេ​គី​ស្ថាន​, ហ្ស៊​កដា​នី​, ស៊ី​រី​, អេ​មី​រ៉េត​អារ៉ាប់​រួម​, អារ៉ាប់​ប៊ី​សា​អូឌីត​, អ៊ីរ៉ាក់​, អ៊ីរ៉ង់​, ប៉ា​រ៉ែ​ន និង​កាតា​៕   
 

Tag:
 បាល់ទាត់​
  Felix Dalmas
  AFC U23 Championship 2020
© រក្សាសិទ្ធិដោយ thmeythmey.com