អន្តរជាតិ
នាយករដ្ឋមន្ត្រី ម៉េ​យ៍ សន្យា​លាលែង​ពី​តំណែង បើ​សភា​យល់ព្រម​លើ​កិច្ចព្រមព្រៀង Brexit
28, Mar 2019 , 7:39 pm        
រូបភាព
​សន្លឹក​បៀរ​ចុងក្រោយ​! លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ នៅ​ថ្ងៃទី​២៧ ខែមីនា បាន​សន្យា​លាលែង​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី បើ​សមាជិកសភា​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​លោកស្រី​។ កន្លងមក សភា​បាន​បោះឆ្នោត​ប្រឆាំង​ពីរដង​ហើយ​លើ​កិច្ចព្រមព្រៀង​ដែល​លោកស្រី ម៉េ​យ៍ ប្រឹង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​។ មិនមែន​ត្រឹម​កិច្ចព្រមព្រៀង​របស់លោក​ស្រី ម៉េ​យ៍ ឡើយ សូម្បីតែ​សំណើ​លើកឡើង​ដោយ​សមាជិកសភា​អង់គ្លេស​ខ្លួនឯង ក៏​មិនអាច​ឆ្លង​ផុត​ដែរ​។​

 
​ទំនងជា​យុទ្ធសាស្ត្រ​ចុងក្រោយ​របស់ខ្លួន លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ បាន​ប្រាប់​សមាជិកសភា​បក្ស​អភិរក្ស​របស់លោក​ស្រី​ថា លោកស្រី​សុខចិត្ត​ចុះ​ចេញពី​តំណែង​ឲ្យ​តែ​សភា​ផ្ដល់​ភ្លើង​ខៀវ​ដល់​កិច្ចព្រមព្រៀង​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​។ ជំហរ​របស់​លោកស្រី ម៉េ​យ៍ បែបនេះ ជា​រឿង​មិន​ធ្លាប់​លើកឡើង​សោះឡើយ ហើយ​វា​ក៏​អាច​បង្កើតជា​បញ្ហា​ផង ព្រោះ​អង់គ្លេស​អាច​បាត់​បង់កា​រ​គ្រប់គ្រង​លើ​ដំណើរការ​ចាកចេញ​ទៀតផង​។​
 
​ក្នុង​កិច្ចប្រជុំ​ជាមួយ​សភា​បក្ស​កាន់អំណាច លោកស្រី ម៉េ​យ៍ និយាយថា លោកស្រី​ដឹង​ពី​តម្រូវការ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី និង​យុទ្ធសាស្ត្រ​ថ្មី​ក្នុងដំណាក់កាល​ទី​ពី​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប ហើយ​លោកស្រី​នឹងមិន​ឈរ​ពាំង​ផ្លូវ​ឡើយ​។ លោកស្រី​ក៏​លើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​សម្រេច​ឲ្យ​កិច្ចព្រមព្រៀង​ដែល​ទទួលយកបាន​សម្រាប់​អង់គ្លេស និង​អនុវត្ត​ការចាកចេញ​ដោយ​ឲ្យ​បាន​ត្រឹមត្រូវ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​តាមពិតទៅ អង់គ្លេស​ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ផ្លូវការ​នៅ​ថ្ងៃទី​២៩ ខែមីនា ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​មិនអាច​ឆ្លង​ដំណាក់កាល​សភា​រួចហើយ​។ រដ្ឋសភា​អង់គ្លេស បាន​បោះឆ្នោត​ប្រឆាំង​លើ​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប​ដោយ​សំឡេង​ភាគច្រើន​ពីរដង​ជាច្រើន​។ ការបោះឆ្នោត​លើក​ទី​បី នឹងធ្វើ​ឡើង​ក្នុង​សប្ដាហ៍​នេះ ក្រោយពី​លោកស្រី ម៉េ​យ៍ ទទួលបាន​ការយល់ព្រម​ចាក​ចេញពី​សហភាព​អឺរ៉ុប​រួចមក​។​
 
​ក្នុងករណី សភា​ឯកភាព​លើ​កិច្ចព្រមព្រៀង​លែងលះ​នេះ ការចាកចេញ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២២ ខែឧសភា​។ ប៉ុន្តែ​បើ​កិច្ចព្រមព្រៀង​នៅតែ​មិនអាច​ឆ្លង​ផុត​សភា​បាន​ទៀត អង់គ្លេស​នឹងត្រូវ​ចាកចេញ​នៅ​ថ្ងៃទី​១២ ខែមេសា ហើយ​លោកស្រី ម៉េ​យ៍ ត្រូវ​ពន្យល់​អឺរ៉ុប​ពី​ជំហាន​បន្ទាប់​។ យ៉ាងណាមិញ លោកស្រី មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា ការសន្យា​លាលែង​ពី​តំណែង​នឹង​អនុវត្ត​ក្នុង​លក្ខខណ្ឌ​ទី​ពីរ​នេះដែរ​ឬ​យ៉ាងណា​ឡើយ​។​
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ នៅពេល​ទាត់ចោល​កិច្ចព្រមព្រៀង​របស់​រដ្ឋា​ភិ​បាល​នោះ សមាជិក​រដ្ឋសភា​អង់គ្លេស​ក៏​នាំគ្នា​ស្នើ​សេចក្ដីព្រាង​កិច្ចព្រមព្រៀង​ថ្មី​ជំនួស​វិញ ប៉ុន្តែ​សុទ្ធតែ​មិនបាន​ផល​អ្វី​។ នៅ​ថ្ងៃទី​២៧ ខែមីនា សំណើ​ចំនួន​៨ ត្រូវបាន​លើកឡើង​រួមមាន​ការចរចា​ដើម្បី​ឲ្យ​រក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច​ជិតស្និទ្ធ​ជាមួយ​អឺរ៉ុប ការបញ្ឈប់​ការចាកចេញ តែ​ត្រូវបាន​បោះឆ្នោត​ប្រឆាំង​ទាំងអស់​។ លោក Stephen Barclay រដ្ឋមន្ត្រី​ទទួលបន្ទុក​ការចរចា​ហៅ​លទ្ធផល​នេះ​ថា ជា​ភស្តុតាង​បង្ហាញ​ពី​ភាពល្អ​នៃ​កិច្ចព្រមព្រៀង​រដ្ឋាភិបាល​៕ 

Tag:
 Brexit
  អឺរ៉ុប​
  ថេ​រ៉េ​សា ម៉េ​យ៍​
© រក្សាសិទ្ធិដោយ thmeythmey.com