កីឡាជាតិ
ជាតិ
Keisuke Honda ត្រឡប់​ទៅ​មែ​ល​ប៊​ន​វិល ក្រោយ​ចំណាយពេល​៩​ថ្ងៃ​ជាមួយ U23 កម្ពុជា​
28, Mar 2019 , 8:19 pm        
រូបភាព
លោក Keisuke Honda អង្គយអានសៀវភៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(រូបក្នុងរង្វង់) និងពេលដឹកនាំក្រុម U23 កម្ពុជា
លោក Keisuke Honda អង្គយអានសៀវភៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(រូបក្នុងរង្វង់) និងពេលដឹកនាំក្រុម U23 កម្ពុជា
ដោយ:
​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda ក្រោយ​បញ្ចប់​បេសកកម្ម​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា បាន​ត្រឡប់​ទៅ​ជួយ​ក្រុម Melbourne Victory ក្នុង​ក្របខណ្ឌ​កំពូល​អូស្ត្រាលី​វិញ​ហើយ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​។

 
​ក្រោយ​ចប់​បេសកកម្ម​ដឹក​នា​ក្រុម U23 កម្ពុជា សម្រាប់​ជំនួប​វគ្គ​ជម្រុះ AFC U23 Championship 2020 អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda បាន​ត្រឡប់​ទៅ​ប្រទេស​អូស្ត្រាលី កាលពី​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩​។ Honda ត្រឡប់​ទៅកាន់​ប្រទេស​អូស្ត្រាលី​ជាមួយ​អារម្មណ៍​មិនសូវ​សប្បាយចិត្ត ក្រោយ​មិនអាច​ដឹកនាំ​ក្រុម U23 កម្ពុជា​ឈានទៅ​វគ្គ​បន្ត​តាម​មហិច្ឆតា​របស់ខ្លួន ដែល​ចង់​ឲ្យ​កម្ពុ​ជាមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ឆ្នាំ​២០២០​។​
 
​ទោះបី​យ៉ាងនេះ​ក្តី ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ក្រោម​ការដឹកនាំ​រួមគ្នា​រវាង លោក Honda និង​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Felix Dalmas បានបង្ហាញ​សមត្ថភាព និង​ទម្រង់​លេង​គួរ​ឲ្យ​ចាប់អារម្មណ៍ តាមរយៈ​ការបង្កើត​ឱកាស និង​សម្រេច​ទី​លើ​គូប្រកួត​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ទោះបី​កម្ពុជា​ទទួលបាន​លទ្ធផល​មិនល្អ តែ​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​មិន​ត្រឹមតែ​មិន​ស្តីបន្ទោស​ប៉ុណ្ណោះ​ទេ ថែមទាំង​សរសើរ​ក្រុម​កីឡាករ​កម្ពុជា​ទៀតផង​។ 
 
U23 កម្ពុជា ស្ថិតក្នុង​ចំណោម​ក្រុម​ទាំង​២៨​ក្នុង​តំបន់​អាស៊ាន និង​អាស៊ី ដែល​បាន​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍​នេះ ក្រោយ​ពួកគេ​ចាញ់​អូស្ត្រាលី ៦-០ ចាញ់​កូរ៉េខាងត្បូង ៦-១ និង​ស្មើ ១-១ ជាមួយ​ឆាយ​នី​ស​តៃប៉ិ​។ U23 វៀតណាម​ជា​ក្រុម អាស៊ាន​តែមួយគត់ បាន​ចាប់ដៃ​ជាមួយ​ថៃ ដែល​ទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ឡើងទៅ​វគ្គ​ជម្រុះ​បន្ទាប់​ជាមួយ​ក្រុម​ក្នុង​តំបន់​អាស៊ី​១៤​ផ្សេងទៀត​។ សម្រាប់​វគ្គ​ជម្រុះ​លើក​ទី​២​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​៨-២៦ ខែមករា ឆ្នាំ​២០២០ នៅ​ថៃ​។​
 
​ពីរ​ថ្ងៃ​បន្ទាប់​ក្រោយ​ត្រឡប់​ទៅដល់​អូស្ត្រាលី ខ្សែបម្រើ​ប្រយុទ្ធ Keisuke Honda ត្រូវ​ជួយ​ក្រុម Melbourne Victory ប្រកួត​តទល់​ជាមួយ​ក្រុម Perth Gory ក្នុង​ពានរង្វាន់​ក្របខណ្ឌ​កំពូល​អូស្ត្រាលី នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន Nib Stadium​។ 
 
​គួររំលឹកថា លោក Keisuke Honda បាន​មកដល់​កម្ពុ​ជាកា​លពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​ដឹកនាំ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​ប្រជែង​ជាមួយ​ក្រុម​អូស្ត្រាលី កូរ៉េខាងត្បូង និង​ឆាយ​នី​ស​តៃប៉ិ សម្រាប់​ជំនួប​វគ្គ​ជម្រុះ AFC U23 Championship ចន្លោះ​ពីថ្ងៃ​ទី​២២-២៦ ខែមីនា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ពូ​ល H៕ 
 

Tag:
 បាល់ទាត់​
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com