ជាតិ
ក្រុមហ៊ុន​ជប៉ុន បានផ្ដល់​ថវិកា​ជិត​១៣​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​សហគមន៍​រងគ្រោះ ដោយសារ​គ្រាប់មីន​
29, Mar 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន Kumatsu ជប៉ុន បានផ្ដល់​ថវិកា ១២៩,០៨០​ដុល្លារ សម្រាប់​ជួយ​គាំទ្រ​គម្រោង​សហគមន៍​រងគ្រោះ​ដោយសារ​គ្រាប់មីន នៅ​កម្ពុជា តាមរយៈ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង CMAC និង អង្គការ​JMAS កាលពី​ថ្ងៃទី​២៧ មីនា​។​

 
​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា បាន​បញ្ជាក់ថា គម្រោង​ដែលមាន​ទឹកប្រាក់​ជិត​១៣​ម៉ឺន​ដុល្លារ​នេះ ត្រូវអនុវត្ត​នៅ​ស្រុក​ចំនួន​២ គឺ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​ស្រុក​បាណន់ ខេត្តបាត់ដំបង ដែលមាន​រយ​:​ពេល​ពេល​១​ឆ្នាំ គឺ​ចាប់​ពីថ្ងៃ​០១ មេសា ២០១៩ ដល់ ៣១ មីនា ២០២០​។​
 
​ក្រៅពី​គំរោង​នេះ ក្រុមហ៊ុន​Kumatsu ជប៉ុន ក៏​ធ្លាប់បាន​ជួយ​កសាង​សាលារៀន​នៅ​ទីជនបទ​ចំនួន​០៩​ខ្នង ស្រះ​ខ្នាត​ធំ​ចំនួន​៥២ និង​ផ្ល​វ​ជនបទ​មួយចំនួន​ផងដែរ​។​
 
 
​គិតពី​ឆ្នាំ​១៩៩២ ដល់​ខែតុលា ឆ្នាំ​២០១៧ CMAC បាន​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ផ្ទៃដី​សរុប​ប្រមាណ ១៦៧.០០០​ហិកតា ដោយ​ក្នុងនោះ​រួមមាន គ្រាប់មីន​ប្រឆាំង​មនុស្ស ១,៧៧៩,០៤៦​គ្រាប់ មីន​ប្រឆាំង​រង​ក្រោះ ៦០,៨២៤​គ្រាប់ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ៦,២៥៧,១០២ គ្រាប់ និង​អំបែង ៧៤១,៧១៥,៤៩១ គ្រាប់​។ ចំណែក​ទិន្នន័យ​ជនរងគ្រោះ គិត​ចាប់ពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ​២០១៧ សរុប​ទាំងអស់​មាន ៦៤,៧០៥​នាក់ ក្នុងនោះ​គ្រោះថ្នាក់​ដោយសារ​មីន​ចំនួន ៥១,០៥៦​នាក់ និង​គ្រាប់ ៦៤,៩១៣​នាក់​។ នេះ​បើតាម​របាយការណ៍ CMAC​។​
 
​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​របស់​រាជរដ្ឋាភិបាល ឆ្នាំ​២០១៨-២០២៥ កម្ពុជា​គ្រោង​សម្រេច​គោលដៅ​មួយចំនួន​រួមមាន ត្រូវ​ដោះ​ផ្ទៃដី​ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយ​គ្រាប់មីន និង​គ្រាប់បែក​ចង្កោម ឲ្យ​អស់​ក្នុង​ឆ្នាំ ២០២៥៕

Tag:
 ជប៉ុន​
  CMAC
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com