អន្តរជាតិ
លោក ត្រាំ ប្រាប់រុស្ស៊ីដកទ័ពចេញពីវេណេស៊ុយអេឡា តែរុស្ស៊ីតបវិញថា ចុះស៊ីរី?
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទាមទារឲ្យរុស្ស៊ីដកទ័ពខ្លួនចេញពីវេណេស៊ុយអេឡា និងព្រមានទៀតថា «មធ្យោបាយគ្រប់បែបយ៉ាង » នឹងត្រូវដាក់លើតុដើម្បីដោះស្រាយវិបត្តិនៅរដ្ឋនៅតំបន់អាមេរិកមួយនេះ។ ការព្រមាននេះ ធ្វើឡើងក្រោយពីយន្តហោះយោធារុស្ស៊ីពីរគ្រឿង បានចុះចតនៅក្បែររដ្ឋធានីការ៉ាកាស់ កាលពីចុងសប្តាហ៍មុន។ ជាការឆ្លើយតប ក្រុងមូស្គូបានចោទសួរពីជំហររបស់អាមេរិកក្នុងការដកទ័ពចេញពីទឹកដីស៊ីរី។
«រុស្ស៊ី ត្រូវតែចាកចេញ»។ នេះជាសម្តីរបស់លោកដូណាល់ ត្រាំ និយាយនៅសេតវិមានអាមេរិក ចំពោះមុខលោកស្រី Fabiana Rosales ភរិយាមេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ័ន ក្វៃដូ ។ លោក ក្វៃដូ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាង៥០ផ្សេងទៀតជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ដោយជំនួសឲ្យលោក នីកូឡាស់ ម៉ាឌុយរ៉ូ ដែលមានរុស្ស៊ីជាបង្គោលសំខាន់។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ នៅថ្ងៃពុធទី ២៧ ខែមីនា បាននិយាយថា បច្ចុប្បន្ននេះ ប្រជាជនវេណេស៊ុយអេឡា កំពុងទទួលរងនូវសម្ពោធយ៉ាងខ្លាំង។ ពួកគេគ្មានលុយ, គ្មានប្រេង, គ្មានចរន្តអគ្គិសនី និងគ្មានអ្វីទាំងអស់។ លោកមិនចង់ឃើញក្រុមយោធាដាក់សម្ពោធបន្ថែមលើប្រជាជនវេណេស៊ុយអេឡាទៀតទេ។ មធ្យោបាយគ្រប់បែបយ៉ាង នឹងត្រូវអនុវត្តដើម្បីបង្ខំឲ្យទ័ពរុស្ស៊ីដកចេញពីទឹកដីរដ្ឋក្នុងតំបន់អាមេរីកឡាទីននេះ។
ជាការឆ្លើយតបនឹងសម្ដីប្រធានាធិបតីអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ច្រានចោលការទាមទាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយវាយបកទៅវិញថា ហេតុអ្វីកងទ័ពអាមេរិកនៅតែបន្តឈរជើងក្នុងទឹកដីស៊ីរី។
«លោកត្រាំ ធ្លាប់បានអះអាងថា សហរដ្ឋអាមេរិកនឹងដកទ័ពចេញពីទឹកដីស៊ីរីតាំងពីមួយខែមុនមកម្ល៉េះ»។ នេះបើតាមការលើកឡើងរបស់លោកស្រី Maria ដោយបន្ថែមទៀតថា មុននឹងចង់សម្រេចជោគវាសនាឲ្យប្រទេសដទៃ ក្រុងវ៉ាស៊ីនតោនគួរបំពេញតាមការសន្យាដែលខ្លួនបានធ្វើឡើងទៅកាន់សមាគមអន្តរជាតិជាមុនសិន។
សូមបញ្ជាក់ថា រុស្ស៊ី ដែលបន្តទទួលគាំទ្ររបប ម៉ាឌុយរ៉ូ និងនៅតែទទួលស្គាល់លោកជាមេដឹកនាំវេណេស៊ុយអេឡាស្របច្បាប់នោះ បានបញ្ជូនយន្តហោះពីរគ្រឿងដែលដឹកទាហាន១០០នាក់ និងសម្ភាៈយោធាជាច្រើនទៅកាន់ប្រទេសនេះ កាលពីថ្ងៃសោរ៍កន្លងទៅ។ ការបញ្ជូននេះ ត្រូវគេចាត់ទុកជា សារព្រមានមួយទៅដល់ទីក្រុងវ៉ាស៊ីនតោន ដែលឆ្លុះបញ្ចាំងពីឆន្ទះរបស់ក្រុងមូស្គូក្នុងការគាំទ្រ និងរក្សារបបលោក ម៉ាឌុយរ៉ូ មិនឲ្យដួលរំលំ៕
Tag:
សហរដ្ឋអាមេរិក
វេណេស៊ុយអេឡា
រុស្ស៊ី
ដូណាល់ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com