អន្តរជាតិ
អាមេរិក​សោកស្តាយ ក្រោយ​អ៊ីតាលី​ចូលរួម​ក្នុង​គម្រោង​ផ្លូវ​សូត្រ​ថ្មី​របស់​ចិន​
29, Mar 2019 , 8:39 am        
រូបភាព
លោករដ្ឋមន្ត្រីការបរទេស Mike Pompeo (រូបថត៖ AFP)
លោករដ្ឋមន្ត្រីការបរទេស Mike Pompeo (រូបថត៖ AFP)
ដោយ:
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានបង្ហាញ​ការខកចិត្ត ក្រោយ​អ៊ីតាលី​បានសម្រេច​ចិត្ត​ចូលរួម​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​របស់​ចិន ដែល​ត្រូវ​ស្គាល់​ថា «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​វិថី​» ។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ លើកឡើងថា អ្នក​ដែល​ខាតបង់​ធំ​បំផុត​ក្នុងការ​សម្រេចចិត្ត​នេះ គឺជា​ប្រជាជន​អ៊ីតាលី​។

 
​អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុងប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី​២៣ ខែមីនា រដ្ឋាភិបាល​ទីក្រុង​រ៉ូម បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​មួយ​ជាមួយ​ភាគី​ចិន ដើម្បី​ចូលរួម​ក្នុង «​គម្រោង​ផ្លូវ​សូត្រ​ថ្មី​» ។ ជាមួយ​កិច្ចព្រមព្រៀង​នេះ អ៊ីតាលី ក្លាយជា​ប្រជាជាតិ​ទីមួយ​ក្នុងចំណោម​ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ (G7) ដែល​គាំទ្រ​ជា​ផ្លូវការ​នូវ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្ទង់រយ​ពាន់​លាន​ដុល្លារ​របស់​ចិន​។ 
 
​ថ្លែង​ចំពោះមុខ​គណៈកម្មាធិការ​កិច្ចការបរទេស​ព្រឹទ្ធសភា​អាមេរិក នៅ​ថ្ងៃទី​២៧ ខែមីនា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​គូសបញ្ជាក់ថា វា​ជា​រឿង​សោកស្តាយ​បំផុត​កាលណា ដែល​ប្រទេស​ណាមួយ​ផ្សាភ្ជាប់​ទំនាក់ទំនង និង​បង្កើត​សកម្មភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ដែល​ពុំមាន​ភាពស្មោះត្រង់​។ ប្រមុខ​ការទូត​អាមេរិក​បន្តថា​៖«​យើង​ខកចិត្ត​ព្រោះ​យើង​គិតថា ប្រជាជន​ដែល​រស់នៅក្នុង​បណ្តា​ប្រទេស​ទាំងនោះ គឺជា​អ្នកខាតបង់​ធំ​បំផុត​»​។ 
 
​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​វិថី ឬ​ហៅ​កាត់​ថា BRI មាន​គោលបំណង​ស្នូល​ក្នុង​ការកសាង​ចំណង​សេដ្ឋកិច្ច និង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ តាមរយៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំដៅ​បង្កើត​ការតភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប ឆ្លង​ទៅដល់​អាហ្វ្រិក​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចាត់ទុក​គម្រោង​នេះ​ជា «​ស្ថានភាព​ឈ្នះ​-​ឈ្នះ​»​។ ហើយ​គិត​ចាប់ពី​ឆ្នាំ​២០១៣ មកដល់​ពេលបច្ចុប្បន្ន​នេះ គំនិត​ផ្តួចផ្តើម​នេះ​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ច្រើនជាង ៦៥ មាន​ទាំង​អាស៊ី​, អាហ្វ្រិក និង​អឺរ៉ុប​ផងដែរ​។​
 
​យ៉ាងណាមិញ ទាក់ទិន​នឹង​គម្រោង​ដ៏​មហិមា​របស់​ក្រុង​ប៉េកាំង​ក្រោម​អាណត្តិ​លោក ស៊ី ជិន​ភីង នេះ លោក ប៉ុ​ម​ប៉េ​អូ យល់ឃើញថា ចិន​កំពុង​អនុវត្ត «​គោលនយោបាយ​អន្ទាក់​បំ​ណុល​» ដោយ​ប្រើប្រាស់​សហគ្រាស និង​ក្រុមហ៊ុន​រដ្ឋ​របស់ខ្លួន ក្នុង​គោលដៅ​សម្លឹង​រក​ផលប្រយោជន៍​ខ្លួន​តែមួយ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ៕​
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  អ៊ីតាលី​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com