ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល កែទម្រង់សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ ដើម្បី​អាច​រស់​ខ្លួនឯង​និង​កុំ​ឲ្យ​បរទេស​ប្រមាថ​ទៀត​
28, Mar 2019 , 8:59 pm        
រូបភាព
នាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី
នាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី
ដោយ: ថ្មីៗ
​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ គេ នឹង​បានឮ​ការប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា ស្តីពី​ការធ្វើកំណែទម្រង់​ជា​កញ្ចប់​។ គោលដៅ​ដ៏​សំខាន់​នៃ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​និង​កំណែទម្រង់​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា មាន​ឯករាជ្យភាព ហើយ​អាច​រស់​ដោយ​ខ្លួនឯង ដោយ​លែង​ពឹង​ផ្អែកលើ​ប្រទេស​ដទៃ​។

   

 
​ការប្រឹងប្រែង​របស់រ​ដ្ឋា​ភិ​បាល ក្នុងការ​ពង្រឹង​សេដ្ឋកិច្ច​នេះ គឺ​កើតឡើង​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA របស់​សហភាព​អឺរ៉ុប និង ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋអាមេរិក​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្ពុជា មិនត្រូវ​បន្ត​ឲ្យ​សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក យកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងនេះ មក​ព្រមាន​ជា​ដដែលៗ ហើយ​បង្គាប់​ឲ្យ​ធ្វើ​នេះ​-​ធ្វើ​នោះ​ទៀតឡើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី បន្តថា កម្ពុជា ក៏​មិនមែន​គិតតែ​ពី​សុំ​ជំនួយ​ពី​បរទេស​ទាំងអស់​ដែរ​។​
 
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គរុ​សិស្ស​និង​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ ប្រមុខ​រដ្ឋាភិបាល បានប្រកាស​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ធ្វើ​នេះ គឺ​គិតតែ​ពី​កម្លាំង​ខ្លួនឯង ធ្វើ​ឲ្យ​ក្លាយទៅជា​ប្រទេស ដែលមាន​ការអភិវឌ្ឍ​មួយ ដោយ​មិន​ពឹងពាក់ [​គេ​] ដោយ​មិន​គិតថា​ខ្លួន មាន​ភាពអនុគ្រោះ​ពី​អ្នកណា​ទាំងអស់ ដើម្បី​កុំ​ឲ្យ​ប្រទេស​របស់​យើង ត្រូវ​ទទួលរង​ការប្រមាថ​....​។ [....] អាច​ថា ថ្ងៃ​សុក្រ គឺជា​ថ្ងៃ​ហត់នឿយ ដើម្បី​ឧទ្ទេសនាម អំពី​កំណែទម្រង់​ជា​កញ្ចប់ ដោយ​ក្នុងនោះ រាប់ទាំង​ថវិកា​ផងដែរ​ថា [​ត្រូវ​ត្រៀម​ប៉ុន្មាន​] ដើម្បី​ធ្វើ​អន្តរាគមន៍​»​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើង​ជាថ្មី​ថា មុន​និង​ក្រោយ​-​យូរ​និង​ឆាប់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គង់តែ​ត្រូវគេ​ដកចេញ​ទេ នៅពេល​សេដ្ឋកិច្ចកម្ពុជា ឈានដល់​កម្រិត​ល្អប្រសើរ​។ សម្តេចនាយក​រដ្ឋមន្ត្រី បង្ហាញ​ពី​ជំហរ​រឹងមាំ​ថា ទោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ត្រូវបាន​ដកចេញ​នាពេលខាងមុខ កម្ពុជា នៅតែមាន​ទំនាក់ទំនង​និង​រកស៊ី​ជាមួយ​បណ្តា​ប្រទេស​លើ​សាកលលោក​ដដែល​។ សម្តេចនាយក បញ្ជាក់ថា​៖«​គេ​បង់ពន្ធ​ឲ្យ​យើង យើង​បង់ពន្ធ​ឲ្យ​គេ តែ​ប៉ុណ្ណឹង​»​។ 
 
​មេដឹកនាំ​កម្ពុជា ប្រាប់​សាធារណជន​ថា ធុញទ្រាន់​នឹង​សហគមន៍​អន្តរជាតិ ដែល​តែង​យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​និង​ជំនួយ មក​ដាក់​សម្ពាធ​កម្ពុជា​។ មេដឹកនាំ​រូបនេះ ថ្លែងថា​៖«​ត្រូវ​រុញច្រាន​សេដ្ឋកិច្ច​របស់​យើង​ឲ្យ​មាន​កំណើន​។ [....] កុំ​ឲ្យ​គេ​និយាយ​តទៅ​ទៀតថា អញ​ឲ្យ​អានេះ  អ្នកឯង ត្រូវធ្វើ​តាម​អញ អ្នកឯង​មិន​ធ្វើតាម​អញ អញ​ដកចេញ​។ កុំ​ឲ្យ​គេ​ប្រើ​ភាសា​ហ្នឹង​តទៅទៀត​ជាមួយ​យើង អ៊ីចឹង​ទាល់តែ​យើង​ឯករាជ្យ [​ខាង​សេដ្ឋកិច្ច​]»​។​
 
​ប្រមុខ​រដ្ឋាភិបាល ឆ្លៀត​លើក​ពី​គុណសម្បត្តិ​របស់ខ្លួន​ថា កម្ពុជា នៅតែ​រស់​និង​បន្ត​ទៅមុខ ទោះជា​ត្រូវ​បរទេស​មួយចំនួន ធ្លាប់​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​និង​នយោបាយ នាពេល​កន្លង​ម​ក៏ដោយ​។ ប្រមុខ​រដ្ឋាភិបាល និ​យា​យា​ថា​៖«​ហ៊ុន សែន នឹង​បន្ត​ដឹកនាំ​សេដ្ឋកិច្ច​នេះ ឲ្យ​រស់​រវើក​»​។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កំណែទម្រង់​នេះ គឺជា​កំណែទម្រង់​ជា​កញ្ចប់​និង​មាន​លក្ខណៈ​ស៊ីជម្រៅ​។ ប៉ុន្តែ លោក ពុំទាន់​អាច​បំភ្លឺ​លម្អិត​ជាមុន​បានទេ​ថា កំណែទម្រង់​ដ៏​សំខាន់​នេះ ផ្តោតទៅលើ​អ្វី​និង​មាន​លក្ខណៈ​យ៉ាងដូចម្តេច ដោយ​លោក ប្រាប់​ឲ្យ​រង់ចាំ​មើល​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​តែម្តង​។ 
 
​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយ គឺ «​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ​»​។ ស្របពេល​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​អនុវត្ត​អភិក្រម​ទី​៥​ផងដែរ ដើម្បី​វះកាត់​មន្ត្រីរាជការ​។ ឈានចូល​ឆ្នាំ​២០១៩ មាន​មន្ត្រី​និង​កម្លាំងប្រដាប់អាវុធ​មួយចំនួន ត្រូវបាន​ដកចេញ​ពី​តំណែង ដោយសារ​ទង្វើ​មិន​គប្បី​របស់​ពួកគេ​។​
 
​លើសពីនេះ ប្រមុខ​រដ្ឋាភិបាល ថែមទាំង​លុបបំបាត់​ស្ថាប័ន​មួយចំនួន ដែល​យល់ថា​មិនសូវ​ចាំបាច់ ដើម្បី​ឲ្យ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានការ​អភិវឌ្ឍ​។ កាំសាប ត្រូវបាន​លុបចោល​ទាំងស្រុង ឯ កាំកុងត្រូល ត្រូវបាន​លុបចោល​នៅតាម​បណ្តា​ព្រំដែន​និង​តាម​កំពង់ផែ​។ 
 
​ចំណែក ការិយាល័យ​នានា ដែល​តំណាង​ឲ្យ​ក្រសួង​នៅតាម​ក្រុង​-​ស្រុក​-​ខណ្ឌ ត្រូវបាន​ដកចេញ ហើយ​បញ្ចូល​ទៅក្នុង​រចនាសម្ព័ន្ធ​រប​ស់​រដ្ឋបាល​ក្រុង​-​ស្រុក​-​ខណ្ឌ​វិញ​។ លើកលែងតែ​ការិយាល័យ​អប់រំ សុខាភិបាល និង​នគរូបនីយកម្ម​ប៉ុណ្ណោះ ដែល​ត្រូវ​រក្សាទុក​។  
 
​បច្ចុប្បន្ន កំណើន​សេ​ច្ឋ​កិច្ច​កម្ពុជា បាន​កើន​ឡើងដល់​៧,៥​ភាគរយ​។ រដ្ឋាភិបាល រំពឹងថា កម្ពុជា នឹង​ឈាន​ពី​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ បើតាម​ប្រមុខ​រដ្ឋាភិបាល បច្ចុប្បន្ន ភាពក្រីក្រ​នៅ​កម្ពុជា នៅសល់តែ​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ​៕ 

Tag:
 ហ៊ុន សែន​
  កំណែទម្រង់សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com