អន្តរជាតិ
កងទ័ព​ថៃ ប្រកាស​គោរព​តាម​រដ្ឋាភិបាល​ថ្មី ទោះ​នរណា​ធ្វើ​នាយករដ្ឋមន្ត្រី​ក៏ដោយ​
29, Mar 2019 , 10:13 am        
រូបភាព
ឆ្វេងទៅស្ដាំ៖ លោក Chaiyapruk Ditsayasarin មេទ័ពជើងអាកាស, លោក Apirat Kongsompong មេទ័ពជើងគោក, លោក Luechai Ruddit មេទ័ពជើងទឹក, លោក Chakthip Chaichinda មេប៉ូលិសជាតិ ឈរអមលោក Pornpipat Benyasri (មុខ)។ រូបភាព thainews.prd.go.th
ឆ្វេងទៅស្ដាំ៖ លោក Chaiyapruk Ditsayasarin មេទ័ពជើងអាកាស, លោក Apirat Kongsompong មេទ័ពជើងគោក, លោក Luechai Ruddit មេទ័ពជើងទឹក, លោក Chakthip Chaichinda មេប៉ូលិសជាតិ ឈរអមលោក Pornpipat Benyasri (មុខ)។ រូបភាព thainews.prd.go.th
​លទ្ធផល​មិន​ផ្លូវការ​នៃ​ការបោះឆ្នោត​នៅ​ថៃ​បង្ហាញថា បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​គាំទ្រ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា មាន​សំឡេង​ប្រទាញប្រទង់​ជាមួយ​បក្ស​ភឿ​ថៃ​ដែល​ស្និទ្ធ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ។ បក្ស​ទាំងពីរ​កំពុងតែ​ប្រមូល​កម្លាំង​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​។ ក្នុងស្ថានភាព​មិន​ដាច់ស្រេច​នេះ កម្លាំងប្រដាប់អាវុធ​ថៃ នៅ​ថ្ងៃទី​២៨ ខែមីនា ប្រកាសថា ខ្លួន​នឹង​គោរព​តាម​រដ្ឋាភិបាល​ថ្មី ទោះ​មកពី​បក្ស​ណាក៏ដោយ​។

 
​ស្រប​ពេលដែល​បក្សនយោបាយ​កំពុង​ញាប់ដៃ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​នោះ កងទ័ព​ថៃ​បាន​ចេញមក​ប្រកាស​ជំហរ​របស់ខ្លួន​ដែរ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ Pornpipat Benyasri អគ្គមេបញ្ជាការ​កងទ័ព​ថៃ និយាយថា យោធា​នឹង​ដើរ​តាម​រដ្ឋាភិបាល​ថ្មី ដោយ​មិន​ខ្វល់​ពី​និន្នាការ​ឡើយ ប៉ុន្តែ​ចង់ឃើញ​មនុស្ស​ល្អ​ដឹកនាំ​ប្រទេស​។ លោក​និយាយ​បែបនេះ ក្រោយ​ជំនួប​ជាមួយ​មេទ័ព​សំខាន់ៗ​របស់​ប្រទេស និង​ស្នងការ​ប៉ូលិស​ជាតិ​ថៃ​ផង​នៅឯ​ទីបញ្ជាការ​កងពល​ថ្មើរជើង​លេខ​១១ ក្នុង​ទីក្រុង​បាងកក​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៨ ខែមីនា ឧ​ត្ត​ម​សេនីយ៍ Pornpipat ដែល​ឈរ​អមដោយ​មេទ័ព​ជើងគោក ជើង​ទឹក ជើង​អាកាស និង​មេ​ប៉ូលិស​ជាតិ​ផង​នោះ បញ្ជាក់ថា កងទ័ព​គ្មាន​តួនាទី​អ្វី​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ឡើយ ព្រោះ​ជា​រឿង​របស់​អ្នកនយោបាយ​។ កងទ័ព​ថៃ​នឹង​បម្រើ​ការងារ​តាម​ការចង្អុលបង្ហាញរ​បស់​រដ្ឋាភិបាល​ថ្មី ហើយ​ការងារ​សំខាន់​របស់​កងទ័ព គឺ​ការពារ​អធិបតេយ្យ​ជាតិ រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុងប្រទេស​។​
 
​យ៉ាងណាមិញ មេទ័ព​រូបនេះ​អះអាងថា អ្វីដែល​កងទ័ព​បារម្ភ​នោះ គឺ​ការនាំយក​មនុស្ស​ល្អ​ដើម្បី​ដឹកនាំ​ប្រទេស​តាម​មាគ៌ា​របស់​អតីត​មហាក្សត្រ​ភូមិបុល អាឌុលយ៉ាដេត ។ ប៉ុន្តែ​លោក​មិនបាន​និយាយ​ឲ្យ​ច្បាស់​ទេ​ថា នរណា​ជាម​នុស្ស​ល្អ​ដែល​ត្រូវ​ដឹកនាំ​រដ្ឋាភិបាល​នោះ​។ 
 
​នៅពេល​ត្រូវបាន​អ្នកកាសែត​សួរថា បើ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ មិនអាច​បង្កើត​រដ្ឋាភិបាល​បាន​នោះ ឧ​ត្ត​ម​សេនីយ៍ Pornpipat ឆ្លើយ​វិញ​ថា កងទ័ព​ថៃ​អាចធ្វើ​ការ​ឲ្យ​គ្រប់​រដ្ឋាភិបាល​ទាំងអស់ មិន​អាស្រ័យ​លើ​នរណា​ជា​នាយករដ្ឋមន្ត្រី​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ថៃ The Nation ។​
 
​សូមបញ្ជាក់ថា ក្នុង​លទ្ធផល​មិន​ផ្លូវ​ការដែល​ប្រកាស​នៅ​ថ្ងៃទី​២៨ ខែមីនា បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​គាំទ្រ​លោក ប្រា​យុទ្ធ ធ្វើជា​នាយករដ្ឋមន្ត្រី មាន​សំឡេងគាំទ្រ​ច្រើនជាងគេ មាន​ចំនួន​ជាង​៨,៤​លាន​សំឡេង ខណៈ​បក្ស​ភឿ​ថៃ​ស្ថិតនៅ​លំដាប់​ទី​ពីរ គឺ​៧,៩​លាន​សំឡេង​។ ប៉ុន្តែ​បើ​គន់គូរ​ជា​កៅអី​សភា​វិញ បក្ស​ភឿ​ថៃ​ទទួលបាន​ច្រើនជាង​បក្ស​កម្លាំង​ប្រជារាស្ត្រ​។ ការណ៍​នេះ​ត្រូវបាន​បក្ស​ទាំងពីរ​យកទៅ​បកស្រាយ​ខុសគ្នា​ដើម្បី​ឈានទៅ​បង្កើត​រដ្ឋាភិបាល​។ 
 
​បក្ស​ភឿ​ថៃ បាន​ប្រមូល​កម្លាំង​បក្សនយោបាយ​ចំនួន​៧​រួចហើយ​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី ប៉ុន្តែ​នៅ​ខ្វះ​សំឡេង​ច្រើន​ទៀត​ដើម្បី​កាន់កាប់​តំណែង​នាយករដ្ឋមន្ត្រី​។ ឯ​បក្ស​កម្លាំង​ប្រជារាស្ត្រ​វិញ​ក៏​កំពុង​អន្ទង​បក្ស​ផ្សេងទៀត​ដែរ ប៉ុន្តែ​បក្ស​នេះ​មានលទ្ធភាព​ច្រើនជាង​គូប្រជែង​របស់ខ្លួន​ក្នុង​ការស្នើ​បេក្ខភាព​របស់ខ្លួន គឺ​លោក ប្រា​យុទ្ធ ឲ្យ​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី ព្រោះ​មានការ​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​ដែល​តែងតាំង​ដោយ​របប​យោធា​៕
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Pornpipat Benyasri
© រក្សាសិទ្ធិដោយ thmeythmey.com