ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ជឿថា លោក ប្រាយុទ្ធ នឹងបន្តធ្វើនាយករដ្ឋមន្រ្តីថៃ
29, Mar 2019 , 12:02 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន សន្និដ្ឋានថា លោក ប្រាយុទ្ធ ចន្ទអូចា នឹងបន្តធ្វើនាយករដ្ឋមន្ត្រីថៃ។ នាយករដ្ឋមន្ត្រីកម្ពុជា ឆ្លៀតលើកឡើងពីការបោះឆ្នោតនៅថៃ នៅក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន នាព្រឹកថ្ងៃទី២៩មីនានេះ។



ប្រមុខរដ្ឋាភិបាលកម្ពុជា និយាយយ៉ាងដូច្នេះថា៖«ជាការស្មានរបស់ខ្ញុំទេ ខ្ញុំមិនមែនលូកដៃចូលកិច្ចការបោះឆ្នោតរបស់ថៃទេ»។


សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន

សូមបញ្ជាក់ថា ថៃ បានរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។ 

ក្នុង​លទ្ធផល​មិន​ផ្លូវ​ការដែល​ប្រកាស​នៅ​ថ្ងៃទី​២៨ ខែមីនា បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​គាំទ្រ​លោក ប្រា​យុទ្ធ ធ្វើជា​នាយករដ្ឋមន្ត្រី មាន​សំឡេងគាំទ្រ​ច្រើនជាងគេ មាន​ចំនួន​ជាង​៨,៤​លាន​សំឡេង ខណៈ​បក្ស​ភឿ​ថៃ​ស្ថិតនៅ​លំដាប់​ទី​ពីរ គឺ​៧,៩​លាន​សំឡេង​។ ប៉ុន្តែ​បើ​គន់គូរ​ជា​កៅអី​សភា​វិញ បក្ស​ភឿ​ថៃ​ទទួលបាន​ច្រើនជាង​បក្ស​កម្លាំង​ប្រជារាស្ត្រ​។ ការណ៍​នេះ​ត្រូវបាន​បក្ស​ទាំងពីរ​យកទៅ​បកស្រាយ​ខុសគ្នា​ដើម្បី​ឈានទៅ​បង្កើត​រដ្ឋាភិបាល​។ ​

បក្ស​ភឿ​ថៃ បាន​ប្រមូល​កម្លាំង​បក្សនយោបាយ​ចំនួន​៧​រួចហើយ​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី ប៉ុន្តែ​នៅ​ខ្វះ​សំឡេង​ច្រើន​ទៀត​ដើម្បី​កាន់កាប់​តំណែង​នាយករដ្ឋមន្ត្រី​។ ឯ​បក្ស​កម្លាំង​ប្រជារាស្ត្រ​វិញ​ក៏​កំពុង​អន្ទង​បក្ស​ផ្សេងទៀត​ដែរ ប៉ុន្តែ​បក្ស​នេះ​មានលទ្ធភាព​ច្រើនជាង​គូប្រជែង​របស់ខ្លួន​ក្នុង​ការស្នើ​បេក្ខភាព​របស់ខ្លួន គឺ​លោក ប្រា​យុទ្ធ ឲ្យ​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី ព្រោះ​មានការ​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​ដែល​តែងតាំង​ដោយ​របប​យោធា​៕



© រក្សាសិទ្ធិដោយ thmeythmey.com