ជាតិ
សេដ្ឋកិច្ច
២ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរជាង១លាននាក់ ដែលភាគច្រើនជនជាតិចិន រូបភាពបានពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
× ភ្នំពេញ៖ ២ខែដំបូងឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរជាង១លាន ២៤ម៉ឺននាក់ ដែលកើនជិត១០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមភ្ញៀវទេសចរ១០ប្រទេសដែលមកលេងកម្សាន្តនៅកម្ពុជាច្រើនជាងគេ គឺ ជនជាតិចិនដែលមានជិត៤២ម៉ឺននាក់ កើនឡើងជិត ៣២ភាគរយ។ ក្រៅពីនេះជនជាតិវៀតណាមមានជាង១២,៤ម៉ឺននាក់, ឡាវមានជាង៨,៦ម៉ឺននាក់, កូរ៉េមានជិត៨,៩ម៉ឺននាក់, ថៃជាង៦,៩ម៉ឺននាក់, អាមេរិកមានជាង៥ម៉ឺននាក់, បារាំងជាង៤ម៉ឺននាក់, អង់គ្លេសមានជិត៤ម៉ឺននាក់, ជប៉ុនមានជិត៤ម៉ឺននាក់ និងម៉ាឡេស៊ីមានជាង៣ម៉ឺននាក់។
ឆ្នាំ២០១៩នេះ កម្ពុជាបានរំពឹងថានឹងទទួលបានភ្ញៀវទេសចរ៦.៦លាននាក់ និងជាង៧លាននាក់ក្នុងឆ្នាំ២០២០ ក្នុងនោះមានទេសចរចិន ៣លាននាក់។ ឆ្នាំ២០២៥ ទទួលបានភ្ញៀវទេសចរសរុប១១លាននាក់ ក្នុងនោះទេសចរចិនមាន៥លាននាក់ និងឆ្នាំ២០៣០ ទទួលទេសចរចិនបាន៨លាននាក់ ក្នុងចំនួនទេសចរសរុប ១៥លាននាក់។
សូមរម្លឹកថា កាលឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦,២លាននាក់ ដោយទទួលរកចំណូលបាន ៤,៣៥៦លានដុល្លារចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងនោះមានទេសចរចិនចំនួន១,៩លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com